អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា៖លោកម៉ូឌី​សំណូមពរ​ឲ្យ​ប្រើ​ទំនៀមទម្លាប់ចាស់​ដើម្បី​ប្រឆំាង​នឹង​ផ្សែងពុល​ក្នុង​បរិយាកាស

នៅ​ក្នុង​ប្រទេស​ឥណ្ឌា លោក​នាយករដ្ឋមន្រ្តី​ណារ៉េនដ្រា ម៉ូឌី​បាន​ធ្វើ​សំណូមពរ​ឲ្យ​ប្រើ​ទំនៀមទម្លាប់​ប្រពៃណី​ដែល​មាន​ពី​មុន​ដើម្បី​ប្រយុទ្ធប្រឆំាង​នឹង​ផ្សែង​ពុល​នៅ​ក្នុង​បរិយាកាស។ សំណូមពរ​របស់​លោក​ម៉ូឌី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពីធី​បង្ហាញ​យុទ្ធសាស្រ្ត​ក្នុង​ការ​បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​ទីក្រុង​ញូដែលី។ ទីក្រុង​ញូដែលី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទីក្រុង​ដែល​មាន​ជាតិ​ពុល​ក្នុង​បរិយាកាស​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

កម្រាស់​ផ្សែពុល​នៅ​ក្នុង​បរិយាកាស​នៃ​ទីក្រុង​ប៉េកំាង ប្រទេស​ចិន
កម្រាស់​ផ្សែពុល​នៅ​ក្នុង​បរិយាកាស​នៃ​ទីក្រុង​ប៉េកំាង ប្រទេស​ចិន REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

វិធានការ​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​វត្តមាន​កម្រិត​ផ្សែង​ពុល​នៅ​ក្នុង​បរិយាកាស ពិសេស​នៅ​ក្នុង​ទីក្រុង​ញូដែលី​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី​ណារ៉េនដ្រា ម៉ូឌី​រក​ឃើញ​នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​យូរ​លង់​របស់​ឥណ្ឌា នោះ​គឺ​ការ​បិទ​ភ្លើងអគ្គិសនី​ទំាង​អស់​នៅ​តាម​កន្លែង​សាធារណៈ​ក្នុង​ពេល​ដែល​មាន​ព្រះខែ​ជា​អ្នក​បំភ្លឺ​ជំនួស ពិសេស​ក្នុង​ខែពេញវង់។ លោក​ម៉ូឌី​បាន​បញ្ជាក់​ថា នេះ​ជា​វិធានការ​យ៉ាង​សាមញ្ញា​មួយ​ប៉ុណ្ណោះ តែ​អាច​ធ្វើ​ឲ្យ​គេ​ចំណេញ​ថាមពល និង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ណាស់​ទៅ​ក្នុង​បរិយាកាស។ ក្រៅ​ពី​សំណូមពរ​ឲ្យ​បិទភ្លើង​នៅ​ពេល​ព្រះខែ​ពេញវង់ លោក​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ក៏​បាន​ស្នើ​ឲ្យ​យក​ថ្ងៃ​អាទិត្យ​រៀងរាល់​សប្តាហ៍​ធ្វើ​ជា ទិវា​ជិះកង់​ផង​ដែរ។

សំណូមពរ​របស់​លោក​ម៉ូឌី​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ផ្សែង​ពុល​ក្នុង​បរិយាកាស​ពេល​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ពិធី​បង្ហាញ​យុទ្ធសាស្រ្ត​ក្នុង​ការ​បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​ទីក្រុង​ធំ​ចំនួន ១០ នៅ​ឥណ្ឌា។ លោក​រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​មិន​បាន​ផ្តល់​យុទ្ធសាស្រ្ត​ជាក់លាក់​អ្វី​ក្នុង​ការ​បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​បរិយាកាស​ទេ តែ​បែរ​ជា​បាន​ប្រកាស​ពី​វិធានការ​ថ្មី​សម្រាប់​គ្រប់គ្រង​កាកសំណល់​នៅ​តាម​ការដ្ឋាន​សាងសង់​ទៅ​វិញ។ គួរ​ជម្រាប​ជូន​ថា គ្រាន់​តែ​នៅ​ក្នុង​ទីក្រុង​ញូដែលី​មួយ មាន​មនុស្ស​ស្លាប់​មុន​អាយុ​យ៉ាង​តិច ៣ ០០០នាក់​ជា​រៀងរាល់​ឆ្នំា​ដោយ​ជំងឺ​សួត​បង្ក​ចេញ​ពី​ការ​ដកដង្ហើម​ស្រូប​ផ្សែងពុល​ពី​បំពង់​ស៊ីម៉ាំង​ឡាន ម៉ូតូ និង​ពី​លំអងធូលី​នៅ​តាម​ការដ្ឋាន​សាងសង់​នានា។

យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នក​ការពារបរិស្ថាន​មាន​ការ​សោកស្តាយ​ចំពោះ​វិធានការ​មិន​ជាក់ច្បាស់​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​កាត់បន្ថយ​អត្រា​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស ពោល​គឺ​កង្វះ​ឆន្ទៈ​នយោបាយ និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​បរិស្ថាន។ កាល​ពី​ឆ្នំា ២០១៤ នៅ​ចំណោម​ទីក្រុង​ធំៗ​ទំាង ១ ៦០០ ក្នុង​លោក​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ​ការ​សិក្សា ញូដែលី​បាន​ស្ថិត​ចំណាត់​លេខ ១ ជា​ទីក្រុង​ដែល​មាន​ជាតិពុល​ក្នុង​បរិយាកាស​ច្រើន​ជាង​គេ​ក្នុង​លោក។ តែ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ច្រាន​ចំណាត់ថ្នាក់​នេះ និង​ទទួល​ស្គាល់​ថា ជាតិពុល​ក្នុង​បរិយាកាស​ឥណ្ឌា​ក៏​មិន​ខុស​គ្នា​នឹង​ជាតិពុល​ដែល​មាន​ក្នុង​បរិយាកាស​នៅ​ទីក្រុង​ប៉េកំាង ប្រទេស​ចិន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ