អានតួអត្ថបទ
យន្តហោះ​ម៉ាឡេស៊ី

MH370៖ អ្នកស៊ើបអង្កេត​កំពុង​សិក្សា​លើ​បំណែក​យន្តហោះ រកឃើញ​លើឆ្នេរ​កោះ​បារាំង La Réunion

ក្រុម​អ្នកជំនាញ​ពិសេស ខាង​ស៊ើបអង្កេត​លើ​ការបាត់ខ្លួន យន្តហោះ​ម៉ាឡេស៊ី MH៣៧០ បាន​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សំដៅ កោះ​La Réunion របស់​បារាំង ជាទី ដែល​គេ​បាន​រកឃើញ​បំណែក​ស្លាប​យន្តហោះ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ទាំង​ភាគី​ម៉ាឡេស៊ី និង​អូស្ត្រាលី​ដែល​ជាអ្នក​ទទួល​បន្ទុក​ការស៊ើបអង្កេត​លើមាន​ការប្រុងប្រយ័ត្ន​ខ្លាំង មិនទាន់​ហ៊ាន​សន្និដ្ឋាន អះអាង​ថា បំណែក​ស្លាប​យន្តហោះ​ដែល​គេ​រកឃើញ ជា​ផ្នែក​មួយ​នៃ​យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​បាត់​ខ្លួន ដ៏​អាថ៌កំបាំង កាលពី​ខែ​មីនា ឆ្នាំ មុន។ 

ប៉ូលិស​បារាំង​ពិនិត្យ​មើល​បំណែក​ស្លាប​យន្តហោះ ដែល​ទើ​មក​លើ​ឆ្នេរ​កោះ​La Reunion​របស់​បារាំង​នៅ​មហាសមុទ្រ​ឥណ្ឌា
ប៉ូលិស​បារាំង​ពិនិត្យ​មើល​បំណែក​ស្លាប​យន្តហោះ ដែល​ទើ​មក​លើ​ឆ្នេរ​កោះ​La Reunion​របស់​បារាំង​នៅ​មហាសមុទ្រ​ឥណ្ឌា REUTERS/Zinfos974/Prisca Bigot
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ដំណឹង​ថា គេ​បាន​រកឃើញ​បំណែក​ស្លាប​យន្តហោះ នៅ​លើ​កោះ​មួយ​របស់​បារាំង ក្នុង​មហាសមុទ្រ​ឥណ្ឌា អ្នកជំនាញ​ទទួល​បន្ទុក ការស៊ើបអង្កេត លើ​ការបាត់ខ្លួន​យន្តហោះ ម៉ាឡេស៊ី MH 370 ចាប់​ផ្តើម​ធ្វើដំណើរ​​ទៅ​ទឹកដី​បារាំង។ បេសកកម្ម​របស់​ពួកគេ គឺ​ពិនិត្យ​ស្រាវជ្រាវ ចង់​ដឹងថា តើបំណែក​ស្លាប​យន្តហោះ នោះ​ជា​ផ្នែក​មួយ​នៃ​យន្តហោះ​ម៉ាឡេស៊ី MH​370​ដែល​បាត់ខ្លួន កាល​ពី​ឆ្នាំ​មុន​ដែរឬទេ។

 
កាលពី​ថ្ងៃ​ពុធ អ្នកបោសសម្អាត​ឆ្នេរ​នៅលើ​កោះ ​La Réunion ដែល​ជា​ដែនដី របស់​បារាំង នៅក្នុង​មហាសមុទ្រ​ឥណ្ឌា បានប្រទះ​ឃើញ បំណែក​ស្លាប​យន្តហោះ​មួយ ប្រវែង ២ម៉ែត្រ ដែល​បាន​អណ្តែត​មក​ទើ នៅ​លើ​ឆ្នេរ។ សម្រាប់​អ្នកស៊ើបអង្កេត​ពិសេស​មក​ពី​អាកាសចរណ៍​ស៊ីវិល​បារាំង វា​ឆាប់​ពេកណាស់​ ដើម្បី​សន្និដ្ឋាន​ថា បំណែក​ស្លាប​យន្តហោះ​ដែល​រកឃើញ ជា​ផ្នែកមួយ​របស់​យន្តហោះ ម៉ាឡេស៊ី MH370។ ក្នុង​ដំណាក់កាលដំបូង គេកំពុង​ស្វែងរក​លេខ ចារ​លើ​បំណែក​យន្តហោះ ដើម្បី​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ ប្រភេទ​របស់​យន្តហោះ។

អ្នកជំនាញ​អាកាសចរណ៍ ចាប់អារម្មណ៍ សិក្សា រក​ប្រភពដើម​នៃ​បំណែក​ស្លាប​យន្តហោះ ព្រោះថា យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​ដឹកអ្នកដំណើរ​ចេញពី​ម៉ាឡេស៊ី ទៅ​ប្រទេស​ចិន ទំនង​បាត់ខ្លួន នៅ​ភាគខាងត្បូង នៃ​មហាសមុទ្រ​ឥណ្ឌា។ យ៉ាងណា​ក៏ដោយ យន្តហោះ ម៉ាឡេស៊ី មិនមែន​ជា​សម្មតិកម្ម​តែ​មួយ របស់​អ្នកជំនាញ​បារាំង។ គេ​កំពុង​ផ្តោត​ផងដែរ ទៅ​លើ​ករណី​យន្តហោះ Airbus ៣១០​របស់​ក្រុមហ៊ុន​ហោះហើរ​យេម៉ែន ដែល​បាន​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ដែរ កាលពី​ឆ្នាំ ២០០៩។

រដ្ឋមន្រ្តី​ដឹកជញ្ជូន​ម៉ាឡេស៊ី បាន​ប្រកាស​តាំង​ពីក្រុង​ញូវយ៉ក ​បញ្ជូន​អ្នកជំនាញ​ម៉ាឡេស៊ី ទៅ​កន្លែង​កើតហេតុ​ផ្ទាល់។ តាម​លោក​Datp Sro Mopw Top,g Lai គេ​ត្រូវ​សិក្សា​លម្អិត មុន​នឹង​បញ្ជាក់​ថា បំណែក​ស្លាប​យន្តហោះ ជា​ផ្នែក​មួយ​របស់​យន្តហោះ ម៉ាឡេស៊ី MH370។ កាលពី​ដើម​ខែ​មករា នេះ ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី បាន​ប្រកាស​ចាត់ទុក ករណី​បាត់យន្តហោះ ម៉ាឡេស៊ី MH370​ថា ជា​គ្រោះថ្នាក់ និង​ថា គ្រប់អ្នកដំណើរ និង​អ្នកបម្រើការ​លើ​យន្តហោះ ទាំង ២៣៩​នាក់ បាន​ស្លាប់​ទាំងអស់។

តាមមន្រ្តី​ទទួល​ខុសត្រូវ​លើ​ការស៊ើបអង្កេត​ម៉ាឡេស៊ី សម្មតិកម្ម​ដែលគួរ​ឲ្យ​ជឿជាក់​ជាងគេ គឺ អ្នកដំណើរ​រួម​ទាំង​អ្នកបើកបរ​យន្តហោះ ត្រូវ​សន្លប់​បាត់​ស្មារតី ដោយសារ​ខ្វះ​ខ្យល់​អុកស៊ីសែន។ បន្ទាប់មក យន្តហោះ​អាច​ហោះ​ដោយ​គ្មានអ្នកបើកបរ រហូត​ដល់​អស់សាំង និង​ធ្លាក់​បាត់​ស្រមោល​ទៅក្នុង​ទឹកសមុទ្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ