ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាស៊ី

ចិន​បាញ់​បង្ហោះ​រ៉ុកកែត​ផ្ទុក​ផ្កាយរណប​ប្រភេទ​ថ្មី

media  
China's Long March-6 rocket, carrying 20 micro-satellites, blasts off from the launch pad in Taiyuan, Shanxi province, China, September 20, 2015. REUTERS/China Daily

នៅថ្ងៃ​អាទិត្យ​នេះ ចិន​បាន​បាញ់​បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​នូវរ៉ុកកែត​ប្រភេទ​ថ្មី​របស់​ខ្លួន ដើម្បី​ទុកប្រើ​បាញ់​បង្ហោះ​ផ្កាយរណប។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ីនហួ ដែល​បាន​បញ្ជាក់ថា រ៉ុកកែត​ប្រភេទ​ថ្មី​នេះ​មាន​ទំហំ​តូចជាង​មុន ទំនើប​ជាងមុន ព្រមទាំង​ផ្ទុក​ផ្កាយរណប​បាន​ច្រើន​ជាងមុន។ ការ​ផលិត​រ៉ុកកែត​ប្រភេទ​ថ្មី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​ចិន ដែល​កំពុងតែ​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​អវកាស។

រ៉ុកកែត​ដែល​ចិន​ទើប​នឹង​ផលិត​ថ្មី ហើយ​បាញ់​បង្ហោះ​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​ចិន​ដាក់ឈ្មោះ​ថា Chang Zheng (ហៅ​តាមភាសា​អង់គ្លេស Long March)។ រូបភាព​ចាក់ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន (CCTV) បាន​បង្ហាញ​ឲ្យឃើញ​នូវ​រ៉ុកកែត​ពណ៌ ស ដែល​មាន​រូបទង់ជាតិចិន​នៅ​ផ្នែក​ខាងលើ ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ចេញ​ពី​ខេត្ត​ប៉ែក​ខាងជើង​ប្រទេស​ចិន ហើយ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ រ៉ុកកែត​នេះ​​ផ្ទុក​ផ្កាយរណប​តូចៗ​​រហូត​ដល់​ទៅ ២០គ្រឿង។

បណ្តាញ​ពត៌មាន​ផ្លូវការ​របស់​ចិន​បាន​នាំគ្នា​លើកសរសើរ​រ៉ុកកែត​ប្រភេទ​ថ្មី​នេះ​ថា​ជា​ជោគជ័យ​ដ៏ធំ​មួយ​ក្នុង​វិស័យ​អវកាស​ចិន ពីព្រោះ​ថា រ៉ុកកែត​នេះ​នៅ​ពេល​បាញ់​បង្ហោះ​ម្តងៗ ​អាចផ្ទុក​ផ្កាយរណបបាន​ច្រើន​បំផុត​ដែល​ចិន​មិន​ធ្លាប់​ធ្វើ​បាន ហើយម្យ៉ាងទៀត រ៉ុកកែត​ថ្មីនេះ​ក៏​ប្រើ​ប្រេងឥន្ធនៈ​ដែល​បំពុល​បរិយាកាស​តិចជាង​មុន​ផងដែរ។

គួររំឭកឡើងវិ​ញ​ថា កាល​ពីឆ្នាំ​២០១១ រដ្ឋាភិបាល​ចិន​ធ្លាប់​បាន​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ទាក់ទង​នឹង​នយោបាយ​អវកាស​របស់​ខ្លួន ដោយ​បាន​បញ្ជាក់ថា រ៉ុកកែត​ធុន Long March-6 នេះ មាន​សមត្ថភាព​ដឹកទម្ងន់​រហូតដល់​ទៅ​មួយតោន ហើយ​បាញ់​បង្ហោះ​ទៅដាក់​ក្នុង​តារាវិថី​ជុំវិញ​ផែនដី ក្នុងរយៈកម្អស់​រហូតដល់​ទៅ ៧០០គីឡូម៉ែត្រ។

កាល​ពី​ដើមខែ​កញ្ញា​ថ្មីៗ​នេះ​ទៀត ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចិន​ក៏​ធ្លាប់​បាន​អះអាង​ឲ្យដឹង​ផងដែរ​ថា ចិន​មាន​គម្រោង​បញ្ជូន​យានគ្មាន​មនុស្ស​បើក​ឲ្យ​ទៅ​ចុះចត​នៅ​លើ​ព្រះចន្ទ​សាជាថ្មី​ម្តងទៀត នៅ​យ៉ាងយូរ​បំផុត​ត្រឹម​ឆ្នាំ​២០២០​ខាងមុខ ក្រោយ​ពី​បាន​ធ្វើការ​ចុះចត​យាន​លើ​ព្រះចន្ទ​​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ។

រ៉ុកកែត​ប្រភេទ​ថ្មី​ដែល​ចិន​ទើប​នឹង​បាញ់​បង្ហោះ​ជាលើកដំបូង​នៅថ្ងៃ​អាទិត្យ​នេះ ក្រៅពី​អាច​ជួយជំរុញ​គម្រោង​ចុះចត​លើ​ព្រះចន្ទ ក៏​អាច​នឹង​បង្កើន​សមត្ថភាព​​របស់​ចិន​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ផងដែរ ដែល​​ជា​ជំហាន​ដ៏សំខាន់​មួយ នៅ​ក្នុង​ពេល​ដែល​ទីផ្សារ​ផ្កាយរណប​នៅទូទាំង​ពិភពលោក​កំពុងតែ​កើនឡើង​ខ្លាំង។ ក្រៅពី​អាច​បាញ់​បង្ហោះ​ផ្កាយរណប​ខ្លួនឯង សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា​និង​ស៊ីវិល ចិន​អាច​ប្រជែង​ជាមួយ​ប្រទេស​មហាអំណាច​ផ្សេងទៀត ក្នុង​ការ​ស៊ីឈ្នួល​បាញ់​បង្ហោះ​ផ្កាយរណប​​​របស់​ប្រទេស​ដទៃ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ