ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អាស៊ី

ឥណ្ឌាសម្រេច​ចុះ​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង ​Rafale​របស់​បារាំង​៣៦​គ្រឿង​ជា​ស្ថាពរ

media  
យន្តហោះ Rafale ផលិតដោយ ក្រុមហ៊ុន Dassault​ របស់បារាំង Wikimedia

ឆ្លងកាត់​ការ​ចរចា​គ្នា​ជាង​១០ឆ្នាំ ​ទី​បំផុត​ទៅ ​រដ្ឋាភិបាល​ឥណ្ឌា ​បាន​សម្រេច​ថា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ទិញ​យន្តហោះ​ចម្បាំង​Rafale​ ចំនួន​៣៦​គ្រឿង​របស់​បារាំង។ សំណុំ​ឯកសារ​បច្ចេកទេស​ដ៏​ស្មុគស្មាញ ​ទើបតែ​ត្រូវ​បាន​ភាគី​ទាំង​សងខាង​យល់​ព្រម​គ្នា ​កាល​ពី​ដើម​សប្តាហ៍​នេះ។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង ​ កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ឥណ្ឌា ​ដើម្បី​ចុះ​ហត្ថលេខា​ចុងក្រោយ​ ​ លើ​កិច្ចសន្យា​លក់​ ជាមួយ​ភាគី​ឥណ្ឌា ​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជា​ជិត​៨ពាន់​លាន​អឺរ៉ូ។ នេះ​ជា​ជោគជ័យ​នៃ​បច្ចេកវិទ្យា​ទំនើប​របស់​បារាំង​ ដែល​ប្រទេស​នានា​ដណ្តើម​គ្នា​ចង់​បាន​យន្តហោះ​Rafale​ របស់​បារាំង​យក​ទៅ​ប្រើ។

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ វិមាន​ប្រធានាធិបតី​បារាំង ​បាន​ប្រកាស​ថា​លោក ​Jean Yves Le Drian ​​រដ្ឋមន្ត្រីការពារជាតិ​ នឹង​ធ្វើ​ដំណើរ​បន្ទាន់​ទៅ​កាន់​ទីក្រុង​ញូដេលី ​ប្រទេស​ឥណ្ឌា។ បើទោះ​បី​ជា​គេ​មិន​ប្រាប់​ហេតុផល ​តែ​គេ​បាន​ដឹង​រួច​ទៅ​ហើយ​ថា​​ ដំណើរ​ដ៏តក់​ក្រហល់​នេះ ​ គឺ​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​លក់​យន្តហោះ​ចម្បាំង​Rafale​ ៣៦គ្រឿង​ទៅ​ឲ្យ​ឥណ្ឌា ​បន្ទាប់​ពី​លោក​ណារិន្ទ្រ ម៉ូឌី ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​បាន​សម្រេច​យល់ព្រម​រួច​ហើយ​នោះ។

 
កិច្ចសន្យា​នេះ​ មាន​ទឹក​ប្រាក់​ស្មើ​នឹង​ ៧៨០០​លាន​អឺរ៉ូ ​ ដែល​ឥណ្ឌា​ត្រូវ​ចំណាយ​ មក​ឲ្យ​ក្រុមហ៊ុន​Dassault​ របស់​បារាំង។ ជាថ្នូរ ​រដ្ឋាភិបាល ​ក៏ដូច​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​បារាំង​នេះ​ បាន​សន្យា​ថា​នឹង​​ចំណាយ​ប្រាក់​ពាក់​កណ្តាល​នៃ​ទឹកប្រាក់​នេះ​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឥណ្ឌា ​ព្រមទាំង​ធ្វើការ​ផ្ទេរ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ ទៅឲ្យ​វិស្វករ​ឥណ្ឌា​ទៀត​ផង។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ក្រុមហ៊ុន​បារាំង​ បាន​សន្យា​ទិញ​គ្រឿង​ផ្សំ​មួយ​ចំនួន​ ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា។

គួរបញ្ជាក់​ថា ​ដើម​ឡើយ​តាំង​ពី​ឆ្នាំ​២០០១ ​ម្លេះ ​ ដែល​ឥណ្ឌា​បាន​ប្រកាស​ចង់ទិញ​យន្តហោះ​ចម្បាំង​ចំនួន​១២៦​គ្រឿង។ ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​អាមេរិក ​ បារាំង​ និង​អង់គ្លេស ​បាន​ដេញជើង​គ្នា​ តែ​ទី​បំផុត​ទៅ​ នៅ​ឆ្នាំ​២០១២​ ឥណ្ឌា​បាន​សម្រេច​ចរចា​ តែ​ជាមួយ​ក្រុមហ៊ុន​Dassault ​របស់​បារាំង​មួយ​គត់។ ការ​ចរចា​ដំបូង ​គឺ​សំដៅ​លើ​យន្តហោះ​Rafale​ ១២៦​គ្រឿង ​ដោយ​ក្នុង​នោះ ​ឥណ្ឌា​ទាមទារ​ ឲ្យ​យក​១០៨​គ្រឿង ​ទៅ​ផលិត​លើ​ដី​ឥណ្ឌា។

ការ​ចរចា​បាន​ជាប់​គាំង ​ ដោយសារ​តែ​ក្រុមហ៊ុន​បារាំង​មិន​ទុកចិត្ត​ថា ​អាច​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ឥណ្ឌា​ណា​ ដែល​មាន​​សមត្ថភាព​ ​អាច​ទទួល​ផលិត​យន្តហោះ​របស់​ខ្លួន ​ប្រកប​ដោយ​គុណភាព​​បាន។ ទី​បំផុត​ទៅ ​នៅ​ខែ​មេសា ​ឆ្នាំ​២០១៥ ​ក្នុង​ពេល​ដែល​លោក​ណារិន្ទ្រ ម៉ូឌី ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​បារាំង​ លោក​បាន​ប្តូរ​ចិត្ត​ថា​ ឥណ្ឌា​សុខចិត្ត​ទិញ​យន្តហោះ​Rafale​៣៦​គ្រឿង ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​យក​ទៅ​ផលិត​នៅ​ឥណ្ឌា​ទេ។

យោង​តាម​ការ​វិភាគ ​ ការ​សម្រេច​ប្តូរចិត្ត​របស់​ឥណ្ឌា ​ក៏​ដោយសារ​តែ​កងទ័ព​អាកាស​ឥណ្ឌា ​បាន​រន្ធាន់​សុំឲ្យ​រដ្ឋាភិបាល​បញ្ជារ​ទិញ​យន្តហោះ​ចម្បាំង​ទំនើប​ឲ្យ​បាន​ឆាប់​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​ព្រំដែន​ដែល​ឥណ្ឌា​មាន​ជម្លោះ​ជាមួយ​ប៉ាគីស្ថាន ​និង​ជាមួយ​ចិន។ ​ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​ជា​ស្ថាពរ​នាពេល​នេះ​ ក្រុមហ៊ុន​Dassault​ បារាំង​នឹង​អាច​ប្រគល់​យន្តហោះ​Rafale ​ដំណាក់​កាល​ដំបូល​ក្នុង​រវាង​៣ឆ្នាំ​ទៀត៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ