អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​ចុះ​កិច្ចសន្យា​ទិញ​ឧទ្ធម្ភាគចក្រស៊ីវិល និង​យោធា​ពី Airbus មាន​តម្លៃ​ជាង ១ ៥០០លានដុល្លារ

នៅ​ថ្ងៃ​ចន្ទ ទី១៦ មីនា​នេះ ក្រុមហ៊ុន Airbus Helicopters បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Korean Aerospace របស់​កូរ៉េខាងត្បូង​ដើម្បី​ផលិត​ឧទ្ធម្ភាគចក្រស៊ីវិល និង​យោធា​ជាង ៣០០គ្រឿង​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង។ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ដែល​មាន​ទឹកប្រាក់​ជាង ១ ៥០០លានដុល្លារ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។ ក្រៅ​ពី​ផលិត​ឧទ្ធម្ភាគចក្រ​សម្រាប់​កូរ៉េខាងត្បូង ក្រុមហ៊ុន Airbus និង Korean Aerospace ក៏​រួម​សហការណ៍​គ្នា​ដើម្បី​ផលិត​ឧទ្ធម្ភាគចក្រ​សម្រាប់​នំា​ចេញ​ដែរ។

កូរ៉េខាងត្បូង​ចុះ​កិច្ចសន្យា​ទិញ​ឧទ្ធម្ភាគចក្រស៊ីវិល និង​យោធា​ពី Airbus មាន​តម្លៃ​ជាង ១ ៥០០លានដុល្លារ
កូរ៉េខាងត្បូង​ចុះ​កិច្ចសន្យា​ទិញ​ឧទ្ធម្ភាគចក្រស៊ីវិល និង​យោធា​ពី Airbus មាន​តម្លៃ​ជាង ១ ៥០០លានដុល្លារ AFP PHOTO/CHRISTOF STACHE
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មហា​កិច្ចសន្យា​មួយ​ដែល​ក្រុមហ៊ុន Airbus Helicopters ទើប​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Korean Aerospace របស់​កូរ៉ខាងត្បូង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ និង​ផលិត​ឧទ្ធម្ភាគចក្រ​ជាង ៣០០គ្រឿង​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ដែល​គិត​ជា​ទឹកប្រាក់​មាន​ជាង ១ ៥០០លានដុល្លារ។ ក្នុង​ចំណោម​ឧទ្ធម្ភាគចក្រ​ជាង ៣០០គ្រឿង​នោះ មាន ២១៤គ្រឿង​ជា​ឧទ្ធម្ភាគចក្រយោធា និង​ជាង ១០០គ្រឿង​ជា​ឧទ្ធម្ភាគចក្រស៊ីវិល​ដែល​សម្រាប់​បម្រើ​នៅ​ក្នុង​វិស័យ​សន្តិសុខ​សាធារណៈ ការ​ដឹកជញ្ជូន​មនុស្ស ប្រតិបត្តិការ​ជួយសង្រ្គោះ ឬ​មួយ​ក៏​ប្រតិបត្តិការ​ឃ្លំាមើល​នៅ​តាម​សមុទ្រ​ជា​ដើម។ គួរ​បញ្ជាក់​ជូន​ថា តំាង​ពី​ក្រោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​នូវ​កុងត្រា​ផលិត​ឧទ្ធម្ភាគចក្រយោធា និង​ស៊ីវិល​ក្នុង​ខែ​មិថុនា ឆ្នំា ២០១៤​មក មាន​ក្រុមហ៊ុន​បរទេស​ចំនួន ៣ បាន​ចូល​ខ្លួន​ប្រកួតប្រជែង គឺ​ក្រុមហ៊ុន​អឺរ៉ុប Airbus Helicopters ក្រុមហ៊ុន​អ៊ីតាលី អង់គ្លេស Agusta Westland និង​ក្រុមហ៊ុន​អាមេរិកំាង Bell Helicopters។

យោង​តាម​កិច្ចសន្យា ឧទ្ធម្ភាគចក្រយោធា និង​ស៊ីវិល​ទំាង​ជាង ៣០០គ្រឿង​ត្រូវ​ផលិត​រួចរាល់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចន្លោះ​ឆ្នំា ២០២១ និង ២០២២។ ដោយឡែក និង​ក្រៅ​ពី​ផលិត​ឧទ្ធម្ភាគចក្រ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដៃគូ Airbus Helicopters និង Korean Aerospace ក៏​គ្រោង​សហការណ៍​គ្នា​ដើម្បី​ផលិត​ឧទ្ធម្ភាគចក្រយោធា និង​ស៊ីវិល​ពី ៦០០ ទៅ ៨០០គ្រឿង​សម្រាប់​ទីផ្សារ​នំា​ចេញ​ដែល​មាន​ទឹកប្រាក់​រាប់សិបលានដុល្លារ។ សូម​ជម្រាប​ជូន​ថា Airbus Helicopters ជា​ក្រុមហ៊ុន​ជើងឯក​ក្នុង​លោក​ខាង​ផលិត​ឧទ្ធម្ភាគចក្រស៊ីវិល​ដែល​ស្គាល់​ក្រោម​ឈ្មោះ​ថា Dauphin H៥៥។ គឺ Dauphin H៥៥ នេះ​ឯង​ដែល​គេ​យក​ទៅ​ធ្វើ​ជា​គំរូ​ដើម្បី​ផលិត​ឧទ្ធម្ភាគចក្រយោធា និង​ស៊ីវិល​ទំាង​ជាង ៣០០គ្រឿង​ឲ្យ​កូរ៉េខាងត្បូង។

អ្វី​ជា​ការ​កត់សម្គាល់ ការងារ​ផលិត​ឧទ្ធម្ភាគចក្រ​ទំាង​ជាង ៣០០គ្រឿង​នោះ​នឹង​ត្រូវ​ធ្វើ​ចំនួន ៥០% នៅ​ក្នុង​ប្រទេស​បារំាង បន្ទាប់​មក​នឹង​ត្រូវ​យក​ទៅ​ដំឡើង​បញ្ចប់​នៅ​កូរ៉េខាងត្បូង។ តែ​អ្នកទទួល​ខុសត្រូវ​ក្រុមហ៊ុន Airbus បាន​ប្រកាស​ធានា​ថា មិន​មាន​ការ​បញ្ជូន​បច្ចេកវិជ្ជា​ទៅ​ឲ្យ​កូរ៉េខាងត្បូង​ទេ ព្រោះ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​កូរ៉េខាងត្បូង​យក​ទៅ​ប្រើ​ដើម្បី​ផលិត​ឧទ្ធម្ភាគចក្រ​ដោយ​ខ្លួន​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ