អានតួអត្ថបទ
ជប៉ុន

៦ សីហា ១៩៤៥-៦ សីហា ២០១៥៖ជប៉ុន​ប្រារព្ធខួប​ទី ៧០ឆ្នំា​នៃ​គ្រាប់បែកបរមាណូ​អាមេរិកំាង

៦ សីហា ១៩៤៥-៦ សីហា ២០១៥ ថ្ងៃ​នេះ ប្រទេស​ជប៉ុន​បាន​រៀបចំ​ពិធី​រម្លឹក​ខួប​ទី ៧០ឆ្នំា​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ពី​សំណាក់​ទ័ព​អាមេរិកំាង​កាល​ពី​ថ្ងៃទី ៦ សីហា ឆ្នំា ១៩៤៥។ ៣​ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ៩ សីហា ឆ្នំា ១៩៤៥ ដដែល ទ័ព​អាមេរិកំាង​ក៏​បាន​​បាន​ទម្លាក់​គ្រាប់បែក​បរិមាណូ​មួយ​គ្រាប់​ទៀត​ទៅ​លើ​ទីក្រុង​ណាហ្គាសាគី។ គ្រាប់បែក​បរមាណូ​ទំាង ២គ្រាប់​បាន​សម្លាប់​ប្រជារាស្រ្ត​ភ្លាមៗ និង​ក្រោយ​មក​សរុប​ជាង ២០ម៉ឺននាក់។ ៧០ឆ្នំា​ក្រោយ​មក ព្រឹត្តិការណ៍​សកលលោក​មួយ​នេះ​នៅ​បន្ត​តាម​លង​ប្រជារាស្រ្ត​ជប៉ុន​ជានិច្ច។

៦ សីហា ១៩៤៥-៦ សីហា ២០១៥៖ជប៉ុនប្រារព្ធខួបទី ៧០ឆ្នំានៃការភ្លួករសជាតិគ្រាប់បែកបរិមាណូអាមេរិកំាង
៦ សីហា ១៩៤៥-៦ សីហា ២០១៥៖ជប៉ុនប្រារព្ធខួបទី ៧០ឆ្នំានៃការភ្លួករសជាតិគ្រាប់បែកបរិមាណូអាមេរិកំាង REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​កាល​ពី ៧០ឆ្នំា​មុន ពិត​ជា​ព្រឹត្តការណ៍​ប្រវត្តិសាស្រ្ត​មួយ​ដែល​ពិភពលោក ពិសេស​ប្រជារាស្រ្ត​ជប៉ុន​មិន​អាច​បំភ្លេច​បាន​ទេ។ នៅ​ថ្ងៃទី ៦ សីហា ឆ្នំា ១៩៤៥ វេលា​ម៉ោង ៨ និង​១៥នាទី​ព្រឹក ម៉ោង​ក្នុង​ប្រទេស​ជប៉ុន ទ័ព​អាមេរិកំាង​បាន​ទម្លាក់​​គ្រាប់បែក​បរមាណូ​ទីមួយ​ទៅ​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ១៤ម៉ឺននាក់ ក្នុង​នោះ​មាន ១០ម៉ឺននាក់​បាន​ស្លាប់​ភ្លាមៗ។ គ្រាប់បែក​បរមាណូ​ទីមួយ​បាន​ផ្ទុះ​នៅ​កំពស់ ៦០០ម៉ែត្រ ពី​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ហើយ​កម្លំាង​ផ្ទុះ​របស់​វា គឺ​ស្មើ​នឹង​ជាតិ​ផ្ទុះ TNT ចំនួន ១៦ ០០០តោន និង​ដែល​កម្រិតកំដៅ​នៅ​ដី​មាន​ដល់​ទៅ ៤ ០០០អង្សាសេ។

៣​ថ្ងៃ​ក្រោយ​មក ពោល​នៅ​ថ្ងៃទី ៩ សីហា ឆ្នំា ១៩៤៥​ដដែល ទាហាន​អាមេរិកំាង​ក៏​​បាន​ទម្លាក់​គ្រាប់បែក​បរមាណូ​មួយ​គ្រាប់​ទៀត​ទៅ​លើ​ទីក្រុង ណាហ្គាសាគី ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ​ជា ៧០ ០០០នាក់​ថែម​ទៀត។ គឺ​គ្រាប់បែប​បរិមាណូ​របស់​អាមេរិកំាង​ទំាង​ពីរ​គ្រាប់​នោះ​ឯង​ដែល​បាន​បង្ខំ​ជប៉ុន​ឲ្យ​ទម្លាក់​អាវុធ​ចុះ​ចាញ់​សង្រ្គាម​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​ថ្ងៃទី១៥ សីហា ឆ្នំា ១៩៤៥ ហើយ​សង្រ្គាមលោក​លើកទី២ ក៏​បាន​បិទបញ្ចប់​តំាង​ពី​ថ្ងៃ​នោះ​មក។

ក៏​ប៉ុន្តែ ៧០ឆ្នំា ក្រោយ​មក ព្រឹត្តិការណ៍​នៅ​ហ៊ីរ៉ូស៊ីម៉ា និង​ណាហ្គាសាគី​បាន និង​កំពុង​បន្ត​តាម​លង​អារម្មណ៍​របស់​ប្រជារាស្រ្ត​ជប៉ុន​ជា​បន្ត​ទៀត ព្រោះ​ថា ឥទ្ធិពល​របស់​គ្រាប់បែក​បរិមាណូ​អាមេរិកំាង​ទំាង ២គ្រាប់​កាល​ពី ៧០ឆ្នំា​មុន​បាន​បន្សល់​ទុក​នូវ​ជន​រងគ្រោះ​រាប់សិបម៉ឺននាក់ ដោយសារ​តែ​ធាតុវិទ្យុសកម្ម និង​រាប់សិបម៉ឺននាក់​ផ្សេង​ទៀត​ត្រូវ​បាន​ភ្លើង និង​កំដៅ​គ្រាប់បែក​បរមាណូ​ដុត​រោល​ខ្លួនប្រាណ​សឹង​តែ​ទំាង​មូល។ ចំណែក​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា និង​ណាហ្គាសាគី​ក៏​ត្រូវ​បាន​កម្លំាង​គ្រាប់បែក​បរមាណូ​បំផ្លាញ​ខ្ទេចខ្ទី និង​រាបធេង។

លោក​អាបេ៖ជប៉ុន​មាន​បេសកកម្ម​បង្កើត​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ

អ្នក​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្គាសាគី​ដែល​បាន​ស្គាល់​ព្រឹត្តិការណ៍​កាល​ពី ៧០ឆ្នំា​មុន និង​ដែល​នៅ​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ ភាគ​ច្រើន​មាន​អាយុ​ជា​មធ្យម ៨០ឆ្នំា មាន​ន័យ​ថា ពួក​គេ​នៅ​មាន​វ័យ​ក្មេង​ខ្ចី​នា​ពេល​ដែល​ស្រុកកំណើត​បាន​ទទួល​ចំហេះភ្លើង​គ្រាប់បែក​បរមាណូ​អាមេរិកំាង។ ទោះ​ជា​យ៉ាង​នេះ សេចក្តី​ឈឺចាប់​ខ្លោចផ្សា និង​ភាព​ក្តុកក្តួល​បាន​កើត​មាន​នៅ​ក្នុង​អារម្មណ៍​របស់​ប្រជារាស្រ្ត​ជប៉ុន​គ្រប់​រូប និង​គ្រប់​ជំនាន់ ពិសេស​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្គាសាគី។

ពិធីបុណ្យ​ដែល​មាន​មនុស្ស​ចូលរួម​ជាង ៥០ ០០០នាក់​ត្រូវ​បាន​គេ​រៀបចំ​នៅ​សួនឧទ្យាន​សន្តិភាព​សាងសង់​ត្រង់​កន្លែង​គ្រាប់បែក​បរមាណូ​ធ្លាក់​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។ នៅ​វេលា​ម៉ោង ៨ និង ១៥នាទី​ព្រឹកមិញ​ដែល​ជា​ម៉ោង​ផ្ទុះ​គ្រាប់បែក​បរិមាណូ​ទី១ កាល​ពី ៧០ឆ្នំា​មុន ពិធីបុណ្យ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​សម្លេង​ជួង និង​ការ​គោរព​វិញ្ញាណក្ខន្ធ​រយៈពេល ១នាទី។ បន្តិច​ក្រោយ​មក ចៅហ្វាយក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​លោក Kazumi Matsui ក៏​បាន​ឡើង​ថ្លែង​សុន្ទរកថា​ដោយ​បាន​ស្នើ​ឲ្យ​បំបាត់​អាវុធ​នុយក្លេអ៊ែរ និង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សន្តិសុខ​មួយ​ដែល​មិន​ពឹងពាក់​លើ​កម្លំាង​យោធា។

បន្ទាប់​មក​ទៀត ជា​វេន​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ។ នៅ​ចំពោះ​មុខ​វត្តមាន​អ្នកតំណាង​បរទេស​មក​ពី​ប្រទេស​ជាង ១០០ក្នុង​លោក លោក​អាបេ​ក៏​បាន​ប្រកាស​ពី​ជំហរ​ប្រឆំាង​នឹង​អាវុធ​នុយក្លេអ៊ែរ​ដែរ។ លោក​អាបេ​បាន​បន្ថែម​ថា ក្នុង​នាម​ជា​ប្រទេស​រងគ្រោះ​ដោយ​អាវុធ​នុយក្លេអ៊ែរ ជប៉ុន​មាន​បេសកកម្ម​ជា​អ្នក​បង្កើត​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​មាន​តួនាទី​ជា​អ្នក​ពន្យល់​ប្រាប់​មនុស្ស​គ្រប់ជំនាន់​លើ​លោក​អំពី​អមនុស្សធម៌​របស់​អាវុធ​នុយក្លេអ៊ែរ។ សម្រាប់​លោក​អាបេ មនុស្ស​ជា​អ្នក​បង្កើត​ឲ្យ​មាន​សោកនាដកម្ម​នុយក្លេអ៊ែរ​កាល​ពី ៧០ឆ្នំា​មុន ហើយ​គឺ​មនុស្ស​ជា​អ្នក​រងគ្រោះ​ដោយ​ខ្លួន​ឯង។

តើ​ជប៉ុន​ពិត​ជា​អ្នករងគ្រោះ​ដោយ​អយុត្តិធម៌​ពី​អាវុធ​នុយក្លេអ៊ែរ និង​មាន​ឆន្ទៈ​បោះបង់​ចោល​នុយក្លេអ៊ែរ​ទំាង​ស្រុង​មែន ឬ?

អ្វី​ដែល​ច្បាស់ ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្គាសាគី​ពិត​ជា​បាន​ភ្លួករសជាតិ​គ្រាប់បែក​បរមាណូ​អាមេរិកំាង។ តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​នោះ​គឺ​ថា ហេតុអ្វី​បាន​ជា​អាមេរិក​ប្រើ​គ្រាប់បែក​បរិមាណូ​ទម្លាក់​លើ​ទឹកដី​ជប៉ុន​កាល​ពី ៧០ឆ្នំា​មុន។ តើ​ប្រជារាស្រ្ត​ជប៉ុន​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្គាសាគី​មិន​មែន​ជា​អ្នក​ទទួល​រង​ថ្ម​បាក់​ដោយសារ​តែ​នយោបាយ​យោធានិយម​របស់​រដ្ឋាភិបាល​ខ្លួន​នា​សម័យ​នោះ​ទេ ឬ​យ៉ាង​ណា។ ចូរ​កុំ​ភ្លេច​ថា អន្តរាគមន៍​យោធា​អាមេរិកំាង​លើ​ប្រទេស​ជប៉ុន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទាហាន​ជប៉ុន​កំពុង​វាតទី​ចូល​កាន់កាប់​តំបន់​អាស៊ី។

តំាង​ពី​ពេល​នោះ​មក ជប៉ុន​បាន​ប្រកាន់​យក​នូវ​រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម ពោល​សន្សំ​តែ​សុខ។ តែ​ឥឡូវ​នេះ និង៧០ឆ្នំា ក្រោយ​ការ​បិទ​បញ្ចប់​សង្រ្គាមលោក​លើកទី២ មក លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​អាបេ​បាន​បង្កើត​ចេញ​នូវ​ច្បាប់​សន្តិសុខ​ថ្មី​មួយ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។ ច្បាប់​សន្តិសុខ​ថ្មី​នោះ​នឹង​អនុញ្ញាត​ឲ្យ​ទាហាន​ជប៉ុន​អាច​ចូល​អន្តរាគមន៍​ជាមួយ​កម្លំាង​អន្តរជាតិ​នៅ​ក្នុង​ជម្លោះ​ពិភពលោក។ អ៊ីចឹង​ហើយ​បាន​ជា​ច្បាប់​សន្តិសុខ​ថ្មី​របស់​លោក​អាបេ​ពេល​នេះ​បាន​ទទួល​ការ​ប្រឆំាង​យ៉ាង​ខ្លំាងក្លា​ពី​សំណាក់​អ្នក​សន្តិភាព​និយម​ដោយ​ពួក​គេ​យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​កើត​មាន​សោកនាដកម្ម​សង្រ្គាម​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ក្រៅ​ពី​ច្បាប់​សន្តិសុខ​ថ្មី​នោះ លោក​អាបេ​ក៏​ចង់​ឲ្យ​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទំាង​អស់​ដើម្បី​ផលិត​ភ្លើង​អគ្គិសនី។ គួរ​ជម្រាប​ជូន​ថា នៅ​ក្រោយ​គ្រោះថ្នាក់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima កាល​ពី​ឆ្នំា ២០១១ ជប៉ុន​បាន​សម្រេច​ផ្អាក​ដំណើរការ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទំាង​អស់​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ