អានតួអត្ថបទ
ចិន-ថៃ

ចិនចុះហត្ថលេខាសង់ផ្លូវដែក និងកិច្ចព្រមព្រៀងកសិកម្មជាមួយថៃ

ក្នុង​ឱកាស​ជំនួប​កំពូល​ប្រទេស​មហា​អនុតំបន់​មេគង្គ ដែល​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង​បាងកក ​លោក​នាយក​រដ្ឋមន្ត្រី​ចិន ​លី ខឺឈាំង នឹង​ចុះ​ហត្ថលេខា​ ជាមួយ​ថៃ​ លើ​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ ទីមួយ​ទាក់ទង​ទៅ​នឹង​ការ​សាងសង់​ផ្លូវដែក​ ភ្ជាប់​ពី​ខេត្ត​យូណាន របស់​ចិន ​ទៅ​ដល់​ភាគ​ខាងត្បូង​ប្រទេស​ថៃ ​និង​ទីពីរ​ ជា​កិច្ច​ព្រមព្រៀង​លើ​វិស័យ​កសិកម្ម។ រដ្ឋាភិបាល​យោធា​ថៃ​ ឆ្លៀត​ឱកាស​នេះ​ អះអាង​ថា ស្ថានភាព​នយោបាយ​ថៃ​ មាន​ភាព​ល្អ​ប្រសើរ​ ដោយសារ​ប្រទេស​ជាមិត្ត​បាន​ផ្តល់​ទំនុក​ចិត្ត។

នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឺឈាំង  និង នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចារ ក្នុងពេល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ នៅក្រុង​បាងកក ថ្ងៃទី ១៩ ធ្នូ ២០១៤
នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឺឈាំង និង នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចារ ក្នុងពេល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ នៅក្រុង​បាងកក ថ្ងៃទី ១៩ ធ្នូ ២០១៤
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រមព្រៀង​ ដែល​លោក​នាយក​រដ្ឋមន្រ្តី​ចិន លី ខឺឈាំង នឹង​ចុះ​ហត្ថលេខា​ជាមួយ​លោក​ ប្រាយុទ្ធ ចាន់អូចារ ​ប្រមុខ​រដ្ឋាភិបាល​ថៃ ​គឺ​មាន​ពីរ។ ទីមួយ​ជា​កិច្ច​ព្រមព្រៀង​ ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​ផ្លូវដែក ​ភ្ជាប់​ខេត្ត​យូណាន​ ភាគ​ខាងត្បូង​ប្រទេស​ចិន ​ទៅ​ដល់​ប្រទេស​សឹង្ហបុរី។ មួយ​ភាគ​ធំ​នៃ​ខ្សែរ​រថភ្លើង​នេះ ​នឹង​ត្រូវ​កាត់​តាម​ប្រទេស​ថៃ ពី​ភាគ​ខាង​ជើង​ ដល់​ភាគ​ខាង​ត្បួង។

 
គម្រោង​សាងសង់​ផ្លូវដែក​នៅ​ថៃ​ មាន​ពីរ​ខ្សែ ​ដែល​ខ្សែ​ទីមួយ ​មាន​ចម្ងាយ​៧៣០​គីឡូមែត្រ និង​ខ្សែ​ទី​ពីរ​ ចម្ងាយ​១៣០ ​គីឡូមែត្រ។ តាម​ការ​គ្រោង​ទុក ការដ្ឋាន​សាងសង់​ផ្លូវដែក​នេះ​ នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ក្រោយ ​ហើយ​នឹង​ត្រូវ​បញ្ចប់​រួចរាល់​​នៅ​ឆ្នាំ​២០២២។

កិច្ច​ព្រមព្រៀង​ទី​ពីរ​ដែល​ចិន ​នឹង​ចុះ​ហត្ថលេខា​ជាមួយ​ថៃ​ដែរ ​គឺ​ទាក់ទង ​ទៅ​នឹង​វិស័យ​កសិកម្ម។ ចិន​សន្យា​ថា​នឹង​ទទួល​ទិញ​អង្ករ ​និង​ជ័រ​កៅស៊ូ ​ពី​ថៃ​ក្នុង​ទំហំ​ដ៏​ច្រើន​បំផុត។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ​បាន​បញ្ជាក់​ថា ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ ដែល​នឹង​សាងសង់​នេះ នឹង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​របស់​មនុស្ស​ ក៏​ដូច​ជា​សម្ភារៈ​ផ្សេងៗ ​រវាង​ប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់។

សូម​រំលឹក​ដែរ​ថា ​នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​រដ្ឋាភិបាល​យោធា​ថៃ បើក​ទទួល​វេទិការ​ជំនួប​កំពូល​ថ្នាក់​តំបន់​ជា​ផ្លូវការ ថែម​ទាំង​មាន​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ជាមួយ​បរទេស ​បន្ទាប់​ពី​ក្រុម​យោធា​ថៃ​ បាន​ឡើង​កាន់កាប់​​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ ​បាន​ឆ្លៀត​សម្តែង​ការ​ពេញចិត្ត​ ដោយ​ឃើញ​ប្រទេស ជិតខាង​ទាំងអស់​ ផ្តល់​ទំនុកចិត្ត​ដល់​រដ្ឋាភិបាល​របស់​លោក​ប្រាយុទ្ធ ចន្ទអូរចារ ​ហើយ​ថា​នេះ គឺ​ជា​សញ្ញា​ បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​ថៃ​ បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ។

ប៉ុន្តែ​បើគិត​ឲ្យ​ស៊ី​ជម្រៅ​ទៅ ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន ​មិន​មាន​ន័យ​ថា ស្ថានភាព​នយោបាយ​នៅ​ថៃ​មាន​ភាព​ល្អប្រសើរ​ ពិត​ប្រាកដ​មែន​នោះ​ទេ។ តាម​ធម្មតា ចិន​មិន​សូវ​ជា​ខ្វល់​ ពី​ការ​វិវឌ្ឍន៍ន​យោបាយ រឺ​ការ​គោរព​សិទ្ធិ​មនុស្ស​ស្អី​នោះ​ទេ។ ចិន​ចុះ​កិច្ច​ព្រមព្រៀង​ ដោយ​សំឡឹង​ឃើញ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ។ ត្រង់​ណា​ចំណេញ​បាន​ផល ច្រើន ​ត្រង់​នោះ​មាន​មុខ​ចិន​ទៅ​អភិវឌ្ឍ​ជានិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ