អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូរ៉េខាងជើង បោះ​ទុន​លើ​​វិស័យ​ព័ត៌មានវិទ្យា ដើម្បី​បំពេញ​កង្វះ​ខាត​ផ្នែក​យោធា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​អាមេរិក​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កូរ៉េខាងត្បូង រង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ទិន្នន័យ​ព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​ចោរ​ចូល​លួច​យកបាន ឬ​លុប​បំបាត់ ! ភ្នាក់ងារ​អាមេរិក​ក៏​ដូច​ជា​កូរ៉េខាង​ត្បូង បាន​ចង្អុល​មុខ​ភ្លាម​ថា​ជា​ស្នាដៃ​របស់​កូរ៉េខាង​ជើង និង​គំរាម​សង​សឹក​ទៀត។ ឯ​កូរ៉េខាង​ជើង​ខ្លួន​ឯង កាលពី​ថ្ងៃ​ចន្ទ​ ក៏​បាន​ជួប​ហេតុការណ៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​ប្រព័ន្ធ​អ៊ីនធ័រនែត បាន​កាត់​ផ្តាច់​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង ដោយ​គ្មានមូលហេតុ​ និង​ដោយ​គ្មាន​នរណា​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ តើ​កូរ៉េខាង​ជើង​ពិត​មាន​សមត្ថភាពធ្វើ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​មែ​នឬ ? ក្រៅ​អំពី​ខំ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ កូរ៉េខាង​ជើង​ ​កំពុង​សាក​ល្បង​រត់​តាម​ពិភពលោក​ក្នុង​វិស័យ​ព័ត៌មានវិទ្យា ទៀតឬ យ៉ាងណា ?

ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន ផ្តល់​ការ​ណែនាំ​ដល់​ក្រុមការងារ​នៅ​​ក្រុង​ព្យុងយ៉ាង
ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន ផ្តល់​ការ​ណែនាំ​ដល់​ក្រុមការងារ​នៅ​​ក្រុង​ព្យុងយ៉ាង © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែត ​នៅកូរ៉េខាង​ជើង មាន​កំរិត​បំផុត ! បណ្តាញ​ទាំង​បួន​ដែល​ព្យុងយ៉ាង សុទ្ធ​តែ​អូស​មក​ពី​ប្រទេស​ចិន​ជិត​ខាង​ ក្នុង​ល្បឿន​យឺត​បំផុត។ ម្ចាស់​ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មាន​តែ​មួយ​គត់ រដ្ឋាភិបាល​កុម្មុយនិស្ត​ ! បើ​តាម​អ្នក​ឯកទេស​​សន្តិសុខ​ព័ត៌មាន​វិទ្យា​អាមេរិក ប្រព័ន្ធ​អ៊ីនធ័រនែត​កូរ៉េខាង​ជើង ភ្ជាប់​ទៅកាន់​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​លោក មិន​សូវ​ទេ តែង​តែ​គាំង​ជា​ញយៗ នៅ​រាល់​ពេល​ចុង​សប្តាហ៍ ប៉ុន្តែ​គ្មាន​ទ្រង់ទ្រាយ​ធំ​ និង​យូរ​ដូច​ការ​ដាច់​អ៊ីនធ័រនែត​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ទេ។

 
ទូទៅ ពលរដ្ឋកូរ៉េខាង​ជើង​ អាច​ប្រើប្រាស់​​ប្រព័ន្ធ​អ៊ីនធ័រនែត​បាន តែ​ជា​ប្រព័ន្ធ​ផ្ទៃក្នុង គ្រប់​គ្រង​បាន​ទាំង​ស្រុង​ ​ដោយ​អាជ្ញាធរ។ មាន​តែ​មន្ត្រី​ជាន់​ខ្ពស់ សេវ៉ា​រដ្ឋ ភ្ញៀវ​បរទេស​ និង​ក្រុម​ចោរ​Hackers​ផ្លូវការ​របស់​រដ្ឋាភិបាល​ព្យុងយ៉ាង​ទេ ដែល​អាច​ប្រើ​អ៊ីនធ័រនែត​បានស្ទើរ​​ដោយ​សេរីនោះ។ ប៉ុន្តែ​បណ្តាញ​អ៊ីនធ័រនែត ដែល​ផ្គត់ផ្គង់​ដោយ​ចិន​នេះ មាន​ល្បឿន​យឺតខ្លាំង​ណាស់ និង​ក្នុង​បរិមាណ​តិច​បំផុត។ ក្នុង​ចំណោម​បណ្តាញ​នែតវឺករបស់​ពិភពលោកទាំង​មូល​ គេ​អាច​រាប់​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​នៅ​កូរ៉េ​ខាង​ជើង​បាន ថា​មាន​ចំនួន​ ​IP ​ ប្រមាណ​តែ​១០២៤​ ប៉ុណ្ណោះ។

ទាំង​តិច ទាំង​ត្រូវ​ពឹង​ចិន​ដើម្បី​មាន​បណ្តាញ​អ៊ីនធ័រនែត​ប្រើ តែ​ជា​រៀង​រាល់​លើក នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ព័ត៌មានវិទ្យា កូរ៉េខាង​ជើង​​តែង​ត្រូវ​បាន​​គេ​ចង្អុល​មុខ​ថា​នៅ​ពីក្រោយ​សកម្មភាព​ចោរ​នោះ។ បើ​តាម​ការ​អង្កេត​របស់​ភ្នាក់ងារ​ FBI​ អាមេរិក កូរ៉េខាង​ជើង​មាន​លទ្ធភាព​ដឹកនាំ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ព្រោះ​មាន​ក្រុម Hackers ទទួល​ការ​បំពាក់បំប៉ន​ពិសេស​សម្រាប់​ធ្វើ ការងារ​​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ក្រុម​នេះ​អាច​បញ្ចូល​កម្មវិធី​ក្នុង​កុំព្យូទ័រ​លួច​ព័ត៌មាន ដោយ​ ​មិន ម្ចាស់ដឹង និង​កម្មវិធី​មួយ​ទៀត​សម្រាប់​ ទៅ​លុប​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ! នេះ​បើ​តាម​ការ​អង្កេត​ និង​ដែល​ក្រុមហ៊ុន​សូនី​អាមេរិក​ទើប​បាន​រង​គ្រោះ​កន្លង​មក។

អ៊ីនធ័រនែត​មិន​ជឿន​លឿន​ខ្លាំង​មែន តែ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សូនី​អាមេរិក​ខូច​ខាត​ខ្លាំង និង​ចុះ​ញ៉ម​មិន​ព្រម​ចាក់​ផ្សាយ​ភាព​យន្ត​ទៀត​ នេះ​ពិត​ជា​អាច​បញ្ជាក់​ថា​ក្រុមចោរ​ព័ត៌មាន​វិទ្យា​កូរ៉េខាង​ជើង មាន​បទ​ពិសោធន៍​ខ្ពស់​ និង​កំពុង​ធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​អ៊ីនធ័រនែត​របស់​ខ្លួន​ហើយ។ ការិយាល័យ​ទី ១២១ ដឹកនាំ​ដោយ​ភ្នាក់ងារ​សម្ងាត់​កូរ៉េខាង​ជើង គឺ​ជា​ក្រុមការងារ​ដែល​មាន​ភារៈ​រៀប​ចំ​ធ្វើ​សង្គ្រាម​ព័ត៌មានវិទ្យា និង​ជា​បណ្តុំ​អ្នកឯកទេស​​ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​របស់​ប្រទេស។ ដូច្នេះ​ការ​​វាយ​ប្រហារ​លើ​ក្រុមហ៊ុន​សូនី អាច​​ជា​លំហាត់​របស់​ក្រុមយោធា​ឯកទេស​ មួយ​ក្រុម​នេះ ដែល​​​នៅ​ថ្ងៃ​អនាគត​ កូរ៉េ​ខាង​ជើង​ចង់​សម្រេច​រាងរាំង​​ រំខាន​​ប្រព័ន្ធ​ទូរគមនាគមន៍​ និង​អគ្គិសនី​របស់​គូ​សត្រូវ​ ឱ្យ​ជាប់​គាំង​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជាពុំ​ខាន។

បើ​តាម​ពលរដ្ឋ​កូរ៉េខាង​ជើង ដែល​បាន​គេច​ខ្លួន​រួច​ពី​របប​កុម្មុយនិស្ត​ព្យុងយ៉ាង កូរ៉េខាង​ជើង​បាន​ធ្វើ​វិនិយោគ​ខ្លាំង​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ តាំង​ពីច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​រត់​ឱ្យ​គេ​ឯង​នៅ​លើ​លោក។ ងុបងល់​នឹងធ្វើ​សង្គ្រាម​ប្រឈម​នឹង​ការ​លុក​លុយ​របស់​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក កម្មវត្ថុ​​ចំបង​របស់​ព្យុងយ៉ាង គឺ​បង្កើន​សមត្ថភាព​ព័ត៌មានវិទ្យា​ ដើម្បី បំផ្លាញ ឬ​ធ្វើ​គាំង​ស្តូកស្តឹង​រចនា​សម្ព័ន្ធ​បណ្តាញ​សាធារណៈ​សំខាន់ៗ​របស់​បច្ចាមិត្រ។

បច្ចាមិត្រ​ដែល​ត្រូវ​ប្រើ​វាយប្រហារ​តាម​ប្រព័ន្ធ​នែតវឺក គ្មាន​នរណា​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង​ឡើយ ! ការ​វាយប្រហារ​ក្រុមហ៊ុន​អាមេរិក​សូនី មាន​លក្ខណៈ​ស្រដៀង​នឹង​ទង្វើ​អតីត​កាល​ដែល​ព្យុងយ៉ាង​ធ្លាប់​ធ្វើ​រួច​មក​ហើយ ៖ លួច​បាន​ឯកសារ​រាប់​ពាន់​ពី​​ក្រុមហ៊ុន​អាមេរិក ជា​ជោគជ័យ​មួយ។

កាលពី​ឆ្នាំ​២០១៣ ប្រព័ន្ធ​ធនាគារ​ និង​ទូរទស្សន៍ជាតិ កូរ៉េខាង​ត្បូង បាន​គាំង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ ដោយ​សារ​ស្នាដៃ​ចោរ​អ៊ីនធ័រនែត ដែល​សេអ៊ូល បាន​ចោទ​ប្រកាន់​ភ្លាម​ថា​ជា​ស្នាដៃ​របស់​ព្យុងយ៉ាង។ កាលណោះ​ កុំព្យូទ័រ​ចំនួន​ជាង​បី​ម៉ឺន​គ្រឿង​ត្រូវ​ចោរ​ចូល​​លុកលុយ ក្រោយ​ប្រតិបត្តិការ​វាយប្រហារ​វិបសៃតិ៍​អ៊ីនធ័រនែត​របស់​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង។ អ្នក​ទទួល​ខុស​ត្រូវ​​ក្នុង​ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​​ចោរ​ព័ត៌មានវិទ្យា ​បាន​អះអាង​ការ​គំរាមកំហែង​ពី​សំណាក់​កូរ៉េខាង​ជើង​ក្នុង​វិស័យ​អ៊ីនធ័រនែត មាន​កាន់​តែ​ខ្លាំងៗ​ឡើង។ ខាង​ជើង​ ចង់​បំបែរ​យុទ្ធសាស្ត្រ​មក​បំផ្លាញ​ឬ​រំខាន​ដំណើរ​ការ​រចនាសម្ព័ន្ធ​ប្រទេស​តាម​បណ្តាញ​អ៊ីនធ័រនែត​​ម្តង។​

នៅ​ថ្ងៃ​ចន្ទ​ទី​២២​ធ្នូ​នេះ​ទៀត កូរ៉េខាង​ត្បូង បាន​រង​ការ​វាយប្រហារ​​តាម​អ៊ីនធ័រនែត ប្រឆាំង​នឹង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ​តែ​ជា​សំណាង​ល្អ គ្មាន​ព័ត៌មាន​ឬ​ឯកសារ​ណា​មួយ​ត្រូវ​បាន​​​ចោរ​លួច​យក​បាន។ ថ្វី​​បើ​​​ជា​កូរ៉េខាង​ជើង មាន​ចេតនា ចង់​អភិវឌ្ឍន៍​នុយក្លេអ៊េរ​ ឬ​ អាវុធ​យុទ្ធភណ្ឌ ​ឱ្យ​ទាន់​ពិភពលោក​ខាង​ក្រៅ​មែន ប៉ុន្តែ​ព្យុងយ៉ាង​ត្រូវ​ជួប​ឧបសគ្គ​ដ៏​ធំ​មួយ​គឺ​បញ្ហា​សេដ្ឋកិច្ច ! ​ប៉ុន្តែ​នៅក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​វិញ បើ​សាកលវិទ្យាធិការ​ក្រុង​សេអ៊ូល បង្កើន​សមត្ថភាព​ក្នុង​វិស័យ​នេះ​ គឺ​អាស្រ័យ​ទៅ​លើ​សមត្ថភាព​របស់​មនុស្ស​ទាំង​ស្រុង។ ដូច្នេះ​នេះ​ជាមធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ពង្រឹង​អំណាច​យោធា​របស់​កូរ៉េខាង​ជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ