អាស៊ីកណ្តាលក៍ជាដែនប្រមាញ់របស់ចិនដែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៩
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាល នេះដែរ។
ថ្នាក់ដឹកនាំចិនមិនដែលមើលរំលងភូមិភាគអាស៊ីកណ្តាលឡើយ ជាពិសេសតាំងពីសហភាពសូវៀតបានរលាយ នៅឆ្នាំ១៩៩១មក។ ពីព្រោះ តាំងពីពេលនោះមក សាធារណរដ្ឋអាស៊ីកណ្តាលទាំងប្រាំ គឺKazakstan Kirghiszistan Ouzbékistan Tadjikistan និងTurménistan បានរបូតចេញពីការគ្រប់គ្រងរបស់ទីក្រុងMoscou និងបានក្លាយជារដ្ឋឯករាជ្យ។
ការចាប់អារម្មណ៍ខ្លាំងរបស់ ថ្នាក់ដឹកនាំចិនទៅលើអាស៊ីកណ្តាល មានមូលហេតុពីរសំខាន់។ ទីមួយ គឺប្រេងកាតដ៏ច្រើនសន្ធឹកសន្ធាប់នៃតំបន់នេះ។ ទីពីរគឺកត្តាសន្តិសុខ ដ្បិតប្រជាជនភាគច្រើននៅអាស៊ីកណ្តាល ជាអ្នកកាន់សាសនាអ៊ីស្លាម ហើយចិនខ្លាចមនោគមវិជា្ជអ៊ីស្លាមជ្រុលនិយម ធ្លាយចេញពីអាស៊ីកណ្តាលនេះ និងឆ្លងចូលមកក្នុងខេត្តXinjiang របស់ខ្លួន ជាទីដែលពួកouïgours អ្នកកាន់សាសនាអ៊ីស្លាមកំពុងទាមទារឯករាជ្យ។
ដើម្បីខ្ទប់កុំ ឲ្យឥទ្ធិពលអ៊ីស្លាមជ្រុលនិយមអាចរាលដាលមកដល់ខេត្តស្វយ័តXinjiang របស់ខ្លួនបាន ចិនបានសម្រួលទំនាក់ទំនងទូត និងពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសអាស៊ីកណ្តាលទាំង ប្រាំ ក្នុងគោលដៅរក្សាស្ថិរភាពនៅក្នុងតំបន់។ ក្នុងន័យដូចគ្នាអ៊ីចឹងដែរ នៅឆ្នាំ១៩៩៦ ចិននិងរុស្ស៊ី ព្រមទាំងបណ្តាប្រទេសអាស៊ីកណ្តាល បានត្រូវរ៉ូវគ្នាបង្កើតអង្គការមួយឡើង គឺក្រុមសៀងហៃ ដែលក្រោយមកនៅឆ្នាំ២០០១ បានដូរឈ្មោះជា អង្គការសហប្រតិបត្តិការសៀងហៃ។
យ៉ាងណាមិញ សព្វថ្ងៃ អង្គការសហប្រតិបត្តិការសៀងហៃ បានក្លាយជាឧបករណ៍នយោបាយមួយរួមគ្នារបស់ចិននិងរបស់រុស្ស៊ី ក្នុងការខ្ទប់កុំឲ្យសហរដ្ឋអាមេរិកចូលមកក្នុងអាស៊ីកណ្តាលបាន។ ចូរកុំភ្លេចថា តាមរយៈសង្គ្រាមAfghanistan នៅឆ្នាំ២០០១សហរដ្ឋអាមេរិកបានចូលមកបើកមូលដ្ឋានយោធាមួយ នៅManas ប្រទេសKirghiszistan និងមួយទៀតនៅQarshi Hanabad ប្រទេសOuzbeckistan។ សព្វថ្ងៃនេះ មូលដ្ឋានQarshi Hanabad ត្រូវបានបិទចោល ហើយរុស្ស៊ីកំពុងបញ្ចុះបញ្ចូលឲ្យKirghiszistan បិទមូលដ្ឋានយោធាអាមេរិកនៅManas ចោលដែរ។
ចិនលេងបៀ ពីរសន្លឹកនៅអាស៊ីកណ្តាល
ការដែលរុស្ស៊ីបាននិងកំពុង បន្តខ្នះខ្នែងកំចាត់ឥទ្ធិពលអាមេរិកនៅអាស៊ីកណ្តាល ធ្វើឲ្យចិន សប្បាយចិត្តខ្លាំង។ ប៉ុន្តែ ទន្ទឹមជាមួយគ្នានេះ ការវិលត្រឡប់របស់រុស្ស៊ីមកកាន់ភូមិភាគអាស៊ីកណ្តាលវិញ ក៏ធ្វើឲ្យចិនកើតក្តីព្រួយបារម្ភដែរ។ ចិនបារម្ភក្រែងទីក្រុងMoscou ឲ្យតម្លៃទៅលើប្រយោជន៍ផ្ទាល់ខ្លួន ជាងទៅលើប្រយោជន៍រួមចិន-រុស្ស៊ី ក្នុងនាមជាដៃគូយុទ្ធសាស្រ្ត។ ពីព្រោះ ដូចដែលបានលើកឡើងខាងដើមរួចហើយថា អ្វីដែលសំខាន់សម្រាប់ចិន នៅអាស៊ីកណ្តាល គឺប្រេងកាតនិងសន្តិសុខ។ ជាក់ស្តែង ទីក្រុងPékinបានជួសជុលបណ្តាញបង្ហូរប្រេងកាតដែលសល់ពីសម័យសហភាព សូវៀត និងបានបន្តបំពង់ថ្មីៗជាច្រើនផ្សេងទៀត ដើម្បីបង្ហូរប្រេងកាតពីអាស៊ីកណ្តាលទៅកាន់ទឹកដីចិន។ សព្វថ្ងៃនេះ ១ភាគ៤នៃផលិតកម្មប្រេងកាតទាំងស្រុងរបស់ប្រទេសKazakhstan ត្រូវបានចិនទិញយកទាំងអស់។
ដោយឡែក ថ្នាក់ដឹកនាំចិនក៏ចាត់ទុកអាស៊ីកណ្តាលថា ជាដែនប្រមាញ់របស់ពួកគេដែរពីព្រោះ ពង្រីកឥទ្ធិពលរបស់ចិនចូលទៅអាស៊ីកណ្តាល បានន័យថា ពង្រឹងសន្តិសុខរបស់ចិន នៅប៉ែកខាងលិចនៃប្រទេស។ សូមជម្រាបថា មានជនជាតិOuïgours យ៉ាងតិចបួនសែននាក់នៅអាស៊ីកណ្តាល ក្នុងនោះបីសែននាក់រស់នៅក្នុងប្រទេសKazakhstan។ ម៉្លោះហើយ ចិនចាំបាច់ត្រូវតែរៀបជើងព្រួល ធ្វើយ៉ាងណាកុំឲ្យពួកOuïgours នៅអាស៊ីកណ្តាលមកចូលដៃជាមួយពួកOuïgours នៅខេត្តXinjiang ដើម្បីទាមទារឯករាជ្យ។
សរុបមកវិញ អាស៊ីកណ្តាលមិនគ្រាន់តែជាទីប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីប៉ុណ្ណោះទេ។ តែ វាក៏ជាដែនប្រមាញ់របស់ចិនដែរ។ ម្ល៉ោះហើយ ក្នុងខណៈពេលដែលគេចាប់អារម្មណ៍ទៅលើតែវិវាទរវាងទីក្រុង Washington និងទីក្រុងMoscou នៅក្នុងប្រទេសKirghiszistanប៉ុន្មានថ្ងៃចុងក្រោយនេះ គេមិនត្រូវភ្លេចទេថា ទីក្រុងPékinក៏កំពុងហុតទឹកសម្លឹងកាកដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ