អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា៖លោកម៉ូឌី​សន្យា​កំចាត់​អំពើ​ពុករលួយ​ដែល​កំពុង​ស៊ីរូង​ប្រទេស​ដូច​សត្វ​កណ្តៀរ

១៥ សីហា ១៩៤៧ ១៥ សីហា ២០១៥ ថ្ងៃ​នេះ​ប្រទេស​​ឥណ្ឌា​បាន​រៀបចំ​ប្រារព្ធ​ខួប​បុណ្យ​ឯករាជ្យជាតិ​គម្រប់ ៦៨ឆ្នំា។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នា​ឱកាស​នោះ លោក​នាយករដ្ឋមន្រ្តី​ណារ៉េនដ្រា ម៉ូឌី​បាន​សន្យា​កំចាត់​អំពើ​ពុករលួយ​ដែល​កំពុង​ស៊ីរូង​ផ្ទៃក្នុង​ប្រទេស​ដែល​លោក​ហៅ​ថា ដូច​សត្វកណ្តៀរ។

Reuters
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​ជា​ថ្មី​ម្តង​ទៀត​ថា ប្រទេស​ឥណ្ឌា​នឹង​ត្រូវ​បោសសំអាត​ឲ្យ​អស់​នូវ​អំពើ​ពុករលួយ។ យើង​អាច​កំចាត់​អំពើ​ពុករលួយ​បាន ហើយ​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុក​រលួយ​ត្រូវ​ចាប់​ផ្តើម​ពី​ថ្នាក់កំពូល​មុន​គេ » នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី​ដែល​លោក​បាន​ថ្លែង​នា​ឱកាស​បុណ្យខួប​ឯករាជ្យជាតិ​ដែល​ឥណ្ឌា​ទទួល​បាន​ពី​ប្រទេស​អង់គ្លេស​ក្នុង​ថ្ងៃទី១៥ សីហា ឆ្នំា ១៩៤៧។ លោក​ម៉ូឌី​បាន​ប្រៀប​ប្រដូច​អំពើ​ពុករលួយ​ទៅ​នឹង​សត្វកណ្តៀរ​ដែល​កកេរ​ដោយ​សន្សឹមៗ យឺតៗ និង​រីករាលដាល​កាន់​តែ​ធំ​ទៅៗ តែ​គេ​អាច​សម្លាប់​កណ្តៀរ​ទំាង​អស់​នោះ​យ៉ាង​ឆាប់​រហ័ស​ដោយ​បាញ់ថ្នំា​សម្លាប់។

ការ​ថ្លែង​របស់​លោក​ម៉ូឌី​ទាក់ទង​នឹង​អំពើ​ពុករលួយ​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​វា​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​របស់​គណបក្ស​កាន់អំណាច​របស់​លោក​ច្រើន​រូប​កំពុង​ជាប់​ឈ្មោះ​នៅ​ក្នុង​រឿងអាស្រូវ​ពុករលួយ​ជា​ច្រើន។ ជាក់ស្តែង លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស Sushma Swaraj និង​រូប​ប្រធាន​ប្រតិបត្តិ​ក្នុង​រដ្ឋ Rajasthan និង​រដ្ឋ Madhya Pradesh កំពុង​ជាប់​ចោទ​ពី​បទ​ពុករលួយ។ គួរ​ជម្រាប​ជូន​ថា រឿងអាស្រូវ​ពុករលួយ​បាន និង​កំពុង​ធ្វើ​ឲ្យ​លោក​ម៉ូឌី​ក្រពុល​មុខ​ផង និង​ទើសទាល់​ចិត្ត​ផង ព្រោះ​ថា ការ​ជាប់​ឆ្នោត​របស់​លោក​ជា​នាយករដ្ឋមន្រ្តី​ក៏​ដោយសារ​តែ​នា​សម័យ​ឃោសនា​បោះឆ្នោត លោក​បាន​សន្យា​កំចាត់​រឿង​អាស្រូវពុករលួយ​ឲ្យ​ដល់​ឫសគល់។

ដោយឡែក និង​ក្រៅ​ពី​សន្យា​បំបាត់​អំពើ​ពុករលួយ លោក​ម៉ូឌី​ក៏​បាន​សន្យា​បំពាក់​ភ្លើងអគ្គិសនី​ឲ្យ​ដល់​ភូមិ ស្រុក​នៅ​ទូទំាង​ប្រទេស​ឥណ្ឌា។ ក្នុង​ន័យ​នេះ លោក​ម៉ូឌី​បាន​ដាក់​កំហិត​រយៈពេល ១ ០០០ថ្ងៃ​ដើម្បី​ឲ្យ​រដ្ឋសហព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​ទំាង​អស់​គិតគូរ​ពី​ការ​ត​បណ្តាញ​ភ្លើងអគ្គិសនី​ឲ្យ​គ្រប់​ភូមិ ស្រុក។ យោង​តាម​លោក​ម៉ូឌី ៦៨ឆ្នំា ក្រោយ​ការ​ទទួល​ឯករាជ្យ នៅ​មាន​ភូមិ ១៨ ៥០០ភូមិ​កំពុង​បន្ត​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ