អានតួអត្ថបទ
បារាំង-ឥណ្ឌូណេស៊ី

វាសនា​ចុង​ក្រោយ​របស់​ជនជាតិ​បារាំង​ដែល​ជាប់​ទោស​ប្រហារ​ជីវិត​នៅ​ឥណ្ឌូនេស៊ី

ជនជាតិ​បារាំង​ម្នាក់​កំពុង​ជាប់​ទោស​ប្រហារ​ជីវិត​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ពី​បទ​ជួញ​គ្រឿង​ញៀន។ វាសនា​ចុង​ក្រោយ​របស់​ជនជាតិ​បារាំង​ម្នាក់​នេះ ​រំពឹង​ទាំង​ស្រុង​ទៅ​លើ​តុលាការ​កំពូល​ឥណ្ឌូណេស៊ី ​ដែល​នៅ​មិន​ទាន់​ចេញ​សាល​ដីកា​នៅ​ឡើយ។ អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី ​បាន​ព្រមាន​ថា ​​ការ​កាត់ទោស​ប្រហារ​ជីវិត​លើ​ជន​ជាតិ​បារាំង ​ប្រាកដ​ជា​ជះ​ឥទ្ធិពល​អាក្រក់​ ទៅ​លើ​ទំនាក់​ទំនង ​រវាង​បារាំង ​និង​ឥណ្ឌូណេស៊ី​ ជាក់​ជា​មិន​ខាន។ ឥណ្ឌូណេស៊ី ​គឺ​ជា​ប្រទេស​ ដែល​មាន​ ច្បាប់​ប្រឆាំង​គ្រឿង​ញៀន ​យ៉ាង​តឹងរឹង​បំផុត។

លោក​​ Serge Atlaouis ជនជាតិ​បារាំង ជាប់​ទោស​ប្រហារ​ជីវិត នៅ​ឥណ្ឌូនេស៊ី​ ពី​បទ​ជួញដូរ​គ្រឿង​ញៀន
លោក​​ Serge Atlaouis ជនជាតិ​បារាំង ជាប់​ទោស​ប្រហារ​ជីវិត នៅ​ឥណ្ឌូនេស៊ី​ ពី​បទ​ជួញដូរ​គ្រឿង​ញៀន Beawiharta Beawiharta. Reuters
ផ្សាយពាណិជ្ជកម្ម

ជនជាតិ​បារាំ​ង​​ម្នាក់ ​ឈ្មោះ​ Serge Atlaoui ​អាយុ​ ៥៥​ឆ្នាំ ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី ​កាត់ទោស​ប្រហារ​ជីវិត ​ពី​​បទ​ជួញដូរ​​គ្រឿង​ញៀន។ ជនជាតិ​បារាំង​​នេះ ត្រូវ​​បាន​​ចាប់​ខ្លួន​នៅ​ឆ្នាំ​ ២០០៥ ​ហើយ​ត្រូវ​បាន​កាត់ទោស​នៅ​ឆ្នាំ ​២០០៧ ​ឲ្យ​ជាប់​ទោស​ប្រហារ​ជីវិត។ លោក ​Serge Atlaoui ​តែងតែ​អះអាង​ជានិច្ច ​ថា​រូប​លោក​ គ្មាន​ជាប់​ពាក់ព័ន្ធ ​នឹង​ក្រុម​ផលិត​គ្រឿង​ញៀន​ ឥណ្ឌូណេស៊ី​ទេ។ ​លោក​គ្រាន់តែ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ផ្សារ​ដែក ​តំឡើង​ម៉ាស៊ីន​ ដែល​លោក​នឹក​ស្មាន​ថា​ជា​ម៉ាស៊ីន​ផលិត​ Acrylique ​ធម្មតា​តែ​ប៉ុណ្ណោះ។

 
លោកស្រី​ Corine Breuzé ​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី ​បាន​គំរាម​ថា ​ការ​កាត់ទោស​ប្រហារ​ជីវិត ​ទៅ​លើ​ជនជាតិ​បារាំង​រូបនេះ ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​ការទូត​ រវាង​បារាំង ​និង​ឥណ្ឌូណេស៊ី។ លោកស្រី​ថា ​បារាំង​ជា​ប្រទេស​ដែល​គោរព​សិទ្ធិមនុស្ស ​ហើយ​បាន​លប់ចោល​ទោស​ប្រហារជីវិត​ តាំង​ពី​ឆ្នាំ​ ១៩៨១​ម្លេះ។ យ៉ាង​ណា​មិញ ​បារាំង​បាន​ទាំង​ជួយ​ឥណ្ឌូណេស៊ី ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ផងដែរ។ ដោយឡែក ​លោកស្រី​បាន​បញ្ជាក់​ ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ​លើ​ការ​ចោទប្រកាន់​ ទៅ​លើ​ជនជាតិ​បារាំង។ លោកស្រី​ថា ​ជន​ជាប់ចោទ​ ជា​ជនជាតិ​បារាំង ​ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី​ចោទ​ថា ​ជា​អ្នក​ជំនាញ​គីមី ​មាន​ទួនាទី​ផ្សំ​ថ្នាំ​ផលិត​ជា​ថ្នាំ​គ្រាប់​អំហ្វេតាមីន ​ប៉ុន្តែ​នេះ​វា​ផ្ទុយ​ពី​ការពិត​ទាំង​ស្រុង ​ដែល​ជន​ជាប់​ចោទ​ មាន​ជំនាញ​ជា​អ្នក​ផ្សារដែក។ ហើយ​ក្នុង​ចំណោម ​ជន​ជាប់ចោទ​ទាំង​៨​នាក់​ ដែល​ជាប់​ទោស​ប្រហារ​ជីវិត​ ក្នុង​ករណី​នេះ ​មាន​តែ​ជនជាតិ​បារាំង​នេះ​ម្នាក់​គត់ ​ដែល​មាន​ឈ្មោះ​ ក្នុង​បញ្ជីរ​ត្រូវ​ប្រហារ​ជីវិត។

ពេល​នេះ​វាសនា ​របស់​ជនជាតិ​បារាំង ​រំពឹង​ទាំង​ស្រុង​ទៅ​លើ​សេចក្តី​សម្រេច ​របស់​តុលាការ​កំពូល ឥណ្ឌូណេស៊ី។ បើ​សិន​ជា​តុលការ​ច្រាន​ចោល​ ការ​ប្តឹង​ទាស់​របស់​ជន​ជាប់​ចោទ ការ​ប្រហារ​ជីវិត​នឹង​ត្រូវ​ធ្វើ​ឡើង​ភ្លាមៗ​តែម្តង។ ភរិយា​របស់​ជន​សង្ស័យ​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ប្តី​របស់​គាត់​ ​ ហើយ​គាត់​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លំាង ​ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី ​បាន​វាស់វែង​កំពស់​ប្តី​គាត់​ ដើម្បី​ត្រៀម​ធ្វើ​ម្ឈូស។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​បាន​បដិសេធ​មិន​ធ្វើ​អន្តរាគមន៍​អ្វី​ទាំង​អស់។ លោក​មាន​ប្រសាសន៍​ថា ឥណ្ឌូណេស៊ី ​កំពុង​ប្រឹងប្រែង​បំបែក​សំបុក​ក្រុម​ផលិត ​និង​ជួញ​ដូរ​គ្រឿងញៀន ​ព្រោះ​ថា​គ្រឿងញៀន​បាន​សម្លាប់​ជីវិត​ជន​ជាតិ​ឥណ្ឌូណេស៊ី ​ជាង​១០នាក់ ​ជា​រៀងរាល់​ថ្ងៃ។ លោក​ថា ​ជន​ទុច្ចរិត ​ត្រូវតែ​ទទួល​​ទោស​ទៅ​តាម​ច្បាប់។ ដោយ​ឡែក ​ជា​មួយ​គ្នា​នេះ​ដែរ ​ឥណ្ឌូណេស៊ី ​បាន​រិះគន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​បាន​ធ្វើការ​ប្រហារ​ជីវិត​ជន​ជាតិ​ខ្លួន ​កាល​ពី​សបា្តហ៏​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ