អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ដាក់​ឲ្យ​ដំណើរការ​នូវ​ស្ថានីយរ៉ាដា​មួយ​ក្បែរ​ទីប្រជុំកោះ​សេនកាគុ

នៅ​ថ្ងៃ​ចន្ទ ទី២៨ មីនា​នេះ ប្រទេស​ជប៉ុន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​ស្ថានីយ​រ៉ាដា​មួយ​ក្បែរ​ទីប្រជុំ​កោះ​សេនកាគុ​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​កើត។ ជាមួយ​នឹង​ស្ថានីយ​រ៉ាដា​នេះ ជប៉ុន​នឹង​អាច​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់គ្រាន់​ស្តីពី​សកម្មភាព​ចរាចរណ៍​ផ្លូវសមុទ្រ​នៅ​ក្នុង​សមុទ្រចិន​ខាងកើត។ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​ចិន​នៅ​ឡើយ​ជុំវិញ​ស្ថានីយ​រ៉ាដា​របស់​ជប៉ុន​នៅ​ក្បែរ​ទីប្រជុំ​កោះ​សេនកាគុ​ពេល​នេះ។

ពិធី​បើកសម្ពោធស្ថានីយរ៉ាដាមួយក្បែរទីប្រជុំកោះសេនកាគុ​ក្នុង​ប្រទេស​ជប៉ុន ថ្ងៃទី២៨ មីនា ២០១៦
ពិធី​បើកសម្ពោធស្ថានីយរ៉ាដាមួយក្បែរទីប្រជុំកោះសេនកាគុ​ក្នុង​ប្រទេស​ជប៉ុន ថ្ងៃទី២៨ មីនា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

ស្ថានីយ​រ៉ាដា​ថ្មី ឬ​អាច​ហៅ​ថា​ជា​មូលដ្ឋាន​យោធា​ថ្មី​របស់​ជប៉ុន​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​កោះ​យ៉ូណាហ៊្គូនី។ កោះ​យ៉ូណាហ៊្គូនី​នេះ​មាន​ផ្ទៃក្រឡាដី​ទំហំ ៣០គីឡូម៉ែត្រក្រឡា និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ១ ៥០០នាក់។ ជម្រើស​ការ​សាងសង់​ស្ថានីយ​រ៉ាដា​ថ្មី​នៅ​លើ​កូនកោះ​តូច​មួយ​នេះ​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​យ៉ូណាហ៊្គូនី​ស្ថិត​នៅ​ចម្ងាយ​ពី​ទីប្រជុំកោះ​សេនកាគុ​តែ​ប្រមាណ ១៥០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត កោះ​យ៉ូណាហ៊្គូនី​ដែល​ស្ថិត​នៅ​ប៉ែក​និរតី​បង្អស់​នៃ​ប្រទេស​ក៏​ជា​កោះ​មួយ​ក្នុង​ចំណោម​ទីប្រជុំ​កោះ​ជប៉ុន​ផ្សេង​ទៀត​ស្ថិត​តាម​បណ្តោយ​ឆ្នេរ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ។

លោក​វរសេនីយទោ​ដាយហ្កូ ស្ហ៊ូមីតស៊ូ មេបញ្ជាការ​មូលដ្ឋាន​យោធា​ថ្មី​យ៉ូណាហ៊្គូនី​បាន​ចូលរួម​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ​រ៉ាដា​ថ្មី​ជាមួយ​នឹង​វត្តមាន​ទាហាន​ជប៉ុន ១៦០នាក់ ព្រម​ទាំង​ឥស្សរជន​នយោបាយ​ប្រមាណ​ជា ៥០នាក់​ផ្សេង​ទៀត។ នៅ​ក្នុង​ពិធី​បើក​សម្ពោធ​នោះ លោក​ដាយហ្កូ​បាន​ថ្លែង​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ជាមួយ​ស្ថានីយរ៉ាដា​ថ្មី​នៅ​កោះ​យ៉ូណាហ៊្គូនី ជប៉ុន​អាច​ឃ្លាំ​មើល​រាល់​សកម្មភាព​ផ្លូវ​សមុទ្រ​ជុំវិញ​ជប៉ុន ពិសេស​នៅ​សមុទ្រ​ចិន​ខាង​កើត និង​អាច​ប្រឈម​ទប់ទល់​​នឹង​គ្រប់​ស្ថានការណ៍​ទាំង​អស់។

លោក​វរសេនីយទោ​ដាយហ្កូ​មិន​បាន​លំអិត​ពី​តួនាទី​របស់​ស្ថានីយ​រ៉ាដា​ថ្មី​នៅ​កោះ​យ៉ូណាហ៊្កូនី​នោះ​ទេ តែ​អតីត​ឧត្តមសេនីយ​ជប៉ុន​ម្នាក់​លោក​ណូហ្សូមូ យ៉ូស្ហ៊ីតូមី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ថានីយ​រ៉ាដា​ថ្មី​មាន​តួនាទី​ស្តាប់ និង​ផ្តល់​ព័ត៌មាន​រាល់​សកម្មភាព​ដែល​កើត​មាន​នៅ​ក្បែរ​ទីប្រជុំ​កោះ​សេនកាគុ។ ក្រៅ​ពី​នោះ ទីតាំង​ស្ថានីយ​រ៉ាដា​ថ្មី​ក៏​អាច​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​តំបន់​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​យ៉ូស្ហ៊ីតូមី។

ខណៈ​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​ចិន​នៅ​ឡើយ​ទេ។ សូមជម្រាប​ជូន​ថា ទីប្រជុំ​កោះ​សេនកាគុ​ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន​កំពុង​ត្រូវ​បាន​ចិន​ទាមទារ​ជា​របស់​ខ្លួន​ដោយ​ដាក់​ឈ្មោះ​ថា Diaoyu៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ