អានតួអត្ថបទ
ក្រិក-ចិន

ចិន​មិនចង់ឃើញ​ក្រិក​ដើរចេញ​ពី តំបន់​ចាយប្រាក់​អឺរ៉ូ

កិ្រក​ស្ថិតនៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ មិនមែន​ជាបញ្ហា​ចោទ សម្រាប់​សហភាព​អឺរ៉ុប ប៉ុន្តែ វា​ជា​កង្វល់​របស់​ប្រទេស​ចិន​ផងដែរ។ នេះ​ជា​ការអះអាង​របស់​លោកនាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់លោក​ទៅ​ទឹកដី​អឺរ៉ុប នៅ​ដើម​សប្តាហ៍នេះ។ យ៉ាងណា ប្រមុខរដ្ឋាភិបាល​ចិន​បដិសេធ មិន​ទាន់​បញ្ជាក់​ថា តើ​ចិន​នឹង​លូក​ដៃ​ជួយ​ក្រិក​ដែល​កំពុង​លង់ ក្នុង​វិបត្តិ​ប្រាក់បំណុលដែរ ឬ​យ៉ាងណា​នោះទេ។ 

ទីក្រុង​កោះមួយ​របស់​ក្រិក​​នឹង​ចូលរួម​ក្នុង​ការបោះឆ្នោត​ប្រជាមតិ នៅថ្ងៃ​អាទិត្យ​ទី ៥ កក្កដា ២០១៥
ទីក្រុង​កោះមួយ​របស់​ក្រិក​​នឹង​ចូលរួម​ក្នុង​ការបោះឆ្នោត​ប្រជាមតិ នៅថ្ងៃ​អាទិត្យ​ទី ៥ កក្កដា ២០១៥ ©REUTERS/Cathal McNaughton
ផ្សាយពាណិជ្ជកម្ម

ទោះ​ឆ្ងាយគ្នា​រាប់ម៉ឺន​គីឡូម៉ែត្រ ទីក្រុង​ប៉េកាំង​តាមដាន ជាប់ជានិច្ច​វិបត្តិ​ប្រាក់​បំណុល​នៅ​ប្រទេស​ក្រិក។ ក្រិក​ដែល​ត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ នៅថ្ងៃ​អាទិត្យ ទី ៥​កក្កដា។ លទ្ធផល​ឆ្នោត​ដែល​នឹង​អាច​ផ្តល់​ពន្លឺ​ឲ្យ​គេ​ដឹងថា តើ​ក្រិក​នឹង​​ដើរ​ចេញ ឬ​ស្ថិតនៅ​បន្ត​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ។ ទីក្រុង​ប៉េកាំងវិញ ចង់​ណាស់ ចង់​ឲ្យ​ក្រិក​បន្ត​ស្ថិតនៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ នោះ​ក៏ព្រោះថា ដើម្បី​ពង្រឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន ទៅក្នុង​អឺរ៉ុប ទ្វីបចាស់ ចិន​ត្រូវការ ជា​ចាំបាច់ ក្រិក។

 
សម្រាប់​ចិន ក្រិក​ជា​កូនសោរ​ដ៏សំខាន់ ដែល​នឹង​ជួយ​ឲ្យ​ចិន សម្រេច​ក្តីស្រមៃ បង្កើត​ផ្លូវសូត្រ​តាម​សមុទ្រ ដើម្បី​នាំទំនិញ​ពី​ចិន ទៅ​កាន់​ទឹកដី​អឺរ៉ុប។ ចិន​សង្ឃឹម​នឹង​ប្រើ​ផ្លូវសូត្រ​តាមសមុទ្រ​ដើម្បី​ដឹក​នាំចេញ​ទំនិញ​ចេញពី​ទីក្រុង​សៀងហៃ សំដៅ កំពង់ផែ​ក្រិក ដែល​ចិន​បាន​ដាក់​ទុន​វិនិយោគ តម្លៃ​៤ពាន់​លាន​អឺរ៉ូ។

ថ្មីៗនេះ កាសែត​ចិន បាន​ស្រែក​បរិហារ​ថា ជាការក្បត់ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រិក​ថ្មី របស់​លោក​អាឡិចស៊ីស ស៊ីប្រាស មកពី​ក្រុម​ឆ្វេងនិយម​ជ្រុល បាន​ប្រកាស​ផ្អាក​ទៅវិញ លែង​លក់​ភាគហ៊ុន ៦៧​ភាគរយ​ដែល​រដ្ឋក្រិក​មាន​នៅក្នុង​ក្រុមហ៊ុន​កំពង់ផែ​ក្រិក។

ក្រិកជា​ច្រកទ្វារ​ចូលទៅកាន់​អឺរ៉ុប។ នេះ​ជាការវាយតម្លៃ​របស់​នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង​ដែល​បាន​អះអាង​បន្ថែមថា ចិន ចង់​ដើរតួ​សំខាន់ ដើម្បី​ជួយ​ក្រិក​ដែល​ជា​ដៃគូ​យុទ្ធសាស្រ្ត​របស់​ចិន កុំ​ឲ្យ​ដើរ​ចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ។

កាសែតផ្លូវការ​របស់​ចិន China Daily​វិញ​បាន​ដាក់​ចំណងជើង​ធំៗ នៅ​ទំព័រ​មុខ​របស់ខ្លួន​ថា ចិន​ប្រឆាំង​នឹង​ការដើរ​ចេញ​របស់​ក្រិក​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ។ ក្រិក​ដើរចេញ​ពី​តំបន់អឺរ៉ូ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​គ្រោះថ្នាក់។ ត្រូវដឹងថា នៅ​ឆ្នាំ ២០១៤ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ក្រិក បាន​ឡើង ដល់​៤,៥​ពាន់​លាន​អឺរ៉ូ គឺ​កើន​ឡើង ដល់ទៅ ២៤​ភាគរយ បើប្រៀបធៀប​នឹង​ឆ្នាំមុន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ