អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិននិង​អាមេរិក ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​​ក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ​COP21

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្របពេល​ដែល​ចិន​កំពុង​ទទួល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០ ​រឺ​ហៅ​ថា ​G20 ​ រដ្ឋាភិបាល​ចិន​ និងអាមេរិក ទើប​បាន​ប្រកាស​អំពី​ការ​ផ្តល់​សច្ចាប័ន ​ដល់​កិច្ច​ព្រមព្រៀង​ស្តី​ពី​អាកាសធាតុ ​ដែល​បាន​ចុះ​ហត្ថលេខា ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​ទីក្រុង​ប៉ារីស។ នេះ​គឺជា​ដំណឹង​មួយ​ដ៏​ល្អ ​ព្រោះ​ចិន និងអាមេរិក គឺ​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ជាងគេ​បង្អស់ ​ហើយ​គេ​សង្ឃឹម​ថា ​ប្រទេស​ធំៗ​ដ៏ទៃ​ទៀត ​នឹង​ប្រញ៉ាប់​ប្រញាល់​ផ្តល់​សច្ចាប័ន​ដែរ ​ ដើម្បី​អនុញ្ញាតិ​ឲ្យ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​កាត់បន្ថយ​កំដៅ​ផែនដី​នេះ ​ អាច​ចូល​ជា​ធរមាន​ជា​ស្ថាពរ ​នៅមុន​ដំណាច់​ឆ្នាំ​២០១៦។

លោក Xi Jinping និងលោក  ​Barack Obama នាពេល​​បើក​​កិច្ច​ប្រជុំ​G20 ក្រុង ​Hangzhou ថ្ងៃទី​៣ កញ្ញា ២០១៦
លោក Xi Jinping និងលោក ​Barack Obama នាពេល​​បើក​​កិច្ច​ប្រជុំ​G20 ក្រុង ​Hangzhou ថ្ងៃទី​៣ កញ្ញា ២០១៦ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ចិន និង​អាមេរិក​ ម្ចាស់​ឧស្ម័ន​ពុល​៤០% ​ព្រមធ្វើ​សច្ចាប័ន៖

នេះគឺ​ជា​ដំណឹង​ល្អណាស់ ​ជា​ពិសេស​គឺ​វា​ជា​ក្តី​សង្ឃឹម​របស់​មនុស្សជាតិ ​និង​ភព​ផែនដី​យើង​ ដែល​កំពុងតែ​រង​ឥទ្ធិពល​ ដោយការ​ឡើង​កំដៅ​ផែនដី។ ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំកំពូល ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០ ​នៅ​ទីក្រុង​ហាងចូ​វ​នេះ គឺចិន​ និង​អាមេរិក ​បាន​ប្រកាស​រួមគ្នា ​ថាបាន​ធ្វើ​សច្ចាប័ន ​ដល់​កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ។

តាម​ពិត​ វា​គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល​ចិន ​ ដែល​ចង់​ផ្សព្វផ្សាយ​ដំណឹង​នេះ​ ព្រមពេល​គ្នា​ជាមួយ​កិច្ច​ប្រជុំ​ប្រទេស G20 ​ ដើម្បី​ជា​ការ​កសាង​មុខមាត់ ​ បង្អួត​ប្រាប់​ប្រទេស​ទាំង​១៩​ផ្សេងទៀត ​ដែល​មាន​មុខ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ។ យ៉ាងណាមិញ ​ដើម្បី​កសាង​មុខមាត់​ និង​ទទួល​ភ្ញៀវ​ឲ្យ​បាន​អធិកអធម្ម ​ក្នុង​ឱកាស​ជំនួប​កំពូល​ប្រទេស​G20​ នេះ​ រដ្ឋាភិបាល​ចិន ​បាន​បញ្ជា​ឲ្យ​ផ្អាក​ដំណើរ​ការ​រោងចក្រ​ដុត​ធ្យូងថ្ម​ជាច្រើន ​ ប្រមាណ​៣០០​គីឡូម៉ែត្រ ​ជុំវិញ​ទីក្រុង​ហាងចូវ​ទៀត​ផង។ ធ្វើអញ្ចឹង​ ដើម្បី​កុំ​ឲ្យ​គណប្រតិភូ​ដែល​មក​ប្រជុំ ​ឃើញ​ផ្សែង​ខ្មៅ ​និង​បរិយាកាស​អួរអាប់ ​នៅ​កន្លែង​ប្រជុំ។

ដូចយើង​ដឹង​ហើយ ​ចិន​គឺ​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័នពុល​ច្រើន​ជាង​គេ​បង្អស់។ ពោល​គឺ​ ឧស្ម័ន​ពុល​ រឺឧស្ម័ន​កាបូនិក ​ដែល​បញ្ចេញ​ចោល​ក្នុង​បរិយាកាស​ចំនួន​២៤% ​គឺ​ជា​របស់​ចិន។ វិស័យ​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​បំផុត​នៅ​ចិន​នេះ ​គឺ​វិស័យ​ថាមពល​រោងចក្រ​តែម្តង។ ៧០%​នៃ​ថាមពល​ដែល​ផលិត​បាន​នៅចិន ​ គឺ​មាន​ប្រភព​ពី​ការ​ដុត​ធ្យូងថ្ម។ ធ្យូងថ្ម​នេះ ​គឺ​ជា​មូលហេតុ​យ៉ាង​សំខាន់ ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ ហើយ​ដែល​ឧស្ម័ន​ទាំងនេះ ​វា​បាន​ហ៊ុំព័ទ្ធ​ស្រទាប់​បរិយាកាស​ផែនដី ​ហើយ​ធ្វើ​ឲ្យ​ផែនដី​កាន់​តែ​ក្តៅ។

មុន​នេះបន្តិច​ គេគ្រាន់​តែដឹង​ពី​ការ​ផ្តល់​សច្ចាប័ន​របស់​ចិន​តែ​ប៉ុណ្ណោះ ​ហើយ​គេ​បាន​សង្ស័យ​ថា​លោក​អូបាម៉ា ​ដែល​មាន​មុខ​ទៅ​ប្រជុំនោះ ​នឹង​ប្រកាស​ពី​ការ​ធ្វើ​សច្ចាប័ន​របស់​អាមេរិកដែរ។​ ទីបំផុត​ដូច​ការ​រំពឹង​ទុក​ គឺ​ថ្នាក់​ដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច ​នឹង​មេ​បញ្ចេញ​ឧស្ម័ន​ពុល​ទាំងពីរ​ បាន​ប្រកាស​រួមគ្នា។ លោក ​ស៊ីជីនពីង​ និង​លោក​អូបាម៉ា ​បាន​ប្រគល់​ឯកសារ​ផ្លូវការ​ស្តីពី​ការ​ធ្វើ​សច្ចាប័ន​ ទៅលោក​បាន គីមូន ។ គេ​រំពឹង​យ៉ាង​ខ្លាំង​ថា ​កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ​នេះ​នឹង​ចូល​ជាធរមាន​ នៅចុង​ឆ្នាំ​២០១៦​នេះ។

​នៅថ្ងៃណាមួយ ​យើង​នឹង​អាច​មើលឃើញ​ច្បាស់ថា ​ការ​ចុះ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ​គឺជា​ហេតុការណ៍​ប្រវត្តិសាស្រ្ត​មួយ ដែល​យើង​ទាំងអស់គ្នា​មូលមតិគ្នា​តែមួយ ​ក្នុងការ​សង្រ្គោះ​ភពផែនដី​របស់​យើង។

02:34

ប្រសាសន៍​របស់​លោក​អូបាម៉ា

២លក្ខខណ្ឌ ​ដើម្បីឲ្យ​កិច្ច​ព្រមព្រៀងស្តី​ពីអាកាសធាតុ ​អាច​ចូលជា​ធរមាន៖
លក្ខខណ្ឌ​មាន​ពីរ៖ ​ទីមួយ ​គឺត្រូវ​ឲ្យមាន​ប្រទេស​ហត្ថលេខី​ចំនួន​យ៉ាង​ហោចណាស់ ​៥៥​ប្រទេស ​ផ្តល់​​សច្ចាប័ន ​ដល់​កិច្ច​ព្រមព្រៀង​នេះ។ ហើយ​លក្ខខណ្ឌ​ទី​ពីរ ​ គឺ​ប្រទេស​ទាំង​៥៥​នេះ​ ត្រូវតែ​ជា​ប្រទេស​ដែល​មាន​ចំណែក​បញ្ចេញ​ឧស្ម័នពុល​ សរុប​រួម ​យ៉ាងហោច​ណាស់​៥៥%។ លក្ខខណ្ឌ​ទាំង​ពីរ​នេះ ​ ​គឺ​មិន​អាច​ខ្វះ​មួយ​ណា​បាន​ទេ។

ប្រទេស​នីមួយៗ ​មាន​កំរិត​បញ្ចេញ​ឧស្ម័នពុល ​មិន​ស្មើ​គ្នា​ទេ ​ពោល​គឺ​វា​អាស្រ័យ​ទៅ​លើ​ទំហំ​សេដ្ឋកិច្ច​ ព្រមទាំង​ប្រភព​ថាមពល​ដែល​ប្រើប្រាស់។ ដូចដែល​ខ្ញុំ​បាន​លើកឡើង​ពី​ខាង​លើ ​ប្រភព​ថាមពល​ដែល​ចូល​រួម​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ជាង​គេ​ ​គឺ​ប្រភព​ថាមពល​ដែល​ផលិត​ដោយ​សារធាតុ​ហ្វូស៊ីល។ សារធាតុ​ហ្វូស៊ីល​នេះ​មាន​អ្វីខ្លះ?​ គឺមាន​ដូចជា ​ប្រេងកាត ​រឺ​ប្រេង​ឥន្ធនៈ ​ ឧស្ម័ន​ហ្គាស ​ ហើយ​នឹង​ធ្យូងថ្ម ​ជាដើម។

ក្នុងករណី​ប្រទេស​ផ្តល់​សច្ចាប័ន​មាន​គ្រប់​៥៥​ តែ​សុទ្ធ​តែ​ប្រទេស​តូចៗ ​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន ​ហើយ​មិន​គ្រប់​៥៥% ​នៃ​កម្រិត​ឧស្ម័ន​ពុល​សរុប ​ គឺ​កិច្ច​ព្រមព្រៀង​នេះ ​មិន​អាច​ចូល​ជា​ធរមាន​បានទេ។ ដូច្នេះ ​គេត្រូវ​ការ​ជា​ចាំបាច់ ​នូវការ​ផ្តល់​សច្ចាប័ន​ពី​ប្រទេស​មហាយក្ស​សេដ្ឋកិច្ច ​ដូច​ជា​ចិន ​ អាមេរិក​ ជប៉ុន ​ ឥណ្ឌា ​ ជាដើម។

មាន​ប្រទេស២៦ ​ដែល​បាន​ផ្តល់​សច្ចាប័ន៖
មកត្រឹម​ពេល​នេះ ​ មាន​ប្រទេស​ទាំងអស់​២៦​ហើយ ​បូក​ថែម​ទាំង​ចិន នឹងអាមេរិក​ ដែល​ទើបតែ​ផ្តល់​សច្ចាប័ន។ ក៏​ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ទាំង​២៦​នេះ ​ គឺ​ភាគ​ច្រើន​សុទ្ធតែ​ប្រទេស​តូចៗ ​រឺ​ប្រទេស​កូនកោះ​ជាដើម។ បើ​យើង​ផាត់​ ប្រទេស​ចិន​ និងអាមេរិកចេញ ​ កម្រិត​នៃ​ការ​បច្ចេញ​ឧស្ម័ន​ពុល​សរុប​នៃ​ប្រទេស​២៤​ទៀត​នោះ ​ គឺ​មាន​មិន​ដល់​២%​ផងទេ។ នេះ​បើ​តាម​តួលេខ ​ ដែល​មាន​ផ្សាយ​នៅ​លើ​គេហទំព័រ​ របស់​អង្គការ​សហ​ប្រជាជាតិ។ បូក​ថែម​ជាមួយ​ចិន​នៅពេល​នេះ ​ គឺ​យើង​មាន​២៦​ប្រទេស ​សម្រាប់​លក្ខខណ្ឌ​ទីមួយ ​ ហើយ​សម្រាប់​លក្ខខណ្ឌ​ទីពីរ ​ គឺ​យើង​មាន​ ប្រមាណ​​ជាង៤២%​នៃ​ឧស្ម័ន​កាបូនិក​។

គ្រាន់តែ​ចិន​ និង​អាមេរិក ​គឺមាន​កម្រិត​ឧស្ម័ន​កាបូនិក​ ៤០%​ ទៅ​ហើយ។ ដូច្នេះ​ គេត្រូវការ ​ការ​ចូលរួម​ពី​ប្រទេស​ធំៗ ​ទាំងអស់ ​ពោល​គឺ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ ​ ដែល​មាន​វត្តមាន​ក្នុង​ជំនួបកំពូល​នាពេល​នេះ​តែម្តង។ ដោយ​ឡែក​នៅ​អឺរ៉ុប​វិញ ​នៅមាន​ការ​យឺត​យ៉ាវណាស់។ ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ គឺ​មានតែ​បារាំង ​ និង​ហុងគ្រី​ទេ ​ដែល​បាន​ផ្តល់​សច្ចាប័ន​រួចរាល់។

ឧបសគ្គមួយរយជំពូក៖
ឧបសគ្គ​នៅមាន​ច្រើន។ ជំហាន​ដំបូង​ ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនេះ បានចូលជាធរមានសិន។ មួយវិញទៀត គេ​កំពុង​បារម្ភ​ ដោយសារ​នៅ​តែ​ប៉ុន្មាន​ខែ​ទៀត​ លោក​អូបាម៉ា ​នឹង​ត្រូវ​ចប់​អាណត្តិ។ ដូច្នេះ​រដ្ឋាភិបាល​ថ្មី​ដែល​ឡើង​មក​ អាច​ប្តូរ​ចិត្ត​បាន។​ យ៉ាងណាមិញ ​ លោក​ដូណាល់ ​ត្រាំ ​ បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណៈរដ្ឋ ​ ធ្លាប់​បាន​ប្រកាស​ហើយ​ថា ​បើ​គាត់​ឡើង​ធ្វើ​ប្រធានាធិបតី ​ គឺគាត់​នឹង​លប់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ​ចោល។

អ្នក​ដែល​មាន​គោល​ជំហំ​រឹងរូស​មួយ​ទៀត​នោះ​គឺ​ឥណ្ឌា។ រដ្ឋាភិបាល​ឥណ្ឌា ​ធ្លាប់​បាន​ប្រកាស​ហើយ​ថា ​វាជា​សិទ្ធ​ឥណ្ឌា​ក្នុង​ការ​ប្រើប្រាស់​ប្រភព​ថាមពល​គ្រប់​រូបភាព ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ចង់​ឲ្យ​គេ​កាត់​បន្ថយ​ឧស្ម័ន​ពុល ​ ទាល់តែ​ប្រទេស​ធំៗ​ផ្សេងទៀត ​ជួយ​ផ្តល់​ថវិកា​វិនិយោគ ​និង​អភិវឌ្ឍន៍​វិស័យ​ថាមពល​ប្រកប​ដោយ​ចីរភាព ​ឲ្យបាន​ច្រើន​ដល់​គេ។ បច្ចុប្បន្ន​នេះ ​ឥណ្ឌា​បញ្ចេញ​ឧស្ម័ន​ពុល​ប្រមាណ​ជា​៦,៥%។ តែបើ​យោង​ទៅ​តាម​ល្បឿន​សេដ្ឋកិច្ច​ឥណ្ឌា​រាល់​ថ្ងៃ​នេះ ​ហើយបើ​គ្មាន​គោល​នយោបាយ​ផ្លាស់ប្តូរ​ទេ​នោះ ​ ឥណ្ឌា​នឹង​បញ្ចេញ​ឧស្ម័ន​ពុល​ទ្វេរ​មួយ​ជាពីរ ​ នៅ​រវាង​ឆ្នាំ​២០៣០។

ទាំងអស់​នេះ​គឺ​សុទ្ធ​តែ​ជា​ឧបសគ្គ។ កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ​នេះ ​ នៅ​មាន​ដំណើរ​វែង​ឆ្ងាយ​ទៀត​ណាស់ ​ទាំរាំ​អាច​ចូល​ជា​ធរមាន​បាន។ អ្វីៗ​គឺ​វា​អាស្រ័យ​លើ​ការ​ភ្ញាក់​រលឹក​របស់​ប្រទេស​ធំៗ​ ដែល​បំពុល​បរិយាកាស​ខ្លាំង​ជាងគេ។ យ៉ាងណាមិញ ​លោក​បាន គីមូន ​បាន​កោះ​ប្រជុំ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ​នៅថ្ងៃទី​២១ ​កញ្ញា​ ខាង​មុខ​នេះ ​ដើម្បី​និយាយ​ពី​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ