ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
អាស៊ី

ចិន៖លោកស៊ី ជីនពីង​នឹង​មិន​ធ្វើ​សម្បទាន​ថ្មី​ទាក់ទង​នឹង​កិច្ចចរចា​ស្តីពី​បញ្ហា​អាកាសធាតុ

media  
លោក​ប្រធានាធិបតី​ចិនស៊ី ជីនពីង REUTERS/Muneyoshi Someya/Pool

ជិត ១សប្តាហ៍ មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ហៅ​កាត់​ថា COP២១ មន្រ្តី​កាទូតជាន់ខ្ពស់​ចិន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី២៥ វិច្ឆិកា​នេះ​ថា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ដែល​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​នឹង​មិន​ធ្វើ​សម្បទាន​អ្វី​ថ្មី​ទាក់ទង​នឹង​កិច្ចចរចា​ស្តីពី​ការ​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ជក់​នៅ​ក្នុង​ភពផែនដី​នោះ​ទេ។ គួរ​ជម្រាប​ជូន​ថា ចិន​ជា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង តែ​ជា​ប្រទេស​ដែល​កំពុង​បំពុល​បរិយាកាស​ស្ថិត​លំដាប់​ទី២ បន្ទាប់​ពី​សហរដ្ឋអាមេរិក។

ការ​ថ្លែង​របស់​ចិន​របៀប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​អនុរដ្ឋមន្រ្តី​ការបរទេស Liu Zhenmin នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ថ្ងៃ​ពុធ ទី២៥ វិច្ឆិកា​នេះ។ លោក Zhenmin បាន​ធ្វើ​អត្ថាធិប្បាយ​ថា ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ដែល​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ហៅ​កាត់​ថា COP២១ គឺ​ដើម្បី​ផ្តល់​សន្ទុះ​នយោបាយ តែ​មិនមែន​ដើម្បី​បន្ត​កិច្ច​ចរចា​អ្វី​បន្ថែម​ទៀត​ទេ។ មន្រ្តី​កាទូតជាន់ខ្ពស់​ចិន​រូប​នេះ​ដដែល​បាន​គូសបញ្ចាក់​ថា កម្មវត្ថុ​នៃ​សន្និសីទ​ក្រុង​ប៉ារីស​មាន​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​កិច្ចចរចា​ដែល​មាន​ស្រាប់។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា គឺ​ជំហរ​របស់​ចិន​របៀប​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​នៅ​ទីក្រុង​កូប៉ិនហាក ប្រទេស​ដាណឺម៉ាក​ក្នុង​ឆ្នំា ២០០៩ ទទួល​បរាជ័យ។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លំាង និង​ក្នុង​នាម​ជា​ប្រទេស​ដែល​កំពុង​ចាក់ចោល​ឧស្ម័ន​ផ្ទះកញ្ចក់​លំដាប់​ទី២ បន្ទាប់​ពី​អាមេរិក ចិន​នៅ​បន្ត​ជា​អាជ្ញាកណ្តាល​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នា​ពេល​ខាង​មុខ។
 
ជា​ថ្មី​ម្តង​ទៀត លោក​អនុរដ្ឋមន្រ្តី​ការបរទេស​ចិន Liu Zhenmin បាន​ទម្លាក់​កំហុស​ដាក់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ថា ជា​អ្នក​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ឡើង​កំដៅ​ក្នុង​ភពផែនដី​មក​ដល់​សព្វថ្ងៃ។ ដូច្នេះ អ្នក​ដែល​មាន​តួនាទី​ទប់​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​ភពផែនដី​មុន​គេ គឺ​ក្រុមប្រទេស​អភិវឌ្ឍន៍​នោះ​ឯង។ ថ្មីៗ​នេះ អ្នក​ចរចា​ចិន​ផ្នែក​អាកាសធាតុ​ធ្លាប់​បាន​ព្រមាន​ថា ជំនួយ​របស់​ក្រុមប្រទេស​អភិវឌ្ឍន៍​សម្រាប់​ជួយ​ក្រុមប្រទេស​ដែល​រងគ្រោះ​ដោយ​ការ​ឡើង​កំដៅ​ក្នុង​បរិយាកាស​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ គួរ​រម្លឹក​ជូន​ថា ក្រុម​ប្រទេស​អភិវឌ្ឍន៍​បាន​សន្យា​ជួយ​លុយ​ចំនួន ១០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដល់​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​សម្រាប់​ទប់ទល់​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​ភពផែនដី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ