អានតួអត្ថបទ
ឥណ្ឌា-ស្រីលង្កា

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា សាង​ស្ពាន​មេត្រី​ឆ្លង​ទៅ​កោះ​លង្កា

នៅ​ថ្ងៃ​ទី ​១៣ ​មិនា ​ឆ្នាំ​២០១៤​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ នរិន្រ្ទម៉ូឌី​ បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ជា​លើក​ទីមួយ​ នៅ​លើ​កោះ​ស្រីលង្កា។​ ទស្សនកិច្ច​នេះ​ត្រូវ​បាន​លោក​ប្រកាស​ថា ​ជា​ទស្សនកិច្ច​ប្រវត្តិសាស្រ្ត​រវាង​ប្រទេស​ទាំងពីរ ​ដែល​បញ្ជាក់​ពី​សញ្ញា​ខិតចូល​មក​ជិតគ្នា​ឡើងវិញ។ យាយី​ដោយ​សង្រ្គាម​ស៊ីវិល​អស់ ជា​ច្រើន​ឆ្នាំ ​អតីត​រដ្ឋាភិបាល​ស្រីលង្កា ​បាន​ជ្រើសរើស​យក​ចិន​ជា​បង្អែក​សេដ្ឋកិច្ច ​ដែល​ការ​នេះ ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​អន់ចិត្ត ​នៅ​មិនសុខ​​ ព្រោះ​ថា​ស្រីលង្កា ​ដែល​មាន​ភូមិសាស្រ្ត ​និង​ប្រពៃណី​គៀក​នឹង​ឥណ្ឌា ​ធ្លាប់​ជា​ប្រទេស​ ទទួល​ឥទ្ធិពល​ឥណ្ឌា។

លោក ប្រធានាធិបតី ស្រីលង្កា Mithripala Sirisena​​ ចាប់ដៃ​ជា​មួយ លោក​ នាយករដ្ឋមន្រ្តីឥណ្ឌា នៅ​ក្រុង​​ញូដេលី ថ្ងៃទី ១៦ កុម្ភៈ ២០១៥
លោក ប្រធានាធិបតី ស្រីលង្កា Mithripala Sirisena​​ ចាប់ដៃ​ជា​មួយ លោក​ នាយករដ្ឋមន្រ្តីឥណ្ឌា នៅ​ក្រុង​​ញូដេលី ថ្ងៃទី ១៦ កុម្ភៈ ២០១៥ REUTERS/Adnan Abidi/Files
ផ្សាយពាណិជ្ជកម្ម

លោក​នរិន្រ្ទម៉ូឌី ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​បាន​ថ្លែង​ថា ​នេះ​ជា​ការ​បើក​ទំព័រ​មាស​ថ្មី ​រវាង​ឥណ្ឌា ​និង​ស្រីលង្កា។ លោក​នរិន្រ្ទម៉ូឌី ​នឹង​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី ​ស្រីលង្កា ​លោក​ ម៉ៃធ្រីប៉ាឡា​ ស៊ីរីសេនា ​នៅ​ក្នុង​រដ្ឋធានី កូឡុមបូ​។ ថ្នាក់​ដឹកនាំ​ទាំងពីរ​ និង​ជជែក​គ្នា​អំពី ​កិច្ច​សហការ​គ្នា ​ក្នុង​ការ​ស្តារ​ទំនាក់​ទំនង​ល្អ​ប្រសើរ​ នឹង​គ្នា​ឡើងវិញ ​បន្ទាប់​ពី​មាន​ការ​ថ្នាំងថ្នាក់​នឹង​គ្នា ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​ក្នុង​សម័យ​ប្រធានាធិបតី​ស្រីលង្កា​ចាស់។

លោក ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​នឹង​ថ្លែង​សន្ទរកថា​មួយ ​នៅ​ចំពោះ​មុខ​សភាជាតិ​ស្រីលង្កា ​ហើយ​បន្ទាប់​មក​ទៀត នៅ​ថ្ងៃ​សៅរ៍​ទី​ ១៤ ​មិនា ​លោក​នឹង​ធ្វើ​ដំណើរ ​ទៅ​តំបន់ ​ចាហ្វណា ​ភាគ​ខាង​ជើង​កោះ​លង្កា។ នៅ​តំបន់​នេះ​ហើយ​ដែល​សម្បូរ​ទៅ​ដោយ ​ប្រជាជន​តាមូល ​ដែល​មាន​ប្រពៃណី ​ទំនៀម​ទម្លាប់​ហិណ្ឌូ ដូចគ្នា​នឹង​ឥណ្ឌា​ដែរ។ ក្នុង​អំឡុង​ពេល​សង្រ្គាម​ស៊ីវិល ​រយៈ​ពេល​៣៧​ឆ្នាំ ​នៅ​ស្រីលង្កា ​ជនជាតិ​តាមូល​នៅ​តំបន់​នេះ ​បាន​រង​នូវ​ការ​លំបាក​វេទនា​ជាខ្លាំង ​ដោយ​មួយ​ភាគ​ធំ​ ​ត្រូវ​រត់ភៀស​ខ្លួន​ទៅ​ឥណ្ឌា ​និង​ទៅ​ប្រទេស​ផ្សេងៗ​ទៀត ​ដើម្បី​គេច​ផុត​ពី​ការ​កាប់​សម្លាប់។ ​លោក​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា ​បាន​អំពាវនាវ ​ឲ្យ​កា​រំសាយ​អាវុធ ​នៅ​តំបន់​នេះ ​បន្ត​ធ្វើ​ឲ្យ​បាន​ចប់​សព្វគ្រប់ ​នឹង​ផ្តល់​ស្វយ័តភាព ​ដល់​ប្រជាជន​តាមូល ​ឲ្យ​បាន​ទូលំ​ទូលាយ​ផង​ដែរ។

ទោះ​បី​ជា​យ៉ាងណា ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ ​មិន​មាន​គម្រោង​ចុះ​ហត្ថលេខា ​លើ​កិច្ច​សហ​ប្រតិបត្តិការ​​សេដ្ឋកិច្ច រឺ​ការ​វិនិយោគ​អ្វី​ទេ។ ដំណើរ​ទស្សនកិច្ច​នេះ ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ ក្នុង​ការ​សាងស្ពាន​មេត្រី ​រវាង​ប្រទេស​​ទាំងពីរ ​ដែល​មាន​ភូមិសាស្ត្រ​នៅ​ទល់មុខ​គ្នា ​ចម្ងាយ​ប្រមាណ​​តែ ៥០​គីឡូម៉ែត្រ ​ពីគ្នា​ប៉ុណ្ណោះ។

សូម​រំលឹក​ផង​ដែរ​ថា ​ឥណ្ឌា​ដែល​ជា​មហាយក្ស​នៅ​អាស៊ី​ខាងត្បួង ​តែងតែ​គិត​ថា ​ស្រីលង្កា​ស្ថិត​ក្នុង​រង្វង់​ឥទ្ធិពល​របស់ខ្លួន។ ​ប៉ុន្តែ​កាល​ពី​ជំនាន់​អតីត​ប្រធានាធិបតី​ស្រីលង្កា ​លោក​ រាចាប៉ាក់សេ ​លោក​បាន​ដឹកនាំ​ស្រីលង្កា​ ដោយ​ងៀក​ទៅ​យក​ចិន​ ធ្វើជា​បង្អែក​សេដ្ឋកិច្ច។ ចិន​បាន​ផ្តល់​បា្រក់​កម្ចី ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ យ៉ាង​សន្ធឹក​សន្ធាប់​ដល់​ស្រីលង្កា។ ឥណ្ឌា​រឹតតែ​ក្តៅ​ស្លឹកត្រចៀក​ទៅ​ទៀត ​នៅ​ពេល​ដែល​ អតីត​ប្រធានាធិបតី​​​ស្រីលង្កា ​បាន​អនុញ្ញាត​ឲ្យ​នាវា​មុជទឹក​ពីរ​គ្រឿង​របស់​ចិន ​ចូល​ចត​នៅ​ក្បែរ​កំពង់ផែ​កូឡុមបូ។

លោក​ប្រធានធិបតី​ស្រីលង្កា​បច្ចុប្បន្ន ​ដែល​បាន​ជាប់ឆ្នោត​កាល​ពី​ខែ មករា​ ដើម​ឆ្នាំ​នេះ ​មាន​ចេតនា​រំដោះ​ខ្លួន​ ចេញ​ពី​ក្រញ៉ាំ​របស់​ចិន ​ហើយ​ងៀក​មក​រក​មិត្តចាស់​ ដែល​នៅ​ក្បែរ​ខាង​ ​គឺ​ឥណ្ឌា។ លោក ​ស៊ីរីសេនា មាន​បំណង​​ចង់​សើរើ​កិច្ចសន្យា​ កម្ចី​ឥណទាន​មួយ​ចំនួន ​ដែល​ស្រីលង្កា​បាន​ចុះ​ជាមួយ​ចិន ​ហើយ​ថ្មីៗ​នេះ គម្រោង​វិនិយោគ​អចលនទ្រព្យ​របស់​ចិន​មួយ ​ដែល​មាន​តំលៃ ​ប្រហែល​ជា ១៤០០​លាន​ដុល្លារ​ ត្រូវ​រដ្ឋាភិបាល​ស្រីលង្កា​ ព្យួរ​ទុក​ចោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ