អានតួអត្ថបទ
ចិន

ចិន-ស៊ីរី៖​ប៉េកាំង​បាន​តែងតាំង​ប្រេសិតពិសេស​ម្នាក់​សម្រាប់​ប្រទេស​ស៊ីរី

នៅ​ថ្ងៃ​អង្គារ ទី២៩ មីនា ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​តែងតាំង​ប្រេសិតពិសេស​ម្នាក់​របស់​ខ្លួន​សម្រាប់​ចូលរួម​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។ តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​ជម្លោះផ្ទៃក្នុង​ជាង ៥ឆ្នាំ​មក នេះ​ជា​លើក​ទី១ បង្អស់​ដែល​ទីក្រុង​ប៉េកាំង​បាន​តែងតាំង​ឲ្យ​មាន​អ្នកតំណាងពិសេស​ម្នាក់​សម្រាប់​ស៊ីរី។ គំនិត​ផ្តួចផ្តើម​របស់​ចិន​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ពង្រីក​បន្ថែម​​ឥទ្ធិពល​នយោបាយ​នៅ​តំបន់​មួយ​ដែល​ចិន​សម្លឹង​ឃើញ​តែ​ប្រយោជន៍​សេដ្ឋកិច្ច។

Hong Lei អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន
Hong Lei អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន DR
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​បច្ចុប្បន្ន ចិន​មិន​សូវ​អើពើ និង​សុខចិត្ត​បិទមាត់ ធ្វើ គ ធ្វើ​ថ្លង់​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​នៅ​តំបន់​មជ្ឈិមបូព៌ា។ មិន​ថា​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ឬ​មួយ​ក៏​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី ប៉េកាំង​សុខចិត្ត​ឈរ​នៅ​កណ្តាល​ជាជាង​ងាក​ទៅ​កាន់​ជើង​ខាង​ណេះ ឬ​ខាង​ណោះ។ ទង្វើ​របស់​ចិន​របៀប​នេះ​មក​ពី​ចិន​មិន​ចង់​ឲ្យ​ខូច​ប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ពិសេស​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ចិន​ត្រូវ​ការ​ប្រេង​ដើម្បី​យក​ទៅ​ចិញ្ចឹមបំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

តែ​ចាប់​ពី​ពេល​នេះ​ទៅ ចិន​បាន​ផ្តើម​លូក​ដៃ​កាន់​តែ​ជ្រៅ​ក្នុង​ផ្លូវនយោបាយ​ដើម្បី​ចូលរួម​ដោះស្រាយ​វិបត្តិ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ពិសេស​វិបត្តិ​ស៊ីរី​សព្វថ្ងៃ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ចិន​ទើប​តែងតាំង​លោក​ស៊ី សាវយ៉ាន អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អ៊ីរ៉ង់ ប្រចាំ​ប្រទេស​អេត្យូពី និង​ប្រចាំ​សហភាព​អាហ្វ្រិក​ឲ្យ​ធ្វើ​ជា​តំណាងពិសេស​របស់​ខ្លួន​សម្រាប់​ប្រទេស​ស៊ីរី។ កម្មវត្ថុ​នៃ​ការ​តែងតាំង​ឲ្យ​មាន​ប្រេសិតពិសេស​ម្នាក់​របស់​ខ្លួន គឺ​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព ក៏​ដូច​ជា​ការ​ដាក់​ចេញ​នូវ​ដំណោះស្រាយ​របស់​ចិន​សម្រាប់​ស៊ីរី។

កន្លង​មក និង​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ចិន​តែងតែ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​នៅ​ស៊ីរី និង​បាន​ប្រើ​សិទ្ធិវេតូ​ប្រឆាំង​រាល់​សេចក្តីសម្រេច​ចិត្ត​ដែល​ដាក់​ទ័ណ្ឌកម្ម​លើ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ដែល​ចិន​បាន​តែងតាំង​ឲ្យ​មាន​អ្នកតំណាងពិសេស​ម្នាក់​របស់​ខ្លួន​សម្រាប់​ស៊ីរី​បាន​ធ្វើ​ឡើង​ចំ​ពេល​ល្អ​ណាស់ ពោល​ចំ​ពេល​ដែល​កិច្ចចរចា​សន្តិភាព​ឲ្យ​ស៊ីរី​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

ចំ​ពេល​ល្អ ព្រោះ​បើ​កិច្ចចរចា​នៅ​ប្រទេស​ស្វ៊ីស​ទទួល​បាន​ផ្លែផ្កា​ដូច​ដែល​គ្រប់​គ្នា​ចង់​បាន​នោះ ចិន​ក៏​មាន​ចំណែក​នៅ​ក្នុង​នោះ​ដែរ នោះ​បើ​ទោះ​បី​ជា​ចិន​ទើប​នឹង​ចូល​ប្រឡូក​ខ្លាំង​នា​ពេល​នេះ​ក៏​ដោយ។ ក៏​ប៉ុន្តែ ការ​លូកដៃ​ជ្រៅ​របស់​ចិន​ក៏​អាច​ធ្វើ​ឲ្យ​ចិន​ទទួល​ផលអាក្រក់​ដែរ។ នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ពី​ការ​កាត់ ក ចំណាប់ខ្មាំង​ជនជាតិ​ចិន​ម្នាក់​ក្នុង​ទឹកដី​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ