អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖រដ្ឋអំណាច​បង្កើន​ប្រតិបត្តិការ​តាម​ចាប់​ភេរវជន និង​ព្យួរ ក អ្នកទោស​ដែល​បាន​ទទួល​ទោសប្រហារជីវិត

នៅ​ប្រទេស​ប៉ាគីស្ថាន រដ្ឋអំណាច​បាន​បង្កើន​ប្រតិបត្តិការ​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​តាលីបង់ និង​ផ្តើម​ព្យួរ ក អ្នកទោស​ដែល​បាន​ទទួល​ទោសប្រហារជីវិត​ពី​បទឧក្រិដ្ឋ​ភេរវនិយម។ គិត​តំាង​ពី​ឆ្នំា ២០០៨ មក នេះ​ជា​លើកទី១ ដែល​រដ្ឋអំណាច​ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​សម្លាប់​អ្នកទោស​មាន​ទោសប្រហារ​ជីវិត។ ចំណាត់ការ​ចាស់ដៃ​របស់​ប៉ាគីស្ថាន​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​របស់​ពួក​ឧទ្ទាម​តាលីបង់​ដែល​បាន​វាយប្រហារ​លើ​សាលារៀន​មួយ​ក្នុង​ទីក្រុង​ប៉េសាវ៉ា​កាល​ពី ៣ថ្ងៃ​មុន​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស ១៤៩នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ក្មេង​សិស្សសាលា។

កម្លំាងទាហាន​ប៉ាគីស្ថាន
កម្លំាងទាហាន​ប៉ាគីស្ថាន REUTERS/Khuram Parvez
ផ្សាយពាណិជ្ជកម្ម

៣ថ្ងៃ ក្រោយ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នៅ​សាលារៀន​ក្នុង​ទីក្រុង​ប៉េសាវ៉ា​ពី​សំណាក់​ចលនាតាលីបង់​ប៉ាគីស្ថាន​ហៅ​កាត់​ថា TTP មក រដ្ឋាភិបាល និង​ស្ថាប័ន​កងទ័ព​បាន​ប្តេជ្ញាចិត្ត​កំចាត់​រចនាសម្ព័ន្ធ TTP ឲ្យ​ដល់​ឫសគល់។ ប្រទេស និង​ប្រជាជន​ប៉ាគីស្ថាន​គ្រប់ជាន់ថ្នាក់​បាន​ប្រដូច​សោកនាដកម្ម​ថ្ងៃទី១៦ ធ្នូ ទៅ​នឹង​ថ្ងៃទី១១ កញ្ញា​នៅ​សហរដ្ឋអាមេរិក និង​ថា គឺ​ជា​ថ្ងៃ​ដែល​បាន​បង្ខំ​ឲ្យ​ប៉ាគីស្ថាន​សម្រេច​បែរខ្នង​ដាក់​ពួក​ជ្រុលនិយម​ជា​ស្ថាពរ​ចាប់​ពី​ពេល​នេះ​ត​ទៅ។ គ្រាន់​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពិសេស​នៅ​ថ្ងៃ​សុក្រ ទី១៩ ធ្នូ កងទ័ព​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សម្លាប់​ពួក​ឧទ្ទាម​ចំនួន ៣២នាក់​នៅ​ក្នុង​ប្រតិបត្តិ​ព័ទ្ធស្ទាក់​មួយ និង ១៨នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រតិបត្តិការ​លើ​ទីតំាង​របស់​ពួក​ឧទ្ទាម​ស្ថិត​នៅ​ប៉ែក​ពាយ័ព្យ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន។ ទន្ទឹម​គ្នា​នេះ កម្លំាងទ័ព​ក៏​បាន​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​ទៅ​លើ​ទីក្រុង​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​កំពុង​មាន​អស្ថិរភាព ដូច​យ៉ាង​នៅ​ការ៉ាជី​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ២០លាននាក់។

ដោយឡែក ស្រប​ពេល​នឹង​ប្រតិបត្តិការ​យោធា​តាម​កំចាត់​ពួកឧទ្ទាម រដ្ឋាភិបាល​ក៏​ទើប​បាន​ព្យួរ ក សម្លាប់​អ្នកទោស​ពីរ​នាក់​ដែល​បាន​ទទួល​ទោសប្រហារជីវិត​ពី​បទឧក្រិដ្ឋ​ភេរវនិយម។ នេះ​ជា​លើកទី១ គិត​តំាង​ពី​ឆ្នំា ២០០៨ មក​ដែល​ប៉ាគីស្ថាន​បាន​ប្រហារជីវិត​អ្នកទោស​មាន​ទោសប្រហារជីវិត​នៅ​ក្នុង​គុក។ អ្នកទោសប្រហាជីវិត​ដែល​ទើប​ព្យួរ ក ទំាង​ពីរ​នាក់​នោះ គឺ Arshad Mehmood ដែល​ជាប់ចោទ​ពី​បទប៉ុនប៉ង​ធ្វើ​ឃាត​លោក​ឧត្តមសេនីយ Pervez Musharraf ក្នុង​ឆ្នំា ២០០៣ និង Aqeel Usman ដែល​ជាប់ចោទ​ពី​បទ​ទទួល​ខុសត្រូវ​ក្នុង​ការ​វាយប្រហារ​លើ​ទីស្នាក់ការកណ្តាល​កងទ័ព​ក្នុង​ឆ្នំា ២០០៩។ តាម​រដ្ឋអំណាច​ឲ្យ​ដឹង​ថា ការ​ព្យួរ ក អ្នកទោស​នឹង​អាច​មាន​ជា​បន្តបន្ទាប់​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​បើ​យោង​តាម​តួលេខផ្លូវការ មាន​អ្នកទោស​ទទួល​ទោស​ប្រហារជីវិត​ក្នុង​បទឧក្រិដ្ឋ​ភេរវនិយម​ប្រមាណ​ជា ៥ ០០០នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​គុក ដោយ​រង់ចំា​ថ្ងៃ​ប្រហារជីវិត។

ចំណាត់ការ​ចាស់ដៃ​របស់​រដ្ឋាភិបាល​ពេល​នេះ​បាន​ទទួល​ការ​សាទរ​ពី​ប្រជាជន​ប៉ាគីស្ថាន​ទូទៅ តែ​ពួក​គេ​ក៏​បារម្ភ​ពី​ការ​សងសឹក​បក​វិញ​របស់​ពួក​តាលីបង់​នៅ​ពេល​ខាង​មុខ​ដែរ។ ចំណែក​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​វិញ​បាន​យល់​ឃើញ​ថា ការ​ព្យួរ ក សម្លាប់​អ្នក​មាន​ទោសប្រហារជីវិត​មិនមែន​ជា​វិធានការ​ប្រកប​ដោយ​មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ