អានតួអត្ថបទ
ចិន-ជប៉ុន

ជប៉ុន និង​ចិន​​ស្វែងរក​ការសហការ​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ

ចិន និង​ជប៉ុន​កំពុង​មើល​មុខ​គ្នា មិនចំ ដោយសារ​តែ ស្លាកស្នាម​ប្រវត្តិសាស្រ្ត និង​ជម្លោះ​ដីកោះ ប៉ុន្តែ សន្និសីទ អន្តរជាតិ ដើម្បី​កាត់បន្ថយ​គ្រោះធម្មជាតិ នៅ​ប្រទេស​ជប៉ុន ហាក់​ទាញ​ប្រទេស​ទាំងពីរ​ឲ្យ​ខិត​ចូល​គ្នា​វិញ។ កាលពីថ្ងៃ​អាទិត្យ ទី ១៥ នៅក្នុង​ជំនួប​មួយ ធ្វើឡើង នៅ​ ក្រៅ​ក្របខ័ណ្ឌ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការកាត់បន្ថយ​គ្រោះថ្នាក់ បង្ក​ឡើង​ដោយ​គ្រោះធម្មជាតិ រដ្ឋមន្រ្តី​ជប៉ុន និង​ចិន​យល់ស្រប​គ្នា ដើម្បី ស្វែងរក​ការសហការ​គ្នា ក្នុង​ផ្នែក​បង្ការ​គ្រោះ​មហន្តរាយ​​ធម្មជាតិ។ 

ប្រជាជន​ជប៉ុន​រំលឹក​ដល់​អ្នក​ស្លាប់​ដោយ​រលកយក្ស​ស៊ូណាមី ឆ្នាំ ២០១១
ប្រជាជន​ជប៉ុន​រំលឹក​ដល់​អ្នក​ស្លាប់​ដោយ​រលកយក្ស​ស៊ូណាមី ឆ្នាំ ២០១១ ©REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ចិន ទទួល​បន្ទុក កិច្ចការ​ស៊ីវិល លោក​លី លីហ្គោ គឺ​ជា​រដ្ឋមន្រ្តី​ជាន់ខ្ពស់​ទីមួយ របស់​ប្រទេស​ចិន ដែល​ដាក់​ជើង​ទឹកដី​ជប៉ុន ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ។ បីឆ្នាំ​មកហើយ ដែល​ទំនាក់ទំនង​​ចិន និង​ជប៉ុន​បាន​ចុះ​ល្អក់កករ ចាប់តាំងពី​ប្រទេស​ទាំងពីរ​ចូល​គ្រប់គ្រង​ដោយ​មេដឹកនាំ​ជាតិ​និយម។

 
លោក​រដ្ឋមន្រ្តី​ចិន​មាន​វត្តមាន​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម នៅក្នុង​សន្និសីទ អន្តរជាតិ ដើម្បី​កាត់បន្ថយ​គ្រោះមហន្តរាយ​ធម្មជាតិ ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ តាំង​ពី​ថ្ងៃ​សៅរ៍។ នៅក្នុង​ជំនួប​ទេ្វភាគី​ ក្រៅក្របខ័ណ្ឌ ​សន្និសីទ​អន្តរជាតិ រដ្ឋមន្រ្តី​ជប៉ុន លោក​ស្រីអេរីកូ យ៉ាម៉ាតានី បាន​ថ្លែងអំណរ​គុណចិន ដែល​បាន​ជួយ​ប្រទេស​ជប៉ុន ក្នុង​គ្រា​ដែល​ជប៉ុន​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ បង្ក​ឡើង​ដោយ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី កាលពី​ឆ្នាំ ២០១១។ ជា​ការឆ្លើយតប​វិញ មន្រ្តីជាន់ខ្ពស់​របស់​ចិន​បាន​កោតសរសើរ ចាប់​អារម្មណ៍ លើ​វិធីសាស្រ្ត​បង្ការ​គ្រោះមហន្តរាយ​ធម្មជាតិ ដ៏​មាន​ប្រសិទ្ធិភាព​របស់​ជប៉ុន។

គឺ​នៅក្នុង​កិច្ចពិភាក្សា​ពី​​គ្រោះធម្មជាតិ​​នេះ​ហើយ ដែល​រដ្ឋមន្រ្តី​ចិន និង​ជប៉ុន​ហាក់​និយាយ​ចុះ​សម្រុងគ្នា។ រដ្ឋមន្រ្តី​ជប៉ុន​នៅ​បាន​បង្ហាញ​ក្តីប្រាថ្នា​របស់​លោកស្រី ដែល​ចង់​ឲ្យ​មាន​ នៅ​ក្នុង​ឆ្នាំនេះ ជំនួប​ត្រីភាគី ជប៉ុន ចិន និង​កូរ៉េខាងត្បូង ដើម្បី​និយាយ​ពី​គ្រោះមហន្តរាយ​ធម្មជាតិ។

រដ្ឋមន្រ្តី​ជាន់​ខ្ពស់​ចិន និង​ជប៉ុន​ផ្តោត​និយាយ​តែ​ពី​ការសហការ​ក្នុង​រឿង​ទប់ស្កាត់ គ្រោះធម្មជាតិ ប៉ុន្តែ គ្មាន​លើក​និយាយ​ពី​ភាពតានតឹង​វាង​ប្រទេស​ទាំងពីរ​ទេ។ ជប៉ុន ជាមួយ​ប្រទេស ជិតខាង ចិន និង​កូរ៉េ នៅតែ​បន្ត​មើល​មុខគ្នា​មិនចំ​ ដោយសារ​តែ​ជម្លោះ​ពី​អតីតកាល ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទីពីរ។ ជប៉ុន ចិន និង​កូរ៉េខាងត្បូង ធ្លាប់​ចង់​បាន​ជំនួប​ត្រីភាគី រវាង​រដ្ឋមន្រ្តី​ការបរទេស​​របស់​ប្រទេស​ទាំងបី ដែល​នឹង​អាច​បើក​ផ្លូវ​ទៅដល់​ជំនួប​ត្រីភាគី​របស់​មេដឹកនាំ​កំពូល​របស់​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​បន្ទាប់ទៅទៀត។

កាលពីថ្ងៃ​អាទិត្យ នៅក្នុង​សន្និសីទកាសែត ​បិទកិច្ចប្រជុំ​ពេញអង្គ​សភា ប្រចាំឆ្នាំ នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង បាន​ទទួល ទំនាក់ទំនង​ចិន និង​ជប៉ុន​កំពុង​ស្ថិតនៅ កន្លែង​លំបាក​មួយ។ ប៉ុន្តែ លោក​បាន​បញ្ជាក់ថា ប្រសិន​បើ​មេដឹកនាំ​ជប៉ុន​ហ៊ាន​ប្រឈមមុខ ទទួល​ស្គាល់​ប្រវត្តិសាស្រ្ត​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ទៅលើ​ប្រជាជន​ចិន នោះ ចិន និង​ជប៉ុន​នឹង​មាន​ឱកាស​កែលម្អ​ទំនាក់ទំនង​ល្អប្រសើរ​នឹង​គ្នា​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ