អានតួអត្ថបទ
អូតង់-អាហ្វហ្កានីស្ថាន

អូតង់៖អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ធ្វើ​ការ​ជ្រើសរើស​យុទ្ធជន​របស់​ខ្លួន​នៅ​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន

មេបញ្ជាការ​កម្លំាង​អូតង់​ឧត្តមសេនីយ​អាមេរិកំាង​ចន កំាបែល​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​នា​ចុង​សប្តាហ៍​កន្លង​មក​ថា អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ធ្វើ​ការ​ជ្រើសរើស​យុទ្ធជន​របស់​ខ្លួន​ចេញ​ពី​ក្នុង​ចំណោម​ពួក​ឧទ្ទាម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ប្រទេស​ប៉ាគីស្ថាន។ ឧត្តមសេនីយ​អាមេរិកំាង​រូប​នេះ​ដដែល​បាន​ព្រមាន​ទុក​ជា​មុន​ថា ទោះបី​ជា​យុទ្ធជន​ទើប​ជ្រើសរើស​ទំាង​នោះ​នៅ​មិន​ទាន់​មាន​សមត្ថភាព​ប្រយុទ្ធ​ពេញលេញ​ក៏​ដោយ ក៏​វា​ជា​រឿង​អាទិភាព និង​បន្ទាន់​ដែល​គេ​មិន​ត្រូវ​មើលស្រាល និង​ត្រូវ​តែ​ចាត់វិធាន​ទប់​ស្កាត់​ជា​បន្ទាន់។

មេបញ្ជាការ​កម្លំាងអូតង់​ឧត្តមសេនីយអាមេរិកំាង​ចន កំាបែល​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន
មេបញ្ជាការ​កម្លំាងអូតង់​ឧត្តមសេនីយអាមេរិកំាង​ចន កំាបែល​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន abc NEWS
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​ព្រមាន​យ៉ាង​ដូច​នេះ​របស់​លោក​ឧត្តមសេនីយ​អាមេរិកំាង​ចន កំាបែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុមអ្នកកាសែត​បរទេស​ក្នុង​ទីក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន។ យោង​តាម​លោក​ចន កំាបែល មាន​តម្រុយ​ជា​ច្រើន​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ភ្នាក់ងារ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​បើក​យុទ្ធនាការ​ជ្រើសរើស​យុទ្ធជន​របស់​ខ្លួន​ពី​ក្នុង​ចំណោម​ពួក​ឧទ្ទាម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ឧត្តមសេនីយ​អាមរិកំាង​រូប​នេះ​បាន​បន្ថែម​ដោយ​ព្រមាន​ទុក​ជា​មុន​ថា រដូវ​ក្តៅ​កាន់​តែ​ខិត​ជិត​មក​ដល់ ហើយ​បើ​គ្មាន​វិធានការ​ណា​មួយ​ដើម្បី​ទប់ស្កាត់​ទេ នោះ​សកម្មភាព​ជ្រើសរើស​យុទ្ធជន​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នឹង​កាន់​តែ​រីកធំ​ឡើង​ជា​មិន​ខាន។

ជា​ការ​កត់សម្គាល់ ការ​ថ្លែង​របស់​លោក​ចន កំាបែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដូវ​ប្រយុទ្ធ​រវាង​កម្លំាង​ឧទ្ទាម​តាលីបង់ និង​កម្លំាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ គឺ​ជា​ការ​ប្រឈម​មុខ​តទល់​គ្នា​លើក​ទី១ ដោយ​គ្មាន​ជំនួយ​ពី​កម្លំាង​ទ័ព​អូតង់។ យ៉ាង​ណា​ក៏​ដោយ មេបញ្ជាការ​កម្លំាង​អូតង់​រូប​នេះ​ដដែល​បាន​យល់​ឃើញ​ថា យុទ្ធនាការ​ជ្រើសរើស​យុទ្ធជន​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន ឬ​មួយ​នៅ​ប៉ាគីស្ថាន​ហាក់​ដូច​ជា​មិន​សូវ​បើក​ចំហ និង​ទូលំទូលាយ​ដូច​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ឡើយ​ទេ។ សម្រាប់​លោក​ចន កំាបែល វា​ជា​ពេល​វេលា​ដែល​គេ​ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​ជា​បន្ទាន់ បើ​ពុំ​នោះ​សោត​ទេ ស្ថានការណ៍​នឹង​កាន់​តែ​ធ្លាក់​ដុនដាប​សម្រាប់​ប្រទេស​អាហ្វហ្កានីស្ថាន ក៏​ដូច​ជា​ប៉ាគីស្ថាន។

ការ​កត់សម្គាល់​មួយ​ទៀត ការ​ថ្លែង​ព្រមាន​របស់​លោក​ចន កំាបែល​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល និង​ទីក្រុង​អ៊ីស្លាម៉ាបាត​កំពុង​មាន​ទំនាក់ទំនង​ផ្លូវទូត​កាន់​តែ​ស្និទ ពិសេស​តំាង​ពី​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​របស់​លោក​ហ្កានី។ ថ្មីៗ​នេះ ក្រសួង​ស៊ើបការណ៍សម្ងាត់​នៃ​ប្រទេស​ជិត​ខាង​ទំាង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ស្តីពី​ការ​ដោះដូរ​ព័ត៌មាន និង​រួមសហការណ៍​គ្នា​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម។ និយាយ​ពី​ធម្មជាតិ​ពិត​នៃ​វត្តមាន​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ត្រូវ​បាន​លោក​ចន កំាបែល​អះអាង​ថា គេ​នៅ​មិន​ទាន់​ឃើញ​មាន​វត្តមាន​យុទ្ធជន​បរទេស​ឆ្លង​មក​ពី​ស៊ីរី អ៊ីរ៉ាក់ ឬ​កន្លែង​ផ្សេង​ទេ តែ​ច្រើន​ជា​ពួក​តាលីបង់​ក្នុង​ស្រុក​ដែល​ព្យាយាម​ប្តូរ​អត្តសញ្ញាណ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ