ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
អាស៊ី

ឥណ្ឌា និង​បង់ក្លាដែស​ចុះ​កិច្ច​ព្រមព្រៀង​ប្រវត្តិសាស្រ្ត​បិទ​បញ្ចប់​វិបត្តិ​ដីភូមិ​តាម​ព្រំដែន

media  
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ទទួល​ស្វាគម​ដោយលោកស្រី ស្ហ៊ែក ហាស៊ីណានាយករដ្ឋមន្រ្តី​បង់ក្លាដែស នៅព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​ដាកា កាលពីថ្ងៃ​សៅរ៍ ទី​៦​មិថុនា ©REUTERS/Rafiqur Rahman

នាយករដ្ឋមន្រ្តី ឥណ្ឌា អ៊ីនដ្រា ម៉ូឌី នៅថ្ងៃ​សៅរ៍នេះ បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ ជាលើក​ទី​១ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ កម្មវត្ថុ​សំខាន់​នៃ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ របស់​លោក​ម៉ូឌី ​គឺ​ដោះស្រាយ​បញ្ហាព្រំដែន និង​សញ្ជាតិ​របស់​ប្រជាជន​ដែល​នៅរស់នៅ​តាម​បណ្តោយ​ព្រំដែន​ឥណ្ឌា និង​បង់ក្លាដែស។ ប្រទេស​ទាំងពីរ​នឹង​ត្រូវ​​ចុះ​កិច្ចព្រមព្រៀង​ផងដែរ ទៅលើ​គម្រោង​ពាណិជ្ជកម្ម និង​ការសាងសង់​ហេដ្ឋរចនាសម្ព័ន្ធ ក្នុង ប្រទេស​បង់ក្លាដែស។

 

នាយករដ្ឋមន្រ្តី​ឥណ្ឌា​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ដាកា នៅ​ថ្ងៃ​សៅរ៍ ដើម្បី​បិទ​បញ្ចប់​បញ្ហា​ព្រំដែន​ឥណ្ឌា និង​បង់ក្លាដែស។ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា និង​បង់ក្លាដែស ក្រោម​អធិបតីភាព​របស់​​នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​នាយករដ្ឋមន្រ្តី​បង់ក្លាដែស​ បាន​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការដោះដូរ ទឹកដី និង​ប្រជាជន ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ។

 

បច្ចុប្បន្ននេះ ​ដីភូមិ​សរុប ១៦២ ដែល​មាន​ប្រជាជន​ឥណ្ឌា និង​បង់ក្លាដែស រស់នៅ ប្រមាណ ៦ម៉ឺន​នាក់ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ប្រទេស​បង់ក្លាដែស និង​ឥណ្ឌា។ មានន័យថា ដីភូមិ ចំនួន ១១១ របស់​ប្រជាជន​បង់ក្លាដែស កំពុង​ស្ថិតនៅក្នុង​ទឹកដី ឥណ្ឌា ចំណែក ដីភូមិ ចំនួន ៥១​ទៀត ដែល​មាន​ប្រជាជន​ឥណ្ឌា​រស់នៅ ​កំពុង​ស្ថិតនៅ​ក្នុង​ទឹកដី បង់ក្លាដែស។

 
នេះ​ជា​វិបត្តិ​ បន្សល់​ទុក តាំង​ពី​សម័យ​អាណានិគមនិយម​អង់គ្លេស។ មាន​ពាក្យ​ដំណាល​ថា ​ តាំង​ពី​មុន​​អង់គ្លេស ចូល​ទៅ​គ្រប់គ្រង នៅ​ឥណ្ឌា មាន​ស្តេច​ក្រាញ់​ពីរ​អង្គ គឺ ម៉ាហារ៉ាចា របស់​នគរ ខូចប៊ីហា និង​ណាវ៉ាប មក​ពី​នគរ រ៉ង់ពួរ។ មហាក្សត្រ​របស់​នគរ​ទាំងពីរ ដែល​មាន​ព្រំដែន​នៅជាប់គ្នា ឧស្សាហ៍​លេង​បាស្ការ ដោយ​យក​ដី​ភូមិ​ក្នុង​នគរ​របស់ខ្លួន មកធ្វើ​ជា​របស់​ភ្នាល់។ ដីភូមិ​តូចៗ ដែល​គេសរសេរ​ឈ្មោះ​នៅ លើ​ក្រដាស ត្រូវ​ហុច ទៅ ហុចមក នៅពេល​ស្តេច​ណាមួយ ឈ្នះ ឬ​ក៏ចាញ់។ បន្ទាប់មក នៅពេល​អង់គ្លេស ប្រកាស​ពុះចែក​ទឹកដី ឥណ្ឌា និង​ប៉ាគីស្ថាន នៅ​ឆ្នាំ ១៩៤៧ នគរ​ខូចប៊ីហា ត្រូវ​កាត់​ទៅ​ឲ្យឥណ្ឌា ក្នុងពេល​ដែល​នគរ រ៉ង់ពួរ ត្រូវ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ប៉ាគីស្ថាន។ ដោយ​មាន​ជំនួយ​ពី​ឥណ្ឌា ប្រទេស​បង់ក្លាដែស បាន​សង្រ្គាម​ផ្តាច់ទឹកដី ចេញ​ពី​ប៉ាគីស្ថាន នៅឆ្នាំ ១៩៧១។ គឺ​តាំងពី​ពេលនោះ​ហើយ ដែល​វិបត្តិ​ព្រំដែន និង​អត្តសញ្ញាណ​របស់​ប្រជាជន​ឥណ្ឌា និង​បង់ក្លាដែស បាន​ផ្ទុះឡើង។

រាប់​ទសវត្សរ៍មកហើយ ប្រជាជន​ទាំង​បង់ក្លាដែស និង​ឥណ្ឌា ដែល​រស់នៅក្នុង ដីភូមិ វង្វេង ភូមិសាស្រ្ត ជួប​ទុក្ខ​វេទនា គ្មាន​ក្រដាសស្នាម គ្មាន​សញ្ជាតិ និង​គ្មាន​រដ្ឋគ្រប់គ្រង​ពិតប្រាកដ។ ប្រជាជន​ឥណ្ឌា រស់នៅ ក្នុង​ទឹកដី​បង់ក្លាដែស ថ្វីត្បិត មាន​អត្តសញ្ញាណ​ជា​ប្រជាជន​ឥណ្ឌា ក៏ប៉ុន្តែ ពួកគេ​មិនបាន​ទទួល​ការការពារ សន្តិសុខ សេវា​សុខភាព អប់រំ ឬ​ជំនួយ​អ្វីមួយ ពី​រដ្ឋាភិបាល​ឥណ្ឌា​ទេ។ ចំណែក​ប្រជាជន​បង់ក្លាដែស ក៏មាន​ជោគវាសនា​ដូចគ្នា។ ពួកគេ​ត្រូវ​អាជ្ញាធរ​របស់​ប្រទេស​រៀងៗខ្លួន បំភ្លេច​ចោល។ ទាំង​ប្រជាជន​ឥណ្ឌា ក្នុង​ទឹកដី​បង់ក្លាដែស និង​បង់ក្លាដែស ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​ប្រឹង​រស់​ដោយ​ខ្លួនឯង ដោយ​ប្រកប​របរ​កសិកម្ម ឬ​ជួញដូរ​តិចតួច​ជាមួយ​ប្រជាជន សាសន៍ ដទៃ ដែល​នៅ​ឡោមព័ទ្ធ​ភូមិរបស់ខ្លួន។

តាម​កិច្ចព្រមព្រៀង ដែល​ត្រូវ​បាន​សភា​ឥណ្ឌា បោះឆ្នោត អនុម័ត កាលពី​ដើម​ខែ​មុន គឺ ដីភូមិ​ចំនួន ៥១ ដែល​ស្ថិតនៅក្នុង​ប្រទេស​បង់ក្លាដែស ប៉ុន្តែ មាន​ប្រជាជន​ឥណ្ឌា​រស់នៅ នឹង​ត្រូវ​ផ្ទេរ​ឲ្យ​មក​ស្ថិតនៅក្នុង​ដែនដី​ឥណ្ឌា ចំណែក ដីភូមិ​ចំនួន ១១១ដែល​មាន​ប្រជាជន​​បង់ក្លាដែសរស់នៅ​ នឹងត្រូវ​កាត់​ចូល​ជា​ទឹកដី​បង់ក្លាដែស។

កិច្ចព្រមព្រៀង ​ឥណ្ឌា​និង​បង់ក្លាដែស​បញ្ជាក់ដែរថា នៅក្នុង​ដំណាក់កាល​ដោះដូរ ដីភូមិ ប្រជាជន​ឥណ្ឌា និង​បង់ក្លាដែស មាន​សិទ្ធិ​ជ្រើសរើស​ប្រទេស​ដែល​ខ្លួន​ចង់​រស់នៅ។ អាជ្ញាធរ​របស់​ប្រទេស​នីមួយៗ ត្រូវ​ផ្តល់​សញ្ជាតិ ឲ្យ​ប្រជាជន នៅក្រោយ​ការដោះដូរ​ដីភូមិ​ចប់​ជា​ស្ថាពរ។ ចាប់​ពីថ្ងៃ​សៅរ៍ ថ្ងៃ​ដែល​ចុះ​កិច្ចព្រមព្រៀង​រវាង​ភាគី​បង់ក្លាដែស និង​ឥណ្ឌា  វិបត្តិ​ដីភូមិ ដែល​ប្រទេស​ទាំងពីរ ជួប​អស់​រាប់​ទសវត្សរ៍​មកហើយ នឹង​បិទបញ្ចប់ អំណើះ​តទៅ។ នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី ធ្លាប់​​បង្ហាញ​ឆន្ទៈ​ បិទបញ្ចប់​បញ្ហា​ព្រំដែន ជាមួយ​បង់ក្លាដែស នោះ​បើទោះជា​ឥណ្ឌា ត្រូវ​ខាត បាត់បង់ ដី​ប៉ុន្មាន​គីឡូម៉ត្រ​ទៅ​ឲ្យ​បង់ក្លាដែស ដោយសារ​កិច្ចកិច្ចព្រមព្រៀង​ក៏ដោយ។

ឥណ្ឌាចង់​ទប់ទល់​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន​នៅ​បង់ក្លាដែស
បង់ក្លាដែស ជា​ប្រទេស​ជិតខាង​ក្រីក្រ ដែល​ធ្លាប់​រណប​ឥណ្ឌា។ ប៉ុន្តែ រដ្ឋាភិបាល​ទីក្រុង​ញូវដេលី ចាប់​បារម្ភ និង​មន្ទិលសង្ស័យ ពី​ភាពស្មោះស្ម័គ្រ​របស់ទីក្រុង​ដាការ បន្ទាប់​ពី​ប្រទេស​ចិន​ចាប់​លេចមុខ បញ្ចេញ​ឥទ្ធិពល​កាន់តែខ្លាំង នៅ​បង់ក្លាដែស ដែល​នៅ​ជាប់ជិត​បង្កើយ​នឹង​ឥណ្ឌា។ ទំនាក់ទំនង​យោធា​រវាង​បង់ក្លាដែស និង​ចិន បាន​ធ្វើ​ឲ្យឥណ្ឌា ដេក​មកលក់ បក់​ក៏​មិន​ល្ហើយ។ នៅចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ ២០១៣ បង់ក្លាដែស ក្លាយ​ជា​ប្រទេស​ទីបី ខាងទិញ នាំ​ចូល​អាវុធ ពី​ប្រទេស​ចិន និង​កំពុង​ត្រៀម​ចាំ​ទទួល​នាវាមុជ​ទឹក​ចិន ពីរគ្រឿង​នាពេលខាងមុខ។ ទីក្រុង​ប៉េកាំង​ដែល​បាន​ផ្តល់​ទុន សម្រាប់​ធ្វើទំនើបកម្ម កំពង់​ផែរ ធំជាង​គេ​របស់​បង់ក្លាដែស កំពុង​ត្រៀម​ខ្លួន សាងសង់​កំពង់ផែ​ទឹកជ្រៅ​មួយទៀត នៅ​ឈូងសមុទ្រ បង់ហ្កាល់ ដែល​តាមពិត​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ដែនទឹក ឥណ្ឌា។ កាលពី​ឆ្នាំ ២០១០ នាយករដ្ឋមន្រ្តី​បង់ក្លាដែស ធ្លាប់​បានប្រកាសថា មិត្តភាព​ជាមួយ​ចិន មាន​ជាដរាប ហើយ​ចិន​ជា​ប្រទេស​តែ​មួយគត់ ដែល​បង់ក្លាដែស​អាច​ពឹងអាស្រ័យ​បាន។

ការប្រកាស​ជា​ផ្លូវការ​របស់​នាយករដ្ឋមន្រ្តី​បង់ក្លាដែស មិន​បាន​គេចផុត​ពី​ភ្នែក​ត្រចៀក​របស់​រដ្ឋាភិបាល​ឥណ្ឌាទេ។ នៅក្នុង​អាណត្តិរបស់ខ្លួន នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​សន្យា កសាង កេរ្តិ៍ឈ្មោះ និង​ពង្រីក​ដែន​ឥទ្ធិពល​របស់​ឥណ្ឌា នៅ​អាស៊ី មិន​ឲ្យ​ចាញ់​ចិន។ ដោយ​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​បង់ក្លាដែស ឥណ្ឌា ក៏​មាន​មហិច្ឆតា បែរ​ភូមិសាស្រ្ត​នយោបាយ​របស់ខ្លួន តម្រង់​ទៅរក ប្រទេស​នៅ​អាស៊ី អាគ្នេយ៍ ផ្សេងទៀត ដោយ​ឆ្លងកាត់​ណេប៉ាល់ ឬ​ប៉ូតង់ ដែល​នៅ​ស្ថិតនៅ​ជាប់​ព្រំដែន​ជាមួយ​មហាអំណាច​ចិន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ