អានតួអត្ថបទ
ភូមា

ចិន​បដិសេធ​ថា មិន​បាន​នៅ​ពីក្រោយ​ការវាយ​ប្រហារ​របស់​ក្រុមឧទ្ទាម​កូកាង​

ឆាកប្រយុទ្ធ​បង្ហូរឈាម នៅ​តែ​បន្តមាន នៅ​ប៉ែក​ខាងជើង​ប្រទេស​ភូមា ក្បែរ​ទៅរក​ព្រំដែន​ចិន។ យោងតាម​កាសែត​រដ្ឋភូមា ចុះផ្សាយ កាលពីថ្ងៃ​សុក្រ ទាហាន​របស់​រដ្ឋាភិបាល​បាន​បើក​ការប្រយុទ្ធ​ខ្លាំងមួយ ដើម្បី​បណ្តេញ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច ចេញពី​ទីក្រុង​ឡូកៃ ជាទី​មាន​ផ្ទុះឡើង​ដំបូង ការប្រយុទ្ធគ្នា​រវាង​ទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​កូកាង។ កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ភូមា​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​ចិន ជួយ​សហការ ទប់ស្កាត់ កុំ​ឲ្យ​ពួកភេរវនិយម​ប្រើ​ទឹកដី​ចិន ដើម្បី​វាយប្រហារ​ទៅលើ​ទ័ព​ភូមា។ 

ទាហាន​ភូមា​រក្សា​សន្តិសុខ​នៅ  Lashio ជាទី​ដែល​អនុប្រធានាធិបតីភូមា​ជួបប្រជាជន​ភៀសខ្លួន​ពីការប្រយុទ្ធគ្នា​នៅ​ទីក្រុង​លូកៃ ថ្ងៃ​ទី ២០​កុម្ភៈ
ទាហាន​ភូមា​រក្សា​សន្តិសុខ​នៅ Lashio ជាទី​ដែល​អនុប្រធានាធិបតីភូមា​ជួបប្រជាជន​ភៀសខ្លួន​ពីការប្រយុទ្ធគ្នា​នៅ​ទីក្រុង​លូកៃ ថ្ងៃ​ទី ២០​កុម្ភៈ ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ការប្រយុទ្ធ​គ្នា មាន​កាន់តែ​ខ្លាំង​ឡើងៗ រវាងទ័ព​រដ្ឋាភិបាល​ភូមា និង​ពួកឧទ្ទាម ជនជាតិ​ភាគតិច។ កាលពីថ្ងៃ​សុក្រ រដ្ឋាភិបាល​ភូមា​ត្រូវ​បញ្ចេញ ប្រើ​យន្តហោះ​ចម្បាំងដើម្បី​​អម​ទ័ព​ជើងគោក ប្រយុទ្ធ​ទប់ទល់​នឹង​ពួក​ឧទ្ទាម​ជនជាតិ​ភាគតិច កូកាង ដែល​រហូត​មកដល់​ពេលនេះ ​ទទួល​បាន​ការគាំទ្រ ចូលរួម​ប្រយុទ្ធ​កាន់តែច្រើន​ពី ពួក​ឧទ្ទាម​ជាតិ​ភាគតិច​ផ្សេងទៀត ដូចជា ក្រុម​Ta’ang និង​ពួកឧទ្ទាម​កាឈីន​ជាដើម។

 
ជម្លោះ​ប្រដាប់​អាវុធ ដែល​កើត​មាន​១១​ថ្ងៃ​មកហើយ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក នៅ​ភាគ​ខាងជើង​ភូមា ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ចិន។ នៅថ្ងៃ​សុក្រ ទីក្រុង​លូកៃ សឹង​​ក្លាយ​ជា​ទីក្រុង​ខ្មោច បន្ទាប់ពី ប្រជាជន​ជនជាតិ​ភាគតិច ​យ៉ាងហោច ៣ម៉ឺន​នាក់​បាន​រត់​គេចខ្លួន ជាបន្តបន្ទាប់ ពី​ការប្រយុទ្ធ ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ចិន។

ប្រទេស​ចិន​ដែល​បារម្ភ​ពី​អសន្តិសុខ​ក្នុង​ទឹកដី​របស់ខ្លួន ដោយសារ​ការហូរចូល​កាន់តែច្រើន ជនជាតិ​ភាគតិច កូកាង បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ ឈប់​ប្រយុទ្ធ​គ្នា និង​ដោះស្រាយ​ជម្លោះ​តាម​ផ្លូវ​សន្តិភាព។ នៅថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​ប៉េកាំង​ថែម​ទាំង​បាន​ចេញមុខ​បដិសេធ​ថា ខ្លួន​មិន​ស្ថិតនៅ​ពី​ក្រោយ​ក្រុមឧទ្ទាម ជនជាតិ​ភាគតិចនោះទេ។ ចិន​បដិសេធ បន្ទាប់​ពី​មេទ័ព​ភូមា​ម្នាក់​បាន​ចោទ​ប្រកាន់​ថា មាន​អ្នកមាន​អំណាច​បរទេស ជួយ​គាំទ្រ​ក្រុមឧទ្ទាមបះបោរ។ មន្រ្តី​រដ្ឋាភិបាល​ភូមា ម្នាក់​បាន​សរសេរ​នៅក្នុង​ទំព័រ​សង្គម​ហ្វេសប៊ុក នៅថ្ងៃ​ព្រហស្បតិ៍ ស្វែងរក​ការសហការ ពីប្រទេស​ចិន ដើម្បី​ទប់ស្កាត់​ក្រុមភេរវជន​ដែល​មាន​ប្រភព​ពី​ក្នុង​ទឹកដី​ចិន។

សូមរំលឹកជូន​ថា បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​ជាង​៦​ឆ្នាំ ជម្លោះ​ប្រដាប់​អាវុធ​រវាង​ទ័ព​រដ្ឋាភិបាល​ភូមា និង​ពួក​ឧទ្ទាម​ជនជាតិ​ភាគតិច​កូកាង បាន​ចាប់កក្រើក​ឡើង​ឡើងវិញ បន្ទាប់ពី​ពួកឧទ្ទាម​បាញ់​សម្លាប់​ទ័ព​ភូមា អស់​៥០​នាក់ កាលពីថ្ងៃ​ទី ៩​កុម្ភៈ។ មេក្រុម​ឧទ្ទាម​កូកាង ឈ្មោះ ប៉េង ជាស្ហេង​ដែល​បាន​រត់គេច​ខ្លួន​ទៅក្នុង​ប្រទេស​ចិន កាលពី​៦​ឆ្នាំមុន ជា​អ្នកដឹកនាំ​ការវាយប្រហារ​ទៅលើ​ទ័ព​រដ្ឋាភិបាល​ភូមា ដែល​ខ្លួន​ចោទថា បាន​រើសអើង​ប្រកាន់​ពូជសាសន៍​ទៅលើ​ជនជាតិ​កូកាង នៅ​ភូមា។ កូកាង ​ជា​ជនជាតិ​ភាគតិច​ភូមា ដែល​មាន​អម្បូរ​ពី​ជនជាតិ​ហាន​របស់​ចិន។ តាម​អ្នកវិភាគខ្លះ ជម្លោះ​ថ្មីៗ​នេះ​មាន​ទាក់ទង​នឹង​ទំនាស់​ផលប្រយោជន៍ រវាង​ក្រុម​ឧទ្ទាម​កូកាង និង​ទាហាន​រដ្ឋាភិបាល ពីព្រោះ​គេ​ដឹង​ ថា ជនជាតិ​ភាគតិច​ដើម​កំណើត​ចិន នៅ​ប៉ែក​ខាងជើង​ភូមា​ ច្រើន​តែ​មាន​ជាប់ពាក់ព័ន្ធ​នឹង​របរ​រកស៊ី​ជួញដូរ​គ្រឿងញៀន និង​ការដាំ​ដំណាំ​អាភៀន។

លោក​ប្រធានាធិបតី​ភូមា ថេន សេន​វិញ​ធ្លាប់​បាន​ប្រកាស​សន្យា​មិន​ឲ្យ​បាត់បង់​ទឹកដី​មួយ​ចំអាម ទៅ​ឲ្យ​ពួកឧទ្ទាម​ជនជាតិ​ភាគតិច​ឡើយ។ ចង់ ឬ​មិនចង់ ការចាប់ប្រយុទ្ធ​គ្នា​សា​ជាថ្មី បាន​បញ្ចេញ​ឲ្យ​ឃើញ​បណ្តើរៗ នូវ​បរាជ័យ​របស់​រដ្ឋាភិបាល​ភូមា ដែល​ចង់​ស្វែង​រក​កិច្ច​ព្រមព្រៀង​ឈប់បាញ់​ថ្នាក់​ជាតិ មួយ ជាមួយ​គ្រប់​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច នៅ​ទូទាំង​ប្រទេស។ ម្យ៉ាងទៀត ការចាប់​ប្រយុទ្ធ​គ្នា​ឡើងវិញ ជាមួយ​ពួកឧទ្ទាម​នឹង​អាច​បង្ក​ភាពស្មុគស្មាញ​ដល់​មេដឹកនាំ​ភូមា ដែល​ត្រូវ​ត្រៀមខ្លួន ចូលរួម ការរៀបចំ​បោះឆ្នោត សភា នៅ​ចុងឆ្នាំ​នេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ