ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT

អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ

អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ
 
ប្រធានាធិបតី​ចិនHu Jintao (ឆ្វេង) និង​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុងតំបន់​អាស៊ី​កណ្តាល​ ©Reuters

តាំង​ពី​របប​របស់​Bakiev បាន​ដួល​រលំ​នៅ​Kirghiszistan មក ក្រុម​អ្នក​សង្កេតការណ៍​បន្ត​ចង្អុល​ឲ្យ​ឃើញ​ថា អាមេរិក​និង​រុស្ស៊ី​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​Kirghiszistan ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​កណ្តាល​ជា​ទូទៅ។

ពួក​គេ​ភ្លេច​ថា ប្រទេស​ចិន​ក៏​សម្លឹង​ឃើញ​ប្រយោជន៍​ដ៏​សែន​សំខាន់​នៃ​តំបន់​អាស៊ី​កណ្តាល​ នេះ​ដែរ។

ថ្នាក់​ដឹក​នាំ​ចិន​មិន​ដែល​មើល​រំលង​ភូមិភាគ​អាស៊ី​កណ្តាល​ឡើយ ជា​ពិសេស​តាំង​ពី​សហភាព​សូវៀត​បាន​រលាយ នៅ​ឆ្នាំ​១៩៩១​មក។ ពីព្រោះ តាំង​ពី​ពេល​នោះ​មក សាធារណរដ្ឋ​អាស៊ី​កណ្តាល​ទាំង​ប្រាំ គឺ​Kazakstan Kirghiszistan Ouzbékistan Tadjikistan និង​Turménistan បាន​របូត​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ទីក្រុង​Moscou និង​បាន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ។

ការ​ចាប់​អារម្មណ៍​ខ្លាំង​របស់​ ថ្នាក់ដឹកនាំ​ចិន​ទៅ​លើ​អាស៊ី​កណ្តាល មាន​មូលហេតុ​ពីរ​សំខាន់។ ទីមួយ គឺ​ប្រេងកាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​តំបន់​នេះ។ ទីពីរ​គឺ​កត្តា​សន្តិសុខ ដ្បិត​ប្រជាជន​ភាគ​ច្រើន​នៅ​អាស៊ី​កណ្តាល ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ហើយ​ចិន​ខ្លាច​មនោគមវិជា្ជ​អ៊ីស្លាម​ជ្រុល​និយម ធ្លាយ​ចេញ​ពី​អាស៊ី​កណ្តាល​នេះ និង​ឆ្លង​ចូល​មក​ក្នុង​ខេត្ត​Xinjiang របស់​ខ្លួន ជា​ទី​ដែល​ពួក​ouïgours អ្នក​កាន់​សាសនា​អ៊ីស្លាម​កំពុង​ទាមទារ​ឯករាជ្យ។

ដើម្បី​ខ្ទប់​កុំ​ ឲ្យ​ឥទ្ធិពល​អ៊ីស្លាម​ជ្រុលនិយម​អាច​រាលដាល​មក​ដល់​ខេត្ត​ស្វយ័ត​Xinjiang របស់​ខ្លួន​បាន ចិន​បាន​សម្រួល​ទំនាក់ទំនង​ទូត និង​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អាស៊ី​កណ្តាល​ទាំង​ ប្រាំ ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ឆ្នាំ​១៩៩៦ ចិន​និង​រុស្ស៊ី ព្រម​ទាំង​បណ្តា​ប្រទេស​អាស៊ី​កណ្តាល បាន​ត្រូវរ៉ូវ​គ្នា​បង្កើត​អង្គការ​មួយ​ឡើង គឺ​ក្រុម​សៀងហៃ ដែល​ក្រោយ​មក​នៅ​ឆ្នាំ​២០០១ បាន​ដូរ​ឈ្មោះ​ជា​ អង្គការ​សហប្រតិបត្តិការ​សៀងហៃ។

យ៉ាង​ណាមិញ សព្វថ្ងៃ អង្គការ​សហប្រតិបត្តិការ​សៀងហៃ បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ​មួយ​រួម​គ្នា​របស់​ចិន​និង​របស់​រុស្ស៊ី ក្នុង​ការ​ខ្ទប់​កុំ​ឲ្យ​សហរដ្ឋអាមេរិក​ចូល​មក​ក្នុង​អាស៊ី​កណ្តាល​បាន។ ចូរ​កុំ​ភ្លេច​ថា តាម​រយៈ​សង្គ្រាម​Afghanistan នៅ​ឆ្នាំ​២០០១​សហរដ្ឋអាមេរិក​បាន​ចូល​មក​បើក​មូលដ្ឋាន​យោធា​មួយ នៅ​Manas ប្រទេស​Kirghiszistan និង​មួយ​ទៀត​នៅ​Qarshi Hanabad ប្រទេស​Ouzbeckistan។ សព្វថ្ងៃ​នេះ មូលដ្ឋាន​Qarshi Hanabad ត្រូវ​បាន​បិទ​ចោល ហើយ​រុស្ស៊ី​កំពុង​បញ្ចុះបញ្ចូល​ឲ្យ​Kirghiszistan បិទ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​Manas ចោល​ដែរ។

ចិន​លេង​បៀ​ ពីរ​សន្លឹក​នៅ​អាស៊ី​កណ្តាល​

ការ​ដែល​រុស្ស៊ី​បាន​និង​កំពុង ​បន្ត​ខ្នះខ្នែង​កំចាត់​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​កណ្តាល ធ្វើ​ឲ្យ​ចិន​ សប្បាយ​ចិត្ត​ខ្លាំង។ ប៉ុន្តែ ទន្ទឹម​ជាមួយ​គ្នា​នេះ ការ​វិល​ត្រឡប់​របស់​រុស្ស៊ី​មក​កាន់​ភូមិភាគ​អាស៊ី​កណ្តាល​វិញ ក៏​ធ្វើ​ឲ្យ​ចិន​កើត​ក្តី​ព្រួយបារម្ភ​ដែរ។ ចិន​បារម្ភ​ក្រែង​ទីក្រុង​Moscou ឲ្យ​តម្លៃ​ទៅ​លើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាង​ទៅ​លើ​ប្រយោជន៍​រួម​ចិន-រុស្ស៊ី ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្រ្ត។ ពីព្រោះ ដូច​ដែល​បាន​លើក​ឡើង​ខាង​ដើម​រួច​ហើយ​ថា អ្វី​ដែល​សំខាន់​សម្រាប់​ចិន នៅ​អាស៊ី​កណ្តាល គឺ​ប្រេងកាត​និង​សន្តិសុខ។ ជាក់​ស្តែង ទីក្រុង​Pékin​បាន​ជួសជុល​បណ្តាញ​បង្ហូរ​ប្រេងកាត​ដែល​សល់​ពី​សម័យ​សហភាព​ សូវៀត និង​បាន​បន្ត​បំពង់​ថ្មីៗ​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​បង្ហូរ​ប្រេងកាត​ពី​អាស៊ី​កណ្តាល​ទៅ​កាន់​ទឹក​ដី​ចិន។ សព្វ​ថ្ងៃ​នេះ ១ភាគ៤​នៃ​ផលិតកម្ម​ប្រេងកាត​ទាំង​ស្រុង​របស់​ប្រទេស​Kazakhstan ត្រូវ​បាន​ចិន​ទិញ​យក​ទាំង​អស់។

ដោយ​ឡែក ថ្នាក់​ដឹក​នាំ​ចិន​ក៏​ចាត់​ទុក​អាស៊ី​កណ្តាល​ថា ជា​ដែន​ប្រមាញ់​របស់​ពួកគេ​ដែរ​ពីព្រោះ ពង្រីក​ឥទ្ធិពល​របស់​ចិន​ចូល​ទៅ​អាស៊ី​កណ្តាល បាន​ន័យ​ថា ពង្រឹង​សន្តិសុខ​របស់​ចិន នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស។ សូម​ជម្រាប​ថា មាន​ជនជាតិ​Ouïgours យ៉ាង​តិច​បួន​​សែន​នាក់​នៅ​អាស៊ី​កណ្តាល ក្នុង​នោះ​បី​សែន​នាក់​រស់​នៅ​ក្នុង​ប្រទេស​Kazakhstan។ ម៉្លោះ​ហើយ ចិន​ចាំបាច់​ត្រូវ​តែ​រៀប​ជើង​ព្រួល ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពួក​Ouïgours នៅ​អាស៊ី​កណ្តាល​មក​ចូល​ដៃ​ជាមួយ​ពួក​Ouïgours នៅ​ខេត្ត​Xinjiang ដើម្បី​ទាមទារ​ឯករាជ្យ។

សរុប​មក​វិញ អាស៊ី​កណ្តាល​មិន​គ្រាន់​តែ​ជា​ទី​ប្រជែង​ឥទ្ធិពល​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ប៉ុណ្ណោះ​ទេ។ តែ វា​ក៏​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ។ ម្ល៉ោះ​ហើយ ក្នុង​ខណៈ​ពេល​ដែល​គេ​ចាប់​អារម្មណ៍​ទៅ​លើ​តែ​វិវាទ​រវាង​ទីក្រុង​ Washington និង​ទីក្រុង​Moscou នៅ​ក្នុង​ប្រទេស​Kirghiszistan​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ទីក្រុង​Pékin​ក៏​កំពុង​ហុត​ទឹក​សម្លឹងកាក​ដែរ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ