អានតួអត្ថបទ
ចិន

តុលាការ​ចិន​ទទួល​ស្គាល់​ថា អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​មិនមែន​មាន​ជំងឺ​វិកលចរិក​ទេ

ជា​លើក​ទីមួយ​ហើយ​​ ដែល​តុលាការ​ចិន​ បាន​ធ្វើ​ការ​ផ្តន្ទាទោស​មន្ទីរពេទ្យ​ឯកជន​មួយ ​ដែល​បាន​ព្យាយាម​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​ ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ​ដោយ​យក​ខ្សែ​ភ្លើង​ឆក់ ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ជំងឺ​នោះ ​ឈប់​ស្រលាញ់​អ្នក​ភេទ​ដូចគ្នា​ ត​ទៅ​ទៀត។ នេះ​ជា​ជោគជ័យ​មួយ​ សម្រាប់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ នៅ​ចិន ដែល​ជា​រឿយៗ​តែងតែ​រង​ការ​រើសអើង ​និង​ការ​កៀបសង្កត់​ពី​អាជ្ញាធរ​ចិន។

លោកយ៉ាង តេង ដែល​ត្រូវ​បាន​គ្រូពេទ្យ​ចិន​ យក​ទៅ​ឆក់​ខ្សែ​ភ្លើង ដើម្បី​ឲ្យ​លែង​ក្លាយ​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​តទៅ​ទៀត
លោកយ៉ាង តេង ដែល​ត្រូវ​បាន​គ្រូពេទ្យ​ចិន​ យក​ទៅ​ឆក់​ខ្សែ​ភ្លើង ដើម្បី​ឲ្យ​លែង​ក្លាយ​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​តទៅ​ទៀត
ផ្សាយពាណិជ្ជកម្ម

យុវជន​ជនជាតិ​ចិន​ម្នាក់​ ឈ្មោះ ​យ៉ាង តេង ដែល​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​ក្រុម​គ្រូសារ​ជំរុញ ​ឲ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិកល​ចរិក ឈ្មោះ​ Xinyu Piaoxiang ស្ថិត​ក្នុង​ខេត្ត ឆុងឈីង ​ដើម្បី​ធ្វើ​ឲ្យ​យុវជន​នេះ លែង​ឆ្គួត​ទៅ​ស្រលាញ់​មនុស្ស​ភេទ​ដូចគ្នា​តទៅ​ទៀត។ ក្នុង​កំឡុង​ពេល​ព្យាបាល​ យុវជន​រូប​នោះ ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីពេទ្យ​នោះ យក​ទៅ​ឆក់​ខ្សែភ្លើង​ ជាច្រើន​លើក​ច្រើន​សា។

 
បន្ទាប់​ពី​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ ​យុវជន​រង​គ្រោះ បាន​ដាក់​ពាក្យ​បណ្តឹង​ ទៅ​តុលាការ​ក្រុង​ប៉េកាំង ដោយ​ចោទ​ពី​ការ​ប្រើ​ទារុណកម្ម​អមនុស្សធម៌​ របស់​មន្ទីរ​ពេទ្យ។ តុលាការ​ក្រុង​ប៉េកាំង ​បាន​សម្រេច​ផ្តន្ទាទោស មន្ទីរ​ពេទ្យ ​ឲ្យ​សង​ជម្ងឺចិត្ត​ទៅ​ជន​រងគ្រោះ​ ចំនួន ៣៥០០​យាន់  ព្រម​ទាំង​តម្រូវ​ឲ្យ​មន្ទីរពេទ្យ​ ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ទៀត។

នេះ​គឺ​ជា​ជោគជ័យ​ ធំ​ណាស់​សម្រាប់​យុវជន​រងគ្រោះ ក៏​ដូច​ជា​ប្រជាជន​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ទាំង​អស់ នៅ​ចិន។ នៅ​ក្នុង​សាលដីកា ​តុលាការ​បាន​បញ្ជាក់​ថា ការ​ស្រលាញ់​ភេទ​ដូចគ្នា​ មិន​មែន​ជា​ជម្ងឺ​នោះ​ទេ។ ដូច្នេះ​គេ​មិន​អាច​យក​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ ទៅ​ព្យាបាល តាម​ក្បួនពេទ្យ រឺ​ក៏​ឆក់​ខ្សែភ្លើង​បាន​ឡើយ។ ថ្លែង​ទាំង​ត្រេកអរ ​យុវជន យ៉ាង តេង បាន​និយាយ​ថា ខ្លួន​នឹង​យក​សាលដីកា​របស់​តុលាការ ​ទៅ​ឲ្យ​ម្តាយ​ខ្លួន​មើល​ឲ្យ​ច្បាស់​នឹង​ភ្នែក ​ថា​សូម្បី​តែ​តុលាការ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា មិនមែន​ជា​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត​ ដូច​ដែល​គេឯង​គិត​នោះ​ទេ។ យុវជន​នេះ​បន្ថែម​ថា ខ្លួន​នឹង​ខិតខំ​តស៊ូ​មតិ ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ​ឲ្យ​បាន​ទូលំទូលាយ ជាង​នេះ​ទៀត។

តាម​ការ​ពិត​ទៅ រដ្ឋាភិបាល​ចិន​ប៉េកាំង បាន​លប់​ ការ​ស្រលាញ់​ភេទ​ដូចគ្នា​ ចេញ​ពី​បញ្ជីរ​ជម្ងឺ​វិកលចរិក​ តាំង​ពី​ឆ្នាំ​២០០១​ម្លេះ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា សង្គម​ចិន​នៅ​តែ​មាន​ការ​រើសអើង​ជានិច្ច ​ជា​ពិសេស​​ ពី​សំណាក់​ក្រុម​គ្រួសារ ​ឪពុក​ម្តាយ ដែល​តែងតែ​បង្ខិតបង្ខំ​កូនៗ​ពួក​គេ ​ឲ្យ​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​វិកលចរិក។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ចិន នៅ​តែ​មិន​ទាន់​ទទួល​ស្គាល់ ឲ្យ​មាន​ការ​បើក​អង្គការ រឺ សមាគមន៍​​ការពារ​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ