អានតួអត្ថបទ
បង់ក្លាដែស

បង់ក្លាដែស៖រដ្ឋាភិបាល​ពង្រឹង​កម្លំាង​សន្តិសុខ បន្ទាប់​ពី​បាន​ព្យួរ ក មេ​ចលនា​អ៊ីស្លាម​ម្នាក់

តំាង​ពី​ថ្ងៃ​អាទិត្យ​មក​ដល់​ថ្ងៃ​ចន្ទ ទី១៣ មេសា​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​បង់ក្លាដែស​បាន​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ដាកា និង​តាម​ទីក្រុង​ធំៗ​មួយ​មួយ​ចំនួន​ទៀត​នៅ​ទូទំាង​ប្រទេស​ដោយ​បាន​ដាក់​ពង្រាយ​កម្លំាង​ប៉ូលិស​ជា​ច្រើន​រយនាក់។ វិធានការ​ពង្រឹង​សន្តិសុខ​ន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ប្រហារជីវិត​ប្រមុខ​ចលនា​អ៊ីស្លាម​ម្នាក់​ទៀត​ដោយ​ព្យួរ ក ឈ្មោះ​ម៉ូហាម៉ាត កាម៉ារុយហ្សាមែន។ ជន​កាម៉ារុយហ្សាមែន​ដែល​ជាប់ចោទ​ពី​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​ក្នុង​​សម័យ​ទាមទារ​ឯករាជ្យ​នា​ទសវត្ស​ឆ្នំា ៧១។

បង់ក្លាដែស៖រដ្ឋាភិបាល​ពង្រឹង​កម្លំាង​សន្តិសុខ បន្ទាប់​ពី​បាន​ព្យួរ ក មេ​ចលនា​អ៊ីស្លាម​ម្នាក់
បង់ក្លាដែស៖រដ្ឋាភិបាល​ពង្រឹង​កម្លំាង​សន្តិសុខ បន្ទាប់​ពី​បាន​ព្យួរ ក មេ​ចលនា​អ៊ីស្លាម​ម្នាក់ Photo AFP/Munir uz Zaman
ផ្សាយពាណិជ្ជកម្ម

គោលដៅ​នៃ​ការ​ដាក់​ពង្រាយ​កម្លំាង​ប៉ូលីស​ត្រូវ​បាន​អ្នកនំាពាក្យ​ប៉ូលីស​ពន្យល់​បក​ស្រាយ​ថា គឺ​ដើម្បី​ប្រឈម​ទប់​នឹង​ការ​ប៉ុនប៉ង​បង្ក​អានាធិបតេយ្យ ឬ​អំពើហិង្សា​គ្រប់​រូបភាព​កើត​ចេញ​ពី​ការ​ប្រមូលផ្តុំ​របស់​ក្រុមសកម្មជន​នៃ​ចលនាអ៊ីស្លាម Jamaat-e-Islami ដែល​មេកើយ​ម្នាក់​ទៀត​របស់​គេ​ឈ្មោះ​ម៉ូហាម៉ាត កាម៉ារុយហ្សាមែន​ទើប​ត្រូវ​បាន​ប្រហារជីវិត​ចោល​ដោយ​ព្យួរ ក។ សូម​រម្លឹក​ជូន​ថា មាន​អាយុ ៦២ឆ្នំា ជន​ម៉ូហាម៉ាត កាម៉ារុយហ្សាមែន​ត្រូវ​បាន​តុលាការ​អន្តរជាតិ​ស្តីពី​ឧក្រិដ្ឋកម្មសង្រ្គាម​​នៅ​បង់ក្លាដែស​កាត់​ទោស​ប្រហារ​ជីវិត​ក្នុង​ខែ​ឧសភា ឆ្នំា ២០១៣ ពី​បទ​សម្លាប់​រង្គាល ធ្វើ​ទារុណកម្ម និង​ការ​ចាប់​ជម្រិត​មនុស្ស​នៅ​ក្នុង​សម័យ​សង្រ្គាម​ទាមទារ​ឯករាជ្យ​កាល​ពី​ឆ្នំា ១៩៧១។ គួរ​បញ្ជាក់​ថា តុលាការ​អន្តរជាតិ​ស្តីពី​ឧក្រិដ្ឋកម្មសង្រ្គាម​នៅ​បង់ក្លាដែស គឺ​ជា​តុលាការ​ដែល​បាន​បង្កើត​ឡើង និង​ដាក់​ឈ្មោះ​ដោយ​រដ្ឋាភិបាល​បង់ក្លាដែស​ខ្លួន​ឯង​កាល​ពី​ឆ្នំា ២០១០។

បច្ចុប្បន្ន ចលនាអ៊ីស្លាម Jamaat-e-Islami គឺ​ជា​កម្លំាង​នយោបាយ​អ៊ីស្លាម​ដ៏​ធំ និង​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្សប្រឆំាង គឺ​គណបក្ស​ជាតិនិយម​បង់ក្លាដែស។ គណបក្ស​អ៊ីស្លាម Jamaat-e Islami និង​គណបក្ស​ជាតិនិយម​បង់ក្លាដែស​កំពុង​ព្យាយាម​រិះរក​មធ្យោបាយ​គ្រប់បែប​យ៉ាង​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​ឆេក ហាស៊ីណា។ ចលនាអ៊ីស្លាម Jamaat-e-Islami តែងតែ​បាន​ចោទ​រដ្ឋាភិបាល​ពី​បទ​យក​តុលាការ​ដែល​ខ្លួន​បាន​បង្កើត​ធ្វើ​ជា​ឧបករណ៍​ដើម្បី​បំបិទ​មាត់​ក្រុមប្រឆំាង។ សូម​ជម្រាប​ជូន​ថា ជន​ម៉ូហាម៉ាត កាម៉ារុយហ្សាមែន ជា​មេកើយ​ស្ថិត​លំដាប់​ទី៣ នៃ​ចលនា Jamaat-e-Islami និង​ជា​មនុស្ស​ទី២ ដែល​ត្រូវ​បាន​រដ្ឋអំណាច​ប្រហារជីវិត​ចោល។ កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១៣ រដ្ឋអំណាច​បាន​ប្រហារ​ជីវិត​ជន​អាប់ឌុល កាដឺ ម៉ូឡា​ដែល​ជា​មេកើយ​ស្ថិត​លំដាប់​ទី៤ របស់​ចលនា​ Jamaat-e-Islami ពី​បទ​ចោទប្រកាន់​ដូច​គ្នា។

បន្ទាប់​ពី​បាន​ធ្វើ​ការ​បន់ស្រន់​ពេញ​មួយ​ថ្ងៃ​អាទិត្យ​មក ចលនា Jamaat-e-Islami បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ទូទៅ​មួយ​នៅ​ថ្ងៃ​ចន្ទ ទី១៣ មេសា​នេះ។ កន្លង​មក អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប និង​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង់ក្លាដែស​បញ្ឈប់​ប្រើ​នីតិវិធី​ប្រហារ​ជិវិត ព្រម​ទំាង​ចាត់​ទុក​ដំណើរការ​កាត់ទោស​ថា មិន​ស្រប​តាម​លក្ខណៈ​អន្តរជាតិ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ