អានតួអត្ថបទ
ចិន

នៅទីបំផុត ក្រុងហុងកុង​ បាន​វិល​មក​រក​ស្ថានភាព​ស្ងប់ស្ងាត់​ដូច​ដើម​ឡើង​វិញ​

នៅ​​ថ្ងៃ​សុក្រ​ទី​១២​ធ្នូ​នេះ ក្រុង​ហុងកុង បានវិល​មករកស្ថានភាពដូចដើមឡើងវិញ ។​នៅ​លើ​ផ្លូវសំខាន់ៗ​នៃ​ក្រុងហុងកុង មានចរាចរណ៍​​យានយន្ត​​ដ៏​ច្រើនឥតគណនា បន្ទាប់ពី​កម្លាំង​ប៉ូលីសហុងកុង ​បានធ្វើ​អន្តរាគមន៍បំបែកដោយជោគជ័យ​ក្រុមបាតុករគាំទ្រ​លិទ្ធ​ប្រជាធិបតេយ្យ​ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ កម្លាំង​ប៉ូលីស បាន ដឹក​ជម្លៀស​​​ពួក​បាតុករ​ចេញអស់​ពីទីតាំងដ៏សំខាន់ ដែលពួកបាតុករ បាន​កាន់​កាប់​អស់​រយៈពេល​​ជាង​២​ខែ​ ដើម្បីទាមទារការបោះឆ្នោតជាសកល​នៅហុងកុងចាប់ពីឆ្នាំ២០១៧។ 

ទីតំាង​របស់​បាតុករ​ហុងកុង​ត្រូវ​ប៉ូលិស​បំបែក និង​រុះរើ នៅថ្ងៃ​ព្រហស្បតិ៍ ទី ១១ ធ្នូ
ទីតំាង​របស់​បាតុករ​ហុងកុង​ត្រូវ​ប៉ូលិស​បំបែក និង​រុះរើ នៅថ្ងៃ​ព្រហស្បតិ៍ ទី ១១ ធ្នូ ©REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

កម្លាំងប៉ូលីសហុងកុង បានប្រតិបត្តិការ រុះរើ របាំងផ្លូវ​នានានិង ​ទីតាំងជំរំតង់​ដ៏​សំខាន់​របស់​ក្រុមបាតុករ​គាំទ្រលិទ្ធិ​ប្រជាធិបតេយ្យនៅកណ្តាលក្រុងហុងកុង។ ទន្ទឹមនេះ កម្លាំង​ប៉ូលីស​ថែម​ទាំង​ចាប់ខ្លួន​ក្រុមបាតុករ​នៅ​សេសសល់​ចំនួន​​ជាង​២០០នាក់។​​  

 
ម្យ៉ាងទៀត ប្រតិបត្តិការអហិង្សានៅម្សិលមិញដែលដឹកនាំដោយកម្លាំងប៉ូលីស​ជាច្រើន​រយ​នាក់ នៅ​​តាម​សង្កាត់ពាណិជ្ចកម្មនានា​ក្បែរ​ទីស្នាក់ការរបស់​រដ្ឋាភិបាលហុងកុង​ បាន​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​​មួយ នៅហុងកុង ។ ទឹកដីហុងកុង ដែលបានក្លាយជាទឹកដី​របស់​​​ចិន​វិញ ចាប់តាំងពីឆ្នាំ​១៩៩៧​ បន្ទាប់ពីប្រទេសអង់គ្លេសគ្រប់គ្រងអស់រយៈពេល ១៥៥ឆ្នំា។

គួររំលឹកឡើងវិញថា ​ក្រុមបាតុករ​ដែលសុទ្ធសឹងជានិស្សិត និងសិស្ស​ក៏ព្រមទាំងយុវពលករ​ហុងកុង​ បានទាមទារ ឲ្យមានការរៀបចំបោះឆ្នោត​ជាសកលដ៏ពិតប្រាកដមួយ​ និង​បាន​ប្រឆាំងជំទាស់នឹង​អាជ្ញាធរប៉េកាំង ដែលចង់ ​​ជ្រើសរើសដោយខ្លួនឯង នូវបេក្ខជន ​តែ​២ ឬ៣​នាក់ សំរាប់​តួនាទី​ជាប្រមុខដឹកនាំហុងកុង។

ក៏ប៉ុន្តែរហូតមក  ​អាជ្ញាធរចិន ពុំបាន​ធ្វើ​សម្បទាន​អ្វី​បន្តិច​ឡើយចំពោះ​ការទាមទាររបស់​ក្រុមបាតុករ​ដើម្បីលិទ្ធិប្រជាធិបតេយ្យ​ហុងកុង ។ រីឯក្រុម បាតុករនិស្សិតវិញ បានសន្យាថា ពួកគេនឹង​បន្ត​ការ​ប្រយុទ្ធតស៊ូតទៅទៀត​ តែក្រោមរូបភាព​ផ្សេង។

« ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​មិន​ទាន់​ចប់ទេ « នេះ​ជា​ការអះអាង របស់​អ្នកស្រី​អ្នកតំណាងរាស្ត្រ កាលពី​យប់​ម្សិលមិញ ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ ដោយ​ថ្លែង​បន្ថែម​ទៀត​ថា “ពួក​បាតុករ នឹង​វិលមក​វិញ ពីព្រោះ​ការភ្ញាក់រលឹក​មនសិការ​នយោបាយ​របស់ក្រុម​យុវវ័យ-មិនងាយ​សាបសូន្យ​ឡើយ ហើយ​ការប្រយុទ្ធ​តស៊ូ​របស់ពួកគេ​នៅតែ​បន្ត​ជានិច្ច។

ក្រុម​បាតុករ​មួយចំនួន​ទៀត មិន​លាក់កំបាំង​ឡើយ​នូវ​កំហឹង​ជូរចត់​របស់គេ នៅ​ថ្ងៃ​សុក្រនេះ នៅចំពោះ​មុខ​បរាជ័យ​នៃ​បាតុកម្ម​ទាមទារ​របស់​ពួកគេ ។ បាតុកម្ម​ដែល​បាន​ទទួលការ​គាំទ្រ​​យ៉ាង​ក្រៃលែង​ពី​សំណាក់​ប្រជាជន នៅហុងកុង​ តែ នៅ​ទីបំផុត ប្រជាជន​ទាំងអស់​ដែល​បាក់​កម្លាំងកាយ​និង​កម្លាំងចិត្ត បាន​បង្ខំចិត្ត​ដកខ្លួន វិលត្រឡប់​ទៅផ្ទះ​រៀងៗខ្លួនវិញ នៅ​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ