ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អាស៊ី

ចិន និង​ឥណ្ឌា​ចង់​ដោះស្រាយ​ទំនាស់ ដើម្បី​​ផលប្រយោជន៍​រួម​គ្នា

media  
នាយករដ្ឋមន្រ្តី​ឥណ្ឌា (ឆ្វេង) និង​នាយករដ្ឋមន្រ្តី​ចិន (ស្តាំ) នៅក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប ថ្ងៃ​សុក្រ​ទី ១៥ ឧសភា ២០១៥ ©REUTERS/Kenzaburo Fukuhara

នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ប្រទេស​ចិន នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​អំពាវនាវ​រដ្ឋាភិបាល​ចិន ឲ្យ​គិតគូ​ឡើងវិញ ពី​វិធីសាស្រ្ត​ដែលចិន​មាន​ចំពោះ​ប្រទេស​ឥណ្ឌា។ នៅក្នុង​ជំនួប​រវាង នាយករដ្ឋមន្រ្តី​ចិន និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅថ្ងៃ​សុក្រនេះ ចិន និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន ២៤ ដែល​នៅក្នុង​នោះ មាន​តាំងពី​កិច្ចព្រមព្រៀង ស្តីពី​ការសហការ​រួមគ្នា ក្នុង​វិស័យ​អវកាស ការសាងសង់​ផ្លូវដែក អប់រំ និង​ទេសចរណ៍។

 

នៅ​ជំនួប​ជាមួយ​សមភាគី​ចិន លោក​ណារិនដ្រា ម៉ូឌី ដែល​ជា​នាយករដ្ឋមន្រ្តី​ជាតិ​និយម​របស់​ឥណ្ឌា បាន​លើកឡើង ដោយ​ត្រង់ៗ ពី​បញ្ហា​ដ៏​ស្មុគស្មាញ​មួយចំនួន ដែល​ជា​ឧបសគ្គ​រារាំង មិន​ឲ្យ​ចិន និង​ឥណ្ឌា អាច​មាន​ទំនាក់ទំនង​រលូន​ជាមួយ​គ្នា ចាប់តាំង​ពី​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ “ខ្ញុំ​បាន​និយាយ​​ពី​ភាពចាំបាច់ ដែល​ថា ចិន​តែ​ត្រូវ​គិតគូរ​ឡើងវិញ​ពី​ជំហរ​របស់​ចិន ជាមួយ​ប្រទេស​ឥណ្ឌា។ ចិន​គួរតែ​បង្កើត​ទស្សនៈវិស័យ​ជា​យុទ្ធសាស្រ្ត និង​វែងឆ្ងាយ​ជាមួយ​ឥណ្ឌា។”

 
ការបញ្ជាក់​ដ៏​ម៉ឺងម៉ាត់​របស់​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា ហាក់​ធ្វើ​ឲ្យ​ភាគី​ចិន ទើសទាល់ ព្រោះ​ថា នៅ​ចិន ទស្សនកិច្ច​ផ្លូវរដ្ឋ​រមែង​ផ្តោត​និយាយ​តែ​ពី​មិត្តភាព និង​ទំនាក់ទំនង​ល្អ​រវាង​គ្នា តែ​ប៉ុណ្ណោះ។ តាម​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល​យកការណ៍​នៅ កន្លែង​ផ្ទាល់ លោក​លី ខឺឈាំង ដែល​ឈរ​នៅក្បែរ​លោក​នាយករដ្ឋមន្រ្តីម៉ូឌី នៅ​ចំពោះមុខ​អ្នកកាសែត បាន​និយាយ​​​បញ្ជាក់​ថា ចិន​មិន​បាន​បដិសេធ​ថា គ្មាន​បញ្ហា គ្មាន​ភាព​មិនចុះ​សម្រុង​គ្នា រវាង​ចិន និង​ឥណ្ឌា​ទេ ប៉ុន្តែ ផលប្រយោជន៍​ដែល​ចិន និង​ឥណ្ឌា​មាន​រួមគ្នា មាន​ទំហំធំ​ជាង ទំនាស់។ តាម​នាយករដ្ឋមន្រ្តី​ចិន ទីក្រុង​ប៉េកាំង និងញូវដេលី​នឹង​បន្ត​ពិភាក្សា ដោះស្រាយ​បញ្ហា​ព្រំដែន ដើម្បី​ឈាន​ទៅរក​លទ្ធផល​មួយ​ដែល​សមហេតុផល និង​អាច​ទទួល​យកបាន​ពី​ភាគី​ទាំងពីរ។

មហាយក្ស​អាស៊ី និង​ជា​ប្រទេស​ពីរ ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ចិន និង​ឥណ្ឌា កំពុង​ចង់​ផ្តល់​ខ្យល់​ដកដង្ហើម​ថ្មី សម្រាប់​ទំនាក់ទំនង​ជាតិ​ទាំងពីរ។ ប៉ុន្តែ ជម្លោះ ព្រំដែន និង​ការប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា នៅ​តំបន់​អាស៊ី នៅ​តែ​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មិន​អាច​រក​កន្លែង​ចុះ​សម្រុងនឹង​គ្នា​បាន។ ចិន និង​ឥណ្ឌា​ធ្លាប់​មាន​សង្រ្គាម​បង្ហូរឈាម នៅ​ព្រំដែន​នៅ​ឆ្នាំ ១៩៦២។ ឥណ្ឌា​ចោទ​ចិន​ថា ជាអ្នក​ជួយ​ឧបត្ថម្ភ​ប៉ាគីស្ថាន ដែល​ជា​សត្រូវ​របស់ឥណ្ឌា ចំណែក​ចិន​វិញ មិនពេញចិត្ត​ទេ ដែល​ឥណ្ឌា​ផ្តល់​ជម្រក​ស្នាក់នៅ​ដល់​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ដែល​ចិន​ចាត់ទុក​ជាមេបះបោរ​ផ្តាច់ទឹកដី​នៅ​ចិន។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយ​កាលពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីងបាន​ថ្លែង​ថា ដើម្បី ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ចិន និង​ឥណ្ឌា ត្រូវ​​ធ្វើការ​គ្រប់គ្រង ដើម្បី ធ្វើយ៉ាងណា កុំ​ឲ្យ​ជម្លោះ ឬ​ភាព​ខុសគ្នា​រវាង​ប្រទេស​ទាំងពីរ ចូល​មក​ជ្រៀតជ្រែក ក្នុង​ទំនាក់ទំនង​ទ្វេភាគី ចិន ឥណ្ឌា។ កាសែត​រដ្ឋ​ចិន ដែល​ជា​ឧបករណ៍​ឃោសនា​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន ក៏​បាន​សង្កត់ធ្ងន់​ដែរថា ទំនាក់ទំនង​ល្អក់កករ ចិន ឥណ្ឌា​នៅ​តែមាន ដោយសារតែ​ការមិនទុកចិត្ត​គ្នា​រវាង​ប្រទេស​ទាំងពីរ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ