អានតួអត្ថបទ
ចិន

ចិន​កំណត់​គោលដៅ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១៦ ចន្លោះ ៦,៥% និង​ ៧%

នៅ​ក្នុង​ប្រទេស​ចិន គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់ជាតិ​បាន​ប្រកាស​ធានា​នៅ​ថ្ងៃ​ពុធ ទី៣ កុម្ភៈ​ថា អត្រាកំណើន​សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ ២០១៦ នេះ​នឹង​មាន​ចន្លោះ​ពី ៦,៥% ទៅ ៧%។ នេះ​ជា​លើកទី១ ដែល​ចិន​បាន​កំណត់​គោលដៅ​នៃ​អត្រា​កណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ចន្លោះ​តួលេខ​ពីរ ពោល​មិន​បាន​កំណត់​តួលេខ​តែ​មួយ​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក​ទេ។

លោកស៊ូ ស្ហាវស្ហ៊ី ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់ជាតិ​​ចិន
លោកស៊ូ ស្ហាវស្ហ៊ី ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់ជាតិ​​ចិន
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់ជាតិ​នៅ​ស្រុក​ចិន គឺ​ជា​ទីភ្នាក់ងារ​ដ៏​មាន​អំណាច​មួយ​ទទួល​បន្ទុក​ត្រួតពិនិត្យ​លើ​នយោបាយ​សេដ្ឋកិច្ច។ លោក​ស៊ូ ស្ហាវស្ហ៊ី ប្រធាន​គណៈកម្មការ​មួយ​នេះ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​ថា ទោះ​បី​ជា​ស្ថានភាព​សេដ្ឋកិច្ច​ចិន​កំពុង​បន្ត​ផុយស្រួយ និង​ទទួល​គំនាប​ខ្លាំង​នៅ​ត្រីមាស​ទី១ ដើម​ឆ្នាំ ២០១៦ នេះ​ក៏​ដោយ ក៏​ចិន​នឹង​សម្រេច​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ពី ៦,៥% ទៅ ៧% សម្រាប់​ឆ្នាំ ២០១៦ នេះ។

នេះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ដែល​ចិន​បាន​កំណត់​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ចន្លោះ​តួលេខ​ចំនួន​ពីរ ពោល​មិនមែន​តួលេខ​តែ​មួយ​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ទេ។ មូលហេតុ មក​ពី​ចិន​មិន​ចង់​ឲ្យ​មាន​កំហុស​ជា​ថ្មី​ទាក់ទង​នឹង​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៥ ដែល​ខ្លួន​បាន​កំណត់​ឲ្យ​មាន ៧% តែ​ជាក់ស្តែង​ស្រាប់​មាន​ត្រឹម ៦,៩% ប៉ុណ្ណោះ។ ៦,៩% គឺ​ជា​អត្រា​មួយ​ដ៏​ទាប​គិត​ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ។

ក៏​ប៉ុន្តែ ក្រុម​អ្នកវិភាគ​បាន​យល់​ឃើញ​ថា មហិច្ឆតា​ដែល​ចិន​បាន​កំណត់​គោលដៅ​អត្រា​កំណើន​សេដ្ឋកិច្ច​ចន្លោះ​ពី ៦,៥% ទៅ ៧% សម្រាប់​ឆ្នាំ ២០១៦ នេះ ជា​មហិច្ឆិតា​មួយ​ដែល​ប្រហែល​ជា​មិន​អាច​ទៅ​រួច បើ​ធៀប​នឹង​ស្ថានការណ៍​សេដ្ឋកិច្ច​ដ៏​ផុយស្រួយ​ដែល​ចិន​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។ លោក យ៉ាង ស្ហាវ អ្នកវិភាគ​ម្នាក់​នៅ​ក្នុង​ធនាគារ​ណូមូរ៉ា (Nomura) បាន​អះអាង​ថា បើ​ផ្អែក​លើ​កង្វះ​ព័ត៌មាន​ស្តីពី​កំណែទម្រង់​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ចិន​កំពុង​អនុវត្តន៍​បច្ចុប្បន្ន អត្រា​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៦ អាច​មាន​ត្រឹម​តែ ៥,៨% ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ លោក​ស៊ូ ស្ហាវស្ហ៊ី​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទកាសែត​ថា រដ្ឋាភិបាល​នឹង​ពង្រឹង​វិធានការ​មួយ​ចំនួន​ដើម្បី​ជួយ​ជម្រុញ​វិស័យ​មួយ​ចំនួន​ដែល​កំពុង​ទ្រឹង​មួយ​កន្លែង ដូច​យ៉ាង​វិស័យ​នាំ​ចេញ ឬ​មួយ​ក៏​ការ​វិនិយោគ​អចលនទ្រព្យ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​នឹង​ផ្តើម​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​មួយ​ចំនួន​ដែល​លែង​ផ្តល់​ចំណេញ​ឲ្យ​រដ្ឋ តែ​បែរ​ជា​កំពុង​បន្ត​រស់​ដោយ​ជំនួយ​របស់​រដ្ឋ និង​កំពុង​ជំពាក់បំណុល​យ៉ាង​ច្រើន​សម្បើម​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ