ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/09 12h00 GMT
អាស៊ី

កូរ៉េខាងជើង​ប្រកាស​ពី​ការ​បោះ​ជំហាន​ជា​ប្រវត្តិសាស្រ្ត​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល

media  
មនុស្សខ្លាំងកូរ៉េខាងជើង លោក​គីម ជុនអ៊ុន Reuters

នៅ​កូរ៉េខាងជើង មេដឹកនាំ​លោក​គីម ជុនអ៊ុន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មីនា​ថា កម្មវិធី​នុយក្លេអ៊ែរ និង​កម្មវិធី​ផលិត​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង​បាន​បោះ​មួយ​ជំហាន​ទៅ​មុខ​ជា​ប្រវត្តិសាស្រ្ត។ ជា​ប្រវត្តិសាស្រ្ត ព្រោះ​កូរ៉េខាងជើង​ទើប​បាន​ធ្វើ​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​ម៉ាស៊ីន​បាញ់បញ្ជូន​គ្រាប់មីស៊ីល​ដែល​ដើរ​ដោយ​ផលិផល​លាយផ្សំ​រវាង​ប្រេង និង​ម្សៅចំហេះ នេះ​ជា​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​មធ្យោបាយ​ឃោសនា​មហាជន​កូរ៉េខាងជើង។

« គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត និង​មិន​អាច​បំភ្លេច​បាន​ទេ » នេះ​ជា​ការ​ថ្លែង​របស់​មនុស្សខ្លាំង​កូរ៉េខាងជើង គីម ជុនអ៊ុន។ លោក​គីម ជុនអ៊ុន​ដែល​បាន​ចូលរួម​បញ្ជា​ផ្ទាល់​នៅ​ក្នុង​ការ​សាកល្បង​ម៉ាស៊ីនបាញ់បញ្ជូន​គ្រាប់មីស៊ីល​ដែល​ដើរ​ដោយ​ផលិផល​លាយបញ្ចូល​គ្នា​រវាង​ប្រេង និង​គ្រឿងបញ្ឆេះ។ ខណៈ​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ម៉េច​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​ទង្វើ​ថ្មី​របស់​កូរ៉េខាងជើង​នៅ​ឡើយ​ទេ តែ​ក្រុម​អ្នកជំនាញ​បាន​យល់​ឃើញ​ថា របប​ក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​ប្រើ​ផលិតផល​ប្រភេទ​នេះ​រួច​ហើយ​នៅ​ក្នុង​ការ​បាញ់បញ្ជូន​គ្រាប់មីស៊ីល​ចម្ងាយជិត តែ​នៅ​មិន​ទាន់​បាន​សាកល្បង​ជាមួយ​គ្រាប់មីស៊ីល​ចម្ងាយមធ្យម និង​ចម្ងាយឆ្ងាយ​ទេ។

យ៉ាង​ណា​ក៏​ដោយ ទង្វើ​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ត្រេកត្រអាល​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​ឧបទ្វីបកូរ៉េ​ដែល​កំពុង​តានតឹង​ស្រាប់​រឹត​តែ​ឡើង​ក្តៅខ្លាំង​មួយ​កម្រិត​ទៀត។ សូម​ជម្រាប​ជូន​ថា គ្រាន់​តែ​នៅ ៣ខែ​ដើម​ឆ្នាំ ២០១៦ នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​ចំនួន ៤ដង។ ម្យ៉ាង​ទៀត ការ​ប្រកាស​របស់​លោក​គីម ជុនអ៊ុន​ថ្ងៃ​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​បាន​បញ្ជា​ឲ្យ​កងទ័ព​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ និង​ត្រៀមជើងព្រួល​ទប់ស្កាត់​រាល់​ការ​គម្រាម​របស់​កូរ៉េខាងជើង។
 
ដោយឡែក និង​បន្ថែម​លើ​ទ័ណ្ឌកម្ម​របស់​បស្ចិមលោក និង​សហគមន៍​អន្តរជាតិ​នា​ពេល​កន្លង​មក ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​កោះហៅ​ក្រុម​អ្នកជំនាញ​ឯករាជ្យ​មាន​សមាជិក ៤៧នាក់ ឲ្យ​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ​អូស ក ថ្នាក់ដឹកនាំកំពូលៗ​របស់​​កូរ៉េខាងជើង​ទៅ​កាត់ទោស​ក្នុង​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ គឺ​ជា​សេចក្តីសម្រេចចិត្ត​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ