អានតួអត្ថបទ
អូស្រ្តាលី-ជប៉ុន

ជប៉ុន-អូស្រ្តាលី៖​តូក្យូ​សន្យា​បញ្ជូន​បច្ចេកវិទ្យា​នាវាមុជទឹក​ឲ្យ​កង់បេរ៉ា

ជប៉ុន​កំពុង​ព្យាយាម​ដណ្តើម​យក​កុងត្រា​សាងសង់​នាវាមុជទឹក​សម័យ​ថ្មី​ឲ្យ​ប្រទេស​អូស្រា្តលី។ សារព័ត៌មាន​អូស្រ្តាលី​បាន​ទម្លាយ​ព័ត៌មាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី៨ កុម្ភៈ​នេះ​ថា ជប៉ុន​ដែល​កំពុង​ប្រជែង​ជាមួយ​ប្រទេស​ផ្សេង​បាន​សន្យា​នឹង​បញ្ជូន​បច្ចេកវិទ្យា​នាវាមុជទឹក​ជប៉ុន​ដ៏​ទំនើប​ទៅ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​ហ្កេន ណាកាតាគី
លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​ហ្កេន ណាកាតាគី Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​កាសែត​អូស្រ្តាលី​មួយ​ឈ្មោះ The Australian ដែល​លោក​អនុរដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​កេនហ្ស៊ី វ៉ាកាមីយ៉ា​បាន​បញ្ជាក់​ថា ជប៉ុន​បាន​ចែក​រំលែក​បច្ចេកវិទ្យា​នាវាមុជទឹក​របស់​ខ្លួន​ប្រភេទ Soryu ឲ្យ​អាមេរិក​តែ​​ម្នាក់​គត់ និង​ថា ការ​ដែល​ជប៉ុន​យល់ព្រម​ចែក​ឲ្យ​អូស្រា្តលី​ពេល​នេះ មក​ពី​ទីក្រុង​តូក្យូ​ចាត់​ទុក​ទីក្រុង​កង់បេរ៉ា​ជា​សម្ព័ន្ធមិត្ត​ដែល​គួរ​ឲ្យ​ជឿទុក​ចិត្ត។ ពាក្យ​ជឿទុកចិត្ត​ដែល​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន​ចង់​បញ្ជាក់​គឺ​ថា អូស្រ្តាលី​និង​មិន​ទម្លាយ​បច្ចេកវិទ្យា​នាវាមុជទឹក​ជប៉ុន​ទៅ​ឲ្យ​អ្នក​ផ្សេង​ទេ។

លោក​កេនហ្ស៊ី វ៉ាកាមីយ៉ា​បាន​បន្ថែម​ថា វា​ពិត​ជា​សំខាន់​ណាស់​ដែល​ជប៉ុន​យល់ព្រម​ចែក​រំលែក​បច្ចេកវិទ្យា​ដ៏​សំខាន់​របស់​ខ្លួន​ទៅ​ឲ្យ​អូស្រ្តាលី និង​ថា ទង្វើ​របស់​ក្រុង​តូក្យូ​របៀប​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​សន្យា​របស់​ជប៉ុន​ក្នុង​ការ​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់។ នា​ដំណាច់​ឆ្នាំ ២០១៥ កន្លង​ទៅ គឺ​រូប​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​ហ្កេន ណាកាតាគី​ដែល​បាន​អះអាង​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ថា ជម្រើស​យក​ជប៉ុន​ឲ្យ​សាងសង់​នាវាមុជទឹក​នឹង​ចូលរួម​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ប្រឈម​នឹង​មហិច្ឆតា​របស់​ចិន។

សូម​ជម្រាប​ជូន​ថា​សព្វថ្ងៃ​នេះ មាន​ប្រទេស​ចំនួន ៣ គឺ​បារាំង អាល្លឺម៉ង់ និង​ជប៉ុន​ដែល​បាន និង​កំពុង​បន្ត​បញ្ចេញ​មន្តស្នេហ៍​ចែចង់ ចង់​បាន​កុងត្រា​សាងសង់​នាវាមុជទឹក​ឲ្យ​អូស្រ្តាលី​ដែល​មាន​ទឹកប្រាក់​យ៉ាង​ច្រើន​សម្បើម គឺ​ជិត ៣ ២០០លានអឺរ៉ូប។ រដ្ឋាភិបាល​ទីក្រុង​កង់បេរ៉ា​ចង់​ប្តូរ​ពី​នាវាមុជទឹក​សព្វថ្ងៃ​ដែល​ដើរ​ដោយ​ប្រេងម៉ាស៊ូត និង​ភ្លើងអគ្គិសនី​ទៅ​ជា​នាវាមុជទឹក​សម័យថ្មី​ដែល​បំពាក់​ដោយ​គ្រឿងអេឡិចត្រូនិច​ទំនើបៗ។

សព្វថ្ងៃ នីតិវិធី​នៃ​ការ​ដេញថ្លៃ និង​ការ​ប្រជែង​គ្នា​កំពុង​បន្ត​រវាង​ប៉ារីស ប៊ែរឡាំង និង​តូក្យូ។ តែ​អ្វី​ដែល​ទីក្រុង​កង់បេរ៉ា​កំពុង​ចង់​បាន​ពេល​នេះ គឺ​ចង់​ឲ្យ​ដំណើរ​ការ​សាងសង់​នាវាមុជទឹក​មួយ​ភាគ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹកដី​អូស្រ្តាលី​ដើម្បី​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ និង​ក្រុមហ៊ុន​អូស្រ្តាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ