អានតួអត្ថបទ
ភូមា

ភូមា៖​មេទ័ព​ចេញ​មុខ​សន្យា​រក្សា​ស្ថិរភាព​ប្រទេស​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ

នៅ​ថ្ងៃ​អាទិត្យ ទី២៧ មីនា​នេះ ប្រទេស​ភូមា​បាន​ប្រារព្ធ​ទិវាកងទ័ព​ដោយ​មាន​ការ​រៀបចំ​ក្បួន​ព្យុះហយាត្រា​ជា​ប្រពៃណី​យ៉ាង​អធិកអធម។ នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​រៀបចំ​ក្នុង​ទីក្រុង​ណាំពីដ៏ រដ្ឋាភិបាល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្លាំង​កងទ័ព​គ្រប់​ផ្នែក ព្រម​ទាំង​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ មាន​ទាំង​គ្រាប់មីស៊ីល រថក្រោះ យន្តហោះចម្បាំង និង​ឧទ្ធម្ភាគចក្រ។ នា​ឱកាស​ពិធី​ដ៏​ឱឡារិក​ថ្ងៃ​នេះ មេទ័ព​ដ៏​មាន​ឥទ្ធិពល​ឧត្តមសេនីយមីន អ៊ុងឡាង​បាន​សន្យា​រក្សា​ប្រទេស​នៅ​ក្នុង​ដំណើរផ្លូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ។ ការ​ប្តេជ្ញា​ចិត្ត​របស់​មេទ័ពរូប​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​មុន​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​ចូល​កាន់​អំណាច។ តែ​លោកស្រី​អ៊ុង សានស៊ូជី​មិន​មាន​វត្តមាន​នៅ​ក្នុង​ក្បួនព្យុះហយាត្រា​ក្នុង​ថ្ងៃ​នេះ​ទេ។

ក្បួន​ព្យុះហយាត្រា​កងទ័ព​ភូមា​ក្នុង​ថ្ងៃ​ទិវាកងទ័ព ថ្ងៃទី២៧ មីនា ២០១៦
ក្បួន​ព្យុះហយាត្រា​កងទ័ព​ភូមា​ក្នុង​ថ្ងៃ​ទិវាកងទ័ព ថ្ងៃទី២៧ មីនា ២០១៦ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទិវាកងទ័ព​ថ្ងៃ​នេះ លោកស្រី​ប្រធាន​គណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​អ៊ុង សានស៊ូជី​មិន​មាន​វត្តមាន​ចូលរួម​ទេ។ គ្មាន​ប្រភព​ណា​មួយ​អាច​បញ្ជាក់​ពី​អវត្តមាន​របស់​លោកស្រី​ទេ ហើយ​រូប​លោកស្រី​ផ្ទាល់​ក៏​មិន​បាន​ប្រាប់​ដែរ។ តែ​មាន​ការ​លើក​ឡើង​នូវ​ហេតុផល​ចំនួន ៣ ទី១ អាច​ថា​លោកស្រី​មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម និង​ទី២ លោកស្រី​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ដែរ តែ​មិន​អាច​ទៅ​បាន ដោយ​ជាប់​រវល់ និង​ទី៣ អាច​ថា​លោកស្រី​អ៊ុង សានស៊ូជី​ហាក់​ដូច​ជា​នៅ​មិន​ទាន់​អាច​បន្សាំ​បាន​ទៅ​នឹង​ស្ថានការណ៍​ផ្លាស់ប្តូរ​នៅ​ភូមា​ដែល​ស្គាល់​តែ​ការ​ដឹកនាំ​ដោយ​អំណាច​ផ្តាច់ការ​យោធា​ជាង​កន្លះ​សតវត្ស​កន្លង​ទៅ។

អ្វី​ដែល​លោកស្រី​អ៊ុង សានស៊ូជី​ពិបាក​បំភ្លេច​បាន​នោះ គឺ​អនុស្សវរីយ៍​ដ៏​ល្វីងជូរចត់​ដែល​លោកស្រី​ត្រូវ​បាន​របបសឹក​ជាប់​ឃុំ​ក្នុង​គេហដ្ឋាន​អស់​រយៈពេល​ជិត ២ទសវត្ស។ គួរ​រម្លឹក​ជូន​ថា គឺ​ទើប​តែ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១០ ទេ​ដែល​លោកស្រី​ទទួល​បាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ និង​ដែល​ការ​តស៊ូ​របស់​លោកស្រី​បាន​រុញ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ទទួល​បាន​ជោគជ័យ​យ៉ាង​ភ្លូកទឹក ភ្លូកដី​នា​ការ​បោះឆ្នោត​សភា​កន្លង​ទៅ។ នៅ​ថ្ងៃទី១ មេសា​ខាង​មុខ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នឹង​ចូល​កាន់​អំណាច ហើយ​រូប​លោកស្រី​អ៊ុង​សានស៊ូជី​ដែល​កំពុង​មាន​តួនាទី​ជា​តំណាងរាស្រ្ត​នឹង​ត្រូវ​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស។

កងទ័ព​បន្ត​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ឆាកនយោបាយ​ភូមា

អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ទិវាកងទ័ព​ថ្ងៃ​នេះ គឺ​ការ​ថ្លែង​របស់​មេទ័ព​ដ៏​មាន​ឥទ្ធិពល​ឧត្តមសេនីយ​មីន អ៊ុងឡាង។ លោក​មីន អ៊ុងឡាន​បាន​ថ្លែង​នា​ឱកាស​នោះ​ដោយ​សន្យា​ថា នឹង​ចូលរួម​រក្សា​ស្ថិរភាព​របស់​ប្រទេស​នៅ​ក្នុង​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ។ នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​នៅ​ក្នុង​ប្រទេស​ភូមា កងទ័ព​កំពុង​បន្ត​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ឆាកនយោបាយ។

ពិត​ណាស់​ថា ទោះបី​ជា​អំណាច​ប្រធានាធិបតី និង​អំណាច​រដ្ឋាភិបាល​ស្ថិត​ក្នុង​កណ្តាប់ដៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​ក៏​ដោយ ក៏​រដ្ឋាភិបាល​ថ្មី​ត្រូវ​ការ​សម្លេង​គាំទ្រ​ពី​ស្ថាប័ន​កងទ័ព​ដោយ​ចៀស​មិន​រួច។ ចូរ​កុំ​ភ្លេច​ថា នៅ​ក្នុង​ចំនួន​អសនៈ​ទំាង ៤៤០ ដែល​មាន​នៅ​ក្នុង​សភា​ភូមា មាន​អសនៈ ១ភាគ៤ស្ថិត​ក្នុង​កណ្តាប់​ដៃ​កងទ័ព​ជា​ស្វ័យប្រវត្តិ​ដោយ​គ្មាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ទេ។
 
មួយ​វិញ​ទៀត មាន​ក្រសួង​សំខាន់​ចំនួន ៣ គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារជាតិ និង​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព មាន​ន័យ​ថា ស្ថាប័ន​កងទ័ព​ជា​អ្នក​ជ្រើសរើស​រដ្ឋមន្រ្តី​ក្រសួង​ទាំង ៣ នេះ។ ដូច្នេះ​នៅ​ក្នុង​កាលៈទេស​សព្វថ្ងៃ រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​រួម​សហការណ៍​ជាមួយ​កងទ័ព។
 
ការ​ជ្រៀតជ្រែក​ពី​កងទ័ព ជា​ឧបសគ្គ​ក្នុង​សម័យ​អន្តរកាល

យ៉ាង​ណា​ក៏​ដោយ ការ​បន្ត​លូកដៃ​របស់​កងទ័ព​នៅ​ជា​ឧបសគ្គ​នៅ​ក្នុង​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​របស់​ភូមា។ កងទ័ព​គួរ​តែ​ស្ថិត​ឲ្យ​ឆ្ងាយ​ពី​ឆាក​នយោបាយ តែ​ប្រហែល​ជា​ពិបាក​បន្តិច​សម្រាប់​ភូមា​ដែល​ឥទ្ធិពល និង​ចំហាយ​កងទ័ព​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​អស់​ជា​ច្រើន​ទសវត្ស។ សូម​ជម្រាប​ជូន​ថា គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នាំ ២០១១ ទេ​ដែល​របបសឹក​បាន​ប្រកាស​រំលាយ​ខ្លួន​ឯង ដោយ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ជំនួស​វិញ។ តែ​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋាភិបាល​ស៊ីវិល​នោះ រួម​ទាំង​លោក​ប្រធានាធិបតី​ថេន សេន​ផង គឺ​ជា​ថ្នាក់ដឹកនាំ​ក្នុង​របបសឹក ឬ​អាច​និយាយ​បែប​ម្យ៉ាង​ទៀត​ថា ដូរ​តែ​រដ្ឋាភិបាល តែ​អ្នក​ដឹកនាំ​ជា​មនុស្ស​ដដែល។

នៅ​ក្នុង​ទិវាកងទ័ព​ថ្ងៃ​នេះ មេទ័ព​ដ៏​មាន​ឥទ្ធិពល​ឧត្តមសេនីយមីន អ៊ុងឡាង​បាន​ថ្លែង​សារភាព​ពី​ឧបសគ្គ​ដែល​ជា​គ្រោះថ្នាក់​សម្រាប់​ភូមា​នៅ​ក្នុង​សម័យ​អន្តរកាល​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ។ មាន​ឧបសគ្គ​ចម្បង​ចំនួន​ពីរ​ដែល​លោក​មីន អ៊ុងឡាង​បាន​លើក​ឡើង ទី១ ការ​មិន​គោរព​និតិរដ្ឋ និង​ទី២ ការ​លូកដៃ​ជ្រៀតជ្រែក​ពី​កងទ័ព។ មេទ័ព​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​គេ​មិន​អាច​កំចាត់​ឧបសគ្គ​ទាំង​ពីរ​នេះ​បាន​ទេ នោះ​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ក៏​ពិបាក​នឹង​សម្រេច​បាន​ដែរ។

តាម​រយៈ​ពាក្យ​សម្តី​របស់​ឧត្តមសេនីយ​មីន អ៊ុងឡាង​នាំ​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា លោក​ពិត​ជា​មាន​បំណង​ឲ្យ​ស្ថាប័ន​កងទ័ព​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ឆាកនយោបាយ។ យ៉ាង​ណា​ក៏​ដោយ​កន្លង​មក គ្រប់​គ្នា រួម​ទាំង​រូប​លោកស្រី​អ៊ុង​សានស៊ូជី​ផង​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​គ្រប់​ឥស្សរជន​កងទ័ព​ដែល​កំពុង​មាន​អំណាច ឬ​បាន​ចូល​និវត្តន៍។ ការ​ប្រយ័ត្នប្រយែង ដោយសារ​តែ​មាន​មេរៀន​ជូរចត់​ជា​ច្រើន​នៅ​អតីតកាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ