ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អាស៊ី

ប្រធានាធិបតី​ចិន​ទៅ​ប៉ាគីស្ថាន​ជាមួយ​នឹង​គម្រោង​វិនិយោគ​៤៦ពាន់​លាន​ដុល្លារ

media  
ប្រធានាធិបតី​ចិន (ស្តាំ)​ទទួល​ស្វាគម​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ ក្នុង​ទីក្រុង​ប៉េកាំង REUTERS/Kim Kyung-Hoon

ប្រធានាធិបតី​ចិន ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ទី ២០​មេសា​នេះ នៅ​ប្រទេស​ប៉ាគីស្ថាន។ លោក​ស៊ី ជីនពីង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​អ៊ីស្លាម៉ាបាត​ជាមួយ​នឹង​គម្រោង​វិនិយោគ​របស់​ចិន នៅ​ប៉ាគីស្ថាន ដែល​មាន​តម្លៃ​ប្រមាណ​៤៦​ពាន់​លាន​ដុល្លារ។

លោក​ស៊ី ជីនពីង​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ចិន​​ទី មួយ ក្នុង​រយៈពេល ៩​ឆ្នាំ​ចុងក្រោយនេះ ដែល​ដាក់​ជើង​ជាន់​ទឹកដី​ប៉ាគីស្ថាន។ នៅ​មួយ​ថ្ងៃ​មុន ប្រមុខ​ដឹកនាំ​កំពូល​របស់​ចិន​ផ្តើម​ទស្សនកិច្ច​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត ភាគី​ប៉ាគីស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​វិនិយោគ​របស់​ចិន នៅ​ប៉ាគីស្ថាន ដែល​តម្លៃ​៤៦​ពាន់​លាន​ដុល្លារ។ តាម​រដ្ឋមន្រ្តី​ទទួល​បន្ទុក​គម្រោង​អភិវឌ្ឍន៍ប៉ាគីស្ថាន ទឹកប្រាក់​៤៦​ពាន់​លាន​ដុល្លារ​មាន​បូកបញ្ចូល​ផងដែរ គម្រោងការ​ដែល​កំពុង​ដំណើរការ​រួចហើយ នៅ​ប៉ាគីស្ថាន។

 
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប៉ាគីស្ថាន ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ត្រូវ​គេ​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជាច្រើន ​ជាពិសេស ការសហការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​គម្រោង​ផ្គត់ផ្គង់​ថាមពល និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​បាគីស្ថាន​បាន​កើនឡើង ពី​៤​ពាន់​លាន​ដុល្លារ មក​១២​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំមុន។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅប្រទេស​ចិន នៅក្រោយ​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​ណាវ៉ា ស្ហារីហ្វ​ធ្លាប់​បាន​ប្រកាស​វាយតម្លៃ​ថា ទំនាក់ទំនង​ចិន និង​ប៉ាគីស្ថាន​ផ្អែម​ជាង​ទឹកឃ្មុំ​ទៅទៀត។

សហប្រតិបត្តិការ​ចិន និង​ប៉ាគីស្ថាន មាន​ច្រើន​ជាង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​ចិន និង​ប៉ាគីស្ថាន មាន​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។ កាលពី​ឆ្នាំ ២០១៣ ប៉ាគីស្ថាន​បាន​ប្រគល់​កំពង់ផែ​ទឹកជ្រៅ Gwadar​មួយ​ទៅ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន​កាន់កាប់។ តាមរយៈ​កំពង់ផែ​នេះ ទីក្រុង​ប៉េកាំង​នឹង​ចំណេញច្រើន ដោយ​អាច​កាត់បន្ថយ​ផ្លូវ​ដឹកជញ្ជូន​ប្រេង ពី​តំបន់​ដើមបូព៌ា បាន​យ៉ាងច្រើន​ម៉ឺន​គីឡូម៉ែត្រ ​ពោល​គឺ​ចិន​នឹង​ប្រើហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក​ប៉ាគីស្ថាន​ដើម្បី​ដឹកផ្ទាល់​តែម្តង សំដៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស​ចិន ដែលនៅ​ជាប់​ព្រំដែន​ជាមួយ​ប៉ាគីស្ថាន។

ក្រៅតែ​ពី​បញ្ហា​សេដ្ឋកិច្ច នៅ​ប៉ាគីស្ថាន ប្រធានាធិបតី​ចិន គ្រោង​ផងដែរ នឹង​ជជែក​ជាមួយ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ពី​បញ្ហា​សន្តិសុខ។ តាម​អតីត​មេបញ្ជាការ​ទ័ព​ប៉ាគីស្ថាន​ម្នាក់ ទីក្រុង​ប៉េកាំង​ខ្លាចថា ក្រុមប្រដាប់​អាវុធ អ៊ីស្លាម​ជ្រុលនិយម​របស់​ប៉ាគីស្ថាន​ឆ្លងចូល​ទៅក្នុង​ខេត្ត​ស៊ីនជាំង​របស់​ចិន ដែល​នៅជាប់​ព្រំប្រទល់​ជាមួយ​ប៉ាគីស្ថាន។ ចិន​ធ្លាប់​បាន​ប្រកាស​ថា គឺ​ក្រុមភេរវជន​មក​ពី​បរទេស​ចូល​ទៅ​បង្ក​ភេរវកម្ម​ក្នុង​ខេត្ត​ស៊ីនជាំង។ ដូច្នេះ ចិន​ដែល​ចង់​ធានា​សុវត្ថិភាព​សន្តិសុខ​នៅ​តាមព្រំដែន ជាមួយ​ប៉ាគីស្ថាន​ចង់​ទាមទារ​ឲ្យ​ប៉ាគីស្ថាន​បញ្ជាក់​ធានា​ថា នឹង​គ្មាន​ក្រុមប្រដាប់​អាវុធ អ៊ីស្លាម​ជ្រៀត​ចូល​ទៅបង្ក​អសន្តិសុខ​ក្នុង​ទឹកដី​ចិន ជា​ដាច់ខាត៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ