អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គ្រោះរញ្ជួយដី​នៅ​នេប៉ាល់​ជា​ឱកាស​ឲ្យ​ចិន​និង​ឥណ្ឌា​ប្រជែង​ឥទ្ធិពល​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រោះរញ្ជួយដី​កម្រិត ៧,៩​រ៉ិចទ័រ កាល​ពីថ្ងៃ​ទី២៥​មេសា បាន​ធ្វើ​ឲ្យ​នេប៉ាល់ ដែល​ជា​ប្រទេស​ក្រីក្រ​មួយស្រាប់ ត្រូវ​ទទួល​រងនូវ​ការ​ខូចខាត​ខ្ទេចខ្ទាំ ហើយ​ជនរងគ្រោះ​កំពុងតែ​ដង្ហើយ​រក​ជំនួយ។ ស្ថិត​ក្នុង​ស្ថានភាព​នេះ​ប្រទេស​ជាច្រើន​បាន​នាំគ្នា​សស្រាក់សស្រាំ​ចូល​ទៅ​ជួយ​នេប៉ាល់។ ក៏ប៉ុន្តែ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងអស់​នោះ គេ​គួរ​ធ្វើការ​កត់សម្គាល់​ជា​ពិសេស​ទៅលើ​ប្រទេស​ពីរ គឺ ចិន និង​ឥណ្ឌា ដែល​ជា​គូប្រជែង​ដ៏​ធំ នៅ​ក្នុង​តំបន់ ហើយ​ដែល​កំពុងតែ​មើល​ឃើញ​នូវ​ឱកាស​ល្អ ក្នុង​ការ​ពង្រីក​មុខមាត់ នៅនេប៉ាល់។

ក្រុម​សង្រ្គោះ​ចិន​រៀបចំ​ចេញ​ដំណើរ​ទៅកាន់​តំបន់​រញ្ជួយដី​នៅ​នេប៉ាល់
ក្រុម​សង្រ្គោះ​ចិន​រៀបចំ​ចេញ​ដំណើរ​ទៅកាន់​តំបន់​រញ្ជួយដី​នៅ​នេប៉ាល់ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

គ្រោះរញ្ជួយដីដូចជា​ករណី​នៅ​នេប៉ាល់​ថ្មីៗ​កន្លងទៅនេះ គឺ​ជា​គ្រោះមហន្តរាយ​ដ៏ធ្ងន់ធ្ងរ ដែល​មិនមាន​អ្នកណា​ប្រាថ្នា​ចង់​ឲ្យ​កើតឡើង ហើយ​ក៏​ជា​គ្រោះធម្មជាតិ ដែល​មិនមាន​អ្នកណា​អាច​នឹង​បង្កឡើង ឬ​ក៏​អាច​ដឹង​ជាមុន​បាន​នោះទេ។ ក៏ប៉ុន្តែ នៅពេល​ដែល​វា​កើតឡើង​រួចទៅហើយ ប្រទេស​ដែល​មាន​ផលប្រយោជន៍​ពាក់ព័ន្ធ​ក៏​មិន​ទុក​បណ្តោយ​ឲ្យ​ឱកាស​ដ៏ល្អ​នេះ​របូត​ចេញ​ពីដៃ​នោះដែរ។ សម្រាប់​ករណី​រញ្ជួយដី​នៅ​នេប៉ាល់ ប្រទេស​ដែល​មាន​ផលប្រយោជន៍​ពាក់ព័ន្ធ​ខ្លាំង​ជាងគេ គឺ​ចិន និង​ឥណ្ឌា។

បើ​និយាយ​តាម​លក្ខណៈ​ភូមិសាស្រ្ត​សុទ្ធសាធ នេប៉ាល់ គឺ​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ចំពីលើ​ព្រំដែន​នៃ​ផ្លាកតិចតូនិក​ឥណ្ឌា (នៅ​ពីក្រោម​ប្រទេស​ឥណ្ឌា) និង​ផ្លាកតិចតូនិក​អឺរ៉ាស៊ី (នៅពីក្រោម​ចិន)។ ការ​កកិតគ្នា​រវាង​ផ្លាកតិចតូនិក​ទាំងពីរ​នេះ​ហើយ ដែល​បង្ក​ឲ្យ​មាន​គ្រោះរញ្ជួយដី កាល​ពីថ្ងៃ​ទី២៥​មេសា​កន្លងទៅនេះ។ បើ​និយាយ​តាម​លក្ខណៈ​ភូមិសាស្រ្ត​នយោបាយ​វិញ នេប៉ាល់​ក៏​ជា​ប្រទេសទ្រនាប់​​មួយដែរ ដែល​ត្រូវ​រងសម្ពាធ​ នៃ​ការ​ប្រជែងគ្នា​ រវាង​ចិន និង​ឥណ្ឌា។

សម្រាប់​ឥណ្ឌា នេប៉ាល់ ដែល​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​ចេញ​ពី​អម្បូរ​ជាមួយ​ប្រជាជន​ឥណ្ឌា ហើយ​​កាន់​សាសនា​ហិណ្ឌូ​​ដូច​ឥណ្ឌា គឺ​ត្រូវ​តែ​ជា​ចាត់បញ្ចូល​ក្នុង​ដែន​ឥទ្ធិពល​ផ្តាច់មុខ​របស់​ឥណ្ឌា។ សម្រាប់​ចិនវិញ​ នេប៉ាល់ ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ឥណ្ឌា និង​តំបន់​ទីបេ​របស់​ចិន គឺ​ជា​​ប្រទេស​ដ៏សំខាន់​មួយ​ក្នុង​យុទ្ធសាស្រ្ត​ឡោមព័ទ្ធ​ឥណ្ឌា​ផង និង​​ជា​ប្រទេស​ដែល​មាន​ទីតាំង​អំណោយ​ផល សម្រាប់​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ចលនា​ទាមទារ​ឯករាជ្យ​នៅ​ទីបេ​ផងដែរ។

នៅ​ក្នុង​ហេតុផល​នេះហើយ ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​​ខិតខំ​ព្យាយាមពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​នេប៉ាល់ ដើម្បី​ប្រជែង​​ជាមួយ​ឥណ្ឌា ហើយ​​នៅ​ក្នុង​ការ​ប្រជែង​​​គ្នា​នេះ គេ​សង្កេតឃើញ​ថា ចិន​កំពុងតែ​មាន​ប្រៀបលើ​ឥណ្ឌា ដោយសារ​តែ​ចិន​ជា​ប្រទេស​ដែល​មាន​លុយ​​ច្រើន​ជាង ហើយ​ចិន​មិន​ញញើត​នឹងយក​លុយ​នេះ​ទៅ​ជះ​នៅ​នេប៉ាល់ ជាពិសេស ការ​ធ្វើ​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​។

នៅ​ឆ្នាំ​២០១៤​កន្លងទៅនេះ ចិន​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​ច្រើន​ជាងគេ​បង្អស់​នៅ​នេប៉ាល់ ហើយ​ថ្មីៗ​នេះ រដ្ឋាភិបាល​នេប៉ាល់​ទើប​នឹង​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ចិន​ធ្វើការ​សាងសង់​និង​ធ្វើ​អាជីវកម្ម​លើ​ទំនប់​វារី​អគ្គិសនី​ដ៏​ធំមួយ ក្នុង​គម្រោង​វិនិយោគ​រហូតដល់​ទៅ ១ពាន់ ៦រយលាន​ដុល្លារ។ ទាំងនេះ​សុទ្ធសឹង​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កើនឡើង​នៃ​ឥទ្ធិពល​​របស់​ចិន​នៅ​នេប៉ាល់។

ប្រឈមមុខ​នឹង​ការ​វាយលុក​របស់​ចិន រដ្ឋាភិបាល​របស់​លោក​ណារិនដ្រា​ ម៉ូឌី ក៏​កំពុងតែ​ព្យាយាម​​យ៉ាងខ្លាំង​ដែរ ដើម្បី​ការពារ​ឥទ្ធិពល​របស់​ខ្លួន​នៅ​នេប៉ាល់។ គេ​សង្កេតឃើញ​ថា នេប៉ាល់ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូងគេ ដែល​លោក​ណារិនដ្រា ម៉ូឌី ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្រោយ​ពេល​ដែល​លោក​​បាន​ជាប់ឆ្នោត​ឡើង​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ កាល​ពី​ឆ្នាំ​ទៅមិញ ហើយ​នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នោះ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ក៏​បាន​លើកឡើង​ពី​សំណើ​​​បោះទុន​វិនិយោគ​សាងសង់​ទំនប់វារីអគ្គិសនី​នៅ​នេប៉ាល់​ដូចចិនដែរ។ គម្រោង​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​​ឥណ្ឌា និង​នេប៉ាល់ ចុះ​កិច្ចព្រមព្រៀង នៅ​ខែ​ខែ​វិច្ឆិកា​២០១៤។

គ្រោះរញ្ជួយដី​​កាល​ពី​ថ្ងៃ​ទី២៥​មេសា ក៏​បាន​ក្លាយ​ជា​ឱកាស​កាន់តែ​ល្អមួយ​ទៀត សម្រាប់​ចិន និង​ឥណ្ឌា ក្នុងការ​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា​ នៅ​នេប៉ាល់។ ភ្លាមៗ​ក្រោយ​ពី​មាន​គ្រោះរញ្ជួយដី ទាំង​ចិន និង​ទាំង​ឥណ្ឌា បាន​នាំគ្នា​បញ្ជូន​​ក្រុម​សង្រ្គោះ រាប់រយនាក់ និង​ជំនួយ​រាប់​រយតោន​ទៅ​នេប៉ាល់ ហើយ​​ទាំង​លោក​ណារិនដ្រា ម៉ូឌី ទាំង​លោក​ស៊ី ជីនពីង សុទ្ធតែ​បាន​ចេញ​មុខ​សន្យា​ថា​នឹង​​ជួយ​នេប៉ាល់ឲ្យ​ឆ្លងកាត់​កាលៈទេសៈ​ដ៏​លំបាក​នេះ។

គេ​រំពឹង​ថា ក្រោយ​ពី​ដំណាក់​កាល​សង្រ្គោះ​បន្ទាន់​នៃ​គ្រោះមហន្តរាយ​នេះ​បញ្ចប់​ទៅ ចិន និង​ឥណ្ឌា ក៏​នឹង​នៅតែ​មាន​ឱកាស​ប្រជែង​ដណ្តើម​ឥទ្ធិពលគ្នា​បន្ត​ទៀត​ដែរ គឺ​នៅពេល​ដែល​នេប៉ាល់​ត្រូវការ​ជំនួយ ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ជាពិសេស ដើម្បី​សាងសង់ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​​ខូចខាត​ដោយ​គ្រោះរញ្ជួយដី ហើយ​នៅ​ក្នុង​ការ​ប្រកួតប្រជែងគ្នា​នេះ ចិន​អាច​មាន​ប្រៀប​លើ​ឥណ្ឌា ដោយសារ​តែ​ចិន​គឺ​ជា​ប្រទេស​ដែល​​មានធនធាន​ហិរញ្ញវត្ថុ​​ច្រើន​ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ