អានតួអត្ថបទ
ចិន-អ៊ីនធើនែត

Google​រង​​ការ​រិះគន់​​​ពី​​បុគ្គលិក​ ​ស្តីពី​កម្មវិធី​​រុគរកដែល​សម្រប​​ទៅ​តាម​​ការ​​រិតត្បីត​​​​របស់​​ចិន

បុគ្គលិករបស់ក្រុមហ៊ុន Google បានរួមគ្នារិះគន់តវ៉ា កាន់តែខ្លាំង បន្ទាប់ពីបានទទួលដំណឹង​ថា ក្រុមហ៊ុន​មហាយក្សបច្ចេកវិទ្យាអ៊ីនធឺនែតមួយនេះ កំពុងតែមានគំរោង ធ្វើការសាកល្បងដាក់​ឲ្យ​ប្រើប្រាស់នៅចិន នូវកម្មវិធីរុគរកថ្មីមួយ ដោយធ្វើវាឲ្យស្របទៅតាមលក្ខខណ្ឌ និងបំរាម​នានា របស់ច្បាប់ចិន ស្តីពីការប្រើប្រាស់សេវាកម្មអ៊ីនធើនែត។ បុគ្គលិក Google ចាត់ទុក​ថា ការសុខចិត្តធ្វើតាមការរិតត្បិត របស់រដ្ឋាភិបាលកុម្មុយនីស្តិចិននេះ គឺមិនខុសពីបន្ទាប​បន្ថោក សិទ្ធិសេរីភាពប្រើប្រាស់ អ៊ីនធើនែតដោយសេរី នោះទេ។

ស្តង់Google នៅក្នុង​ពិពណ៌ China Digital Entertainment Expo នៅ​សៀងហៃ​ ថ្ងៃទី​៣​សីហា​ ២០១៨
ស្តង់Google នៅក្នុង​ពិពណ៌ China Digital Entertainment Expo នៅ​សៀងហៃ​ ថ្ងៃទី​៣​សីហា​ ២០១៨ REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

កម្មវិធីរុគរកនៅលើទំព័រអ៊ីនធើនែត ដែលត្រូវគូសវាស និងកំណត់ដោយច្បាប់រិតត្បិត បែប​កុម្មុយនីស្តិ របស់​ចិន គឺវាផ្ទុយពីគោលការណ៍គ្រិះ នៃសេរីភាពប្រើប្រាស់អ៊ីនធើនែត ដែល​ក្រុមហ៊ុនGoogle តែងតែប្រកាសលើកតំលៃ។ នេះគឺជាការយល់ឃើញ របស់បុគ្គលិក Google មួយចំនួនធំ ហើយដែលពួកគេ បានសម្តែងការមិនពេញចិត្ត។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បុគ្គលិកម្នាក់របស់ Google បានអះអាងថា Googleពិតជាបានចាប់ផ្តើម ធ្វើតេស្តិ៍សាកល្បង ដាក់ឲ្យប្រើប្រាស់កម្មវិធីរុគរកថ្មីមួយប្រភេទ ដោយសម្របទៅតាមការទាមទារ ការរិត​បន្តិង​សិទ្ធិសេរីភាព របស់ចិនប៉េកាំង។ ហើយ​បើ​យោង​តាម​ការចុះផ្សាយ របស់គេហទំព័រ The Intercept បានឲ្យដឹងថា គម្រោងនេះ មានឈ្មោះ​ថា Dragonfly ហើយក្រុមហ៊ុនGoogle ទើបតែបានបិទលែងឲ្យបុគ្គលិកខ្លួន  អាចចូលទៅតាមដាន ឬស្វែងយល់ពីគម្រោងទៀតហើយ បន្ទាប់ពីផ្ទុះការតវ៉ាខ្លាំង នៅក្នុងផ្ទៃក្នុងក្រុមហ៊ុន។

ប្រភពដដែលអះអាងថា ថ្នាក់លើក្រុមហ៊ុន បានបិទមាត់ជិត មិនទាន់មានការបំភ្លឺអ្វីទាំងអស់ ខណៈដែលបុគ្គលិករាប់ពាន់នាក់ កំពុងតែចេញមុខរិះគន់តវ៉ា និងមានការព្រួយបារម្ភ​កាន់តែ​ខ្លាំង ព្រោះពួកគេ មិនចង់ឃើញ Google ក្លាយជាឧបករណ៍ ឲ្យរដ្ឋាភិបាល​កុម្មុយនីស្តិ​ចិន យកទៅរិតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាជន។

សូម​បញ្ជាក់​ថា ដោយសារតែច្បាប់រិតបន្តឹងសិទ្ធិសេរីភាព ព្រមទាំងការវាយប្រហារតាមអ៊ីនធើនែត​ផង ក្រុមហ៊ុនGoogle បានសម្រេចចាកចេញពីទីផ្សារចិន កាលពីឆ្នាំ២០១០។ ទំព័រ Google រួមទាំងកម្មវិធី និងសេវាកម្មផ្សេងៗ របស់ក្រុមហ៊ុននេះ មិនអាចប្រើប្រាស់បានទេនៅចិន។ តែGoogle កំពុងរិះរកវិធី ​ច្រៀតចូលទីផ្សារចិនវិញ។ ដោយឡែក ក្រៅពីមានគម្រោងបង្កើតកម្មវិធីរុគរក ដែលសម្របទៅតាមការរិតត្បិតរបស់ចិននេះ Google កំពុងចរចាបង្កើតសេវាស្តុកទិន្នន័យក្នុងCloud តាមរយៈការសហការជាមួយក្រុមហ៊ុនចិនឈ្មោះ Tencent ដើម្បីបានទទួលទីតាំងមណ្ឌលស្តុកទិន្នន័យ (Date Centers) ព្រោះថាច្បាប់ចិន បានដាក់កំហិត ថាមណ្ឌលស្តុកទិន្នន័យ ត្រូវតែស្ថិតនៅក្នុងទឹកដីចិន។

គួរកត់សំគាល់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលGoogle ត្រូវប្រឈមមុខនឹងការតវ៉ារិះគន់ របស់បុគ្គលិកខ្លួន។ កាលពីខែមិថុនា  បុគ្គលិកGoogleរាប់ពាន់នាក់ បានចុះហត្ថលេខា​ទាមទារ​ឲ្យ​Google ឈប់សហការលើគំរោងណា ដែលមានគោលដៅយកទៅផលិត​អាវុធ​ធ្វើ​សង្រ្គាម សម្លាប់​មនុស្ស។ ដោយរងសំពាធនេះ Google បានសុខចិត្តដកខ្លួន ចេញពីគំរោងជាមួយក្រសួងការពារជាតិ​អាមេរិក ក្នុងការផលិត​អាវុធ ដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ