ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
អាស៊ី

Huawei៖ លោក​ដូណាល់ ត្រាំ ថា​លោក​អាច​ធ្វើ​អន្តរាគមន៍ ក្នុង​សំណុំរឿង​លោកស្រី ​ម៉េង វ៉ាន់ចូវ

media  
លោក Donald Trump ពេលផ្តល់បទសម្ភាសន៍ ឲ្យអ្នក​កាសែត​ Reuters នៅសេតវិមាន​ ថ្ងៃទី​​១១​ធ្នូ​​២០១៨។ REUTERS/Jonathan Ernst

កាលពីថ្ងៃទី១ធ្នូ លោកស្រី ម៉េង វ៉ាន់ចូវ អគ្គនាយកហិរញ្ញវត្ថុនៃក្រុមហ៊ុនHuawei របស់ចិន ត្រូវបានអាជ្ញាធរកាណាដា ឃាត់ខ្លួន ទៅតាមការស្នើសុំរបស់​តុលាការអាមេរិក។ ការចោទប្រកាន់ និងការ​ចាប់ឃាត់ខ្លួន អគ្គនាយកនៃក្រុមហ៊ុនដ៏ធំរបស់ចិននេះ កំពុងតែធ្វើឲ្យមានការព្រួយបារម្ភ ថាវានឹងអាចបង្កជាភាពតានតឹងបន្ថែមទៀត ដល់ទំនាក់ទំនងរវាងចិន និងអាមេរិក ដែលបច្ចុប្បន្ន កំពុងតែប្រឈមមុខដាក់គ្នា ក្នុងរឿង​ពាណិជ្ជកម្ម ស្រាប់ទៅហើយ។ ឆ្លើយតបទៅកាន់អ្នកកាសែត កាលពីថ្ងៃទី១១ធ្នូ លោកដូណាល់ ត្រាំ បានលើកឡើងថា លោកអាចនឹងធ្វើអន្តរាគមន៍ ដោះស្រាយ​ក្នុងសំណុំរឿង លោកស្រី ម៉េង វ៉ាន់​ចូវនេះ។

ឆ្លើយទៅកាន់អ្នកកាសែតរបស់ Reuters នៅសេតវិមាន លោកដូណាល់ ត្រាំ លើកឡើងថា៖ “អ្វីដែលល្អសម្រាប់ជាជំនួយ ដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងចិន នឹងអាមេរិក ហើយបើខ្ញុំអាចធ្វើបាន គឺខ្ញុំនឹងធ្វើ”។ លោកដូណាល់ ត្រាំ បញ្ជាក់បន្ថែមថា៖ “ខ្ញុំនឹងធ្វើអន្តរាគមន៍ ក្នុងសំណុំរឿងលោកស្រី ម៉េង វ៉ាន់ចូវ បើសិនជាចាំបាច់”។

លោកដូណាល់ ត្រាំបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ មន្ត្រីជំនាញរបស់សេតវិមានអាមេរិក និងមន្ត្រីចិន កំពុងនិយាយគ្នា ជុំវិញសំណុំរឿងនេះ ដើម្បីរកដំណោះស្រាយ។ ក៏ប៉ុន្តែ លោកដូណាល់ ត្រាំ អះអាងថា លោកផ្ទាល់ មិនដែលបាននិយាយពីសំណុំរឿងលោកស្រី ម៉េង វ៉ាន់ចូវនេះ ជាមួយនឹងលោកប្រធានាធិបតីចិន ស៊ី ជីនពីងទេ។

ទាក់ទិននឹងការព្រួយបារម្ភ ដែល​ថា ការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុនដ៏ធំរបស់ចិន វាអាចនឹងប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មរវាងចិន និងអាមេរិក លោក​ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានត្រៀមខ្លួន ជួបជាមួយនឹងលោកស៊ី ជីនពីង ជាថ្មីម្តងទៀត ហើយសម្រាប់ពេលនេះ លោកនឹងមិនសម្រេចបន្ថែមពន្ធលើផលិតផលចិនទេ។

សូមរំលឹកថា លោកស្រី ម៉េង វ៉ាន់ចូវ អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ត្រូវបាន សមត្ថកិច្ចកាណាដា​ចាប់ខ្លួន ទៅតាមការស្នើសុំរបស់សមត្ថកិច្ចអាមេរិក កាលពីថ្ងៃទី១ធ្នូ ព្រមពេលជាមួយគ្នា ដែលលោកដូណាល់ ត្រាំ កំពុងតែជួបជាមួយលោកស៊ី ជីនពីងនៅឯទីក្រុង ប៊ុយណូហ្សែរ។ លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបាន​តុលាការអាមេរិក ចោទប្រកាន់ ពីបទលាក់លៀមការពិត និងកុហក ទាក់ទិននឹងសាខារបស់​Huawei ដែលរកស៊ីនៅអ៊ីរ៉ង់។

យោងតាមបទចោទប្រកាន់នេះ លោកស្រី ម៉េង វ៉ាន់ចូវ អាចប្រឈមមុខនឹងទោសជាប់ពន្ធធនាគា៣០ឆ្នាំ។ កាលពីថ្ងៃអង្គារទី១១ធ្នូ លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានរដ្ឋអាជ្ញាកាណាដា សម្រេចដោះលែងឲ្យនៅក្រៅឃុំ ដោយមានការធានា ដើម្បីរងចាំនីតិវិធីបញ្ជូនខ្លួន ទៅកាន់សហរដ្ឋអាមេរិក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ