អានតួអត្ថបទ
ឥណ្ឌា

គណបក្ស​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា​បរាជ័យ ក្នុង​ការបោះ​ឆ្នោត​ដ៏​សំខាន់​ នៅ​រដ្ឋប៊ីហារ

ផែនការ​កំណែទម្រង់​របស់​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី នឹងត្រូវ​ជាប់គាំង មិនអាច​ដំណើរការ​ទៅមុខ។ លោក​ណារិនដ្រា ម៉ូឌី ដែល​សង្ឃឹម​ឈ្នះ នៅក្នុង​ការបោះឆ្នោត​នៅ​រដ្ឋប៊ីហារ ដើម្បី​អាច​គ្រប់គ្រង​សំឡេង ភាគច្រើន នៅ​ព្រឹទ្ធសភា បាន​ប្រកាស​ទទួល​ស្គាល់ នៅថ្ងៃ​អាទិត្យ ទី ៨​វិច្ឆិកា បរាជ័យ​របស់​គណបក្ស​របស់​លោក គណបក្ស​ជាតិនិយម​បារ៉ាទីយ៉ា ចាណាតា។

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌ
នាយក​រដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌ Reuters/Stringer/Files
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ជាតិ​និយម របស់​លោក​ណារិនដ្រា ម៉ូឌី បាន​ទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត​សភា កាលពី​ឆ្នាំ ២០១៤ ដែល​បាន​បើក​ផ្លូវ​ឲ្យ​លោក ណារិនដ្រា ម៉ូឌី​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា។ គណបក្ស​ជាតិ​និយម​របស់​លោក​ម៉ូឌី គ្រប់គ្រង​សំឡេង​ភាគច្រើន នៅ​រដ្ឋសភា ប៉ុន្តែ ខ្សត់ខ្សោយ​សំឡេង​នៅ​ព្រឹទ្ធសភា។ ការគ្មាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា ធ្វើ​ឲ្យ​សំណើ​កំណែទម្រង់ របស់​រដ្ឋាភិបាល ម៉ូឌី​ត្រូវ​ជាប់​គាំងស្ទះ មិន​បាន​ទទួល​ការបោះឆ្នោត​គាំទ្រ​ពី​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង។

 
ដើម្បី​ប្រមូល​បាន​សំឡេង​ច្រើន​នៅ​ព្រឹទ្ធសភា លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ធ្លាប់​បាន​ដាក់​ក្តីសង្ឃឹម​លើ​ការបោះឆ្នោត​ថ្នាក់​តំបន់ នៅ​រដ្ឋប៊ីហារ ដែល​សំបូរ​ប្រជាជន​ឥណ្ឌា​រស់នៅ ​រាប់រយ​លាន​នាក់។ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​នាយករដ្ឋមន្រ្តី​​បាន​សន្យា​ផ្តល់​ជំនួយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​រដ្ឋ​ដ៏​ក្រីក្រ​មួយនេះ ជាទី​ដែល​អត្រា​ប្រជាជន​ខ្វះ​អាហារូបត្ថម្ភ​មាន​កម្រិតខ្ពស់ របស់​ឥណ្ឌា។

ប៉ុន្តែ ទោះជា​លោក​ណារិនដ្រា ម៉ូឌី​ប្រឹងប្រែង​បញ្ចុះបញ្ចូល ម្ចាស់​ឆ្នោត លោកនៅ​តែ​មិនអាច​យក​ឈ្នះ​លើ​គណបក្ស​ប្រឆាំង ដែល​បាន​រួម ពួតកម្លាំង​គ្នា​ជា​ធ្លុងមួយ។ តាម​លទ្ធផល​បោះឆ្នោត បណ្តោះ​អាសន្ន ដែល​គណៈកម្មាធិការ​បោះឆ្នោត បាន​បង្ហាញនៅ​ថ្ងៃ​អាទិត្យ​នេះ គណបក្ស​ជាតិនិយម​របស់​លោក​ម៉ូឌី បាន​ទទួល​អាសនៈ​តែ​៥៨ នៅក្នុង​ពេល​ដែល​ក្រុម​បក្ស​ប្រឆាំង បាន​ទទួល​១៦០ ក្នុង​ចំណោម​អាសនៈ​សរុប២៤៣ នៅ​សភា ក្នុង​រដ្ឋប៊ីហារ របស់​ឥណ្ឌា។ នៅក្នុង​សារ​របស់​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​ណារិនដ្រា ម៉ូឌី បាន​សំដែង​ការអបអរ​ជ័យជំនះ​របស់ លោក​នីទីស កុមារ ដែល​ជា​ប្រធាន​រដ្ឋ​ប៊ីហារ និង​ប្រធាន​បក្ស​ប្រឆាំង។

ឥណ្ឌា​របស់​លោក​ម៉ូឌី មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧ភាគរយ។ លោកនាយក​រដ្ឋមន្រ្តី​ឥណ្ឌា ចង់​ធ្វើ​កំណែទម្រង់ សម្រាប់​ជំរុញ​ការវិនិយោគ និង​បង្កើត​ការងារ​ធ្វើ​ដល់​យុវជន​ឥណ្ឌា​រាប់លាន​នាក់។ ប៉ុន្តែ បរាជ័យ​នៅក្នុង​ការបោះឆ្នោត​ដ៏​សំខាន់​នៅ​រដ្ឋ​ប៊ីហារ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច មិន​អាច​សម្រេច​ទិសដៅ​របស់​ខ្លួនបាន​ដោយ​ងាយ ព្រោះថា រាល់​កំណែទម្រង់​នឹង​នៅ​តែ​ជាប់គាំងស្ទះ នៅ​ព្រឹទ្ធសភា ដែល​នៅ​តែ​គ្មាន​សំឡេង​ភាគច្រើន​របស់​គណបក្ស​កាន់អំណាច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ