លោកចន ឃែរី ទៅបំពេញទស្សនកិច្ចនៅប្រទេសអតីតសហភាពសូវៀតនៅអាស៊ីកណ្តាល
លោក ចន ឃែរី រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើដំណើរទៅដល់តំបន់អាស៊ីកណ្តាល នៅថ្ងៃសៅរ៍នេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅក្នុងប្រទេសចំនួន ៥ ដែលសុទ្ធជាប្រទេសក្នុងអតីតសហភាពសូវៀត។ ដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូតអាមេរិកនៅពេលនេះ គឺធ្វើឡើង ដើម្បីធានាដល់ប្រទេសទាំង ៥ ដែលកំពុងបារម្ភអំពីការកើនឡើងនៃចលនាជីហាតរដ្ឋអ៊ីស្លាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៣
តំបន់អាស៊ីកណ្តាលដែលមានព្រំដែនជាប់នឹងប្រទេសអាហ្វហ្កានីស្ថាន គឺជាតំបន់ជាយុទ្ធសាស្រ្តមួយរបស់អាមេរិក នៅក្នុងអំឡុងសង្រ្គាមប្រឆាំងនឹងពួកតាលីបង់ និងអាល់កៃដា នៅអាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ នៅពេលដែលសង្រ្គាមអាហ្វហ្កានីស្ថានត្រូវបញ្ចប់ ហើយអាមេរិកចាប់ផ្តើមដកកងទ័ពចេញ ប្រទេសអតីតសហភាពសូវៀត គឺរួមមាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថាន កំពុងតែមានក្តីបារម្ភថា អាមេរិកនឹងលែងរវីរវល់ពីពួកគេ។
ក្រៅពីនេះ ប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាលនេះក៏ត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងផងដែរ ដោយសារតែការធ្លាក់ថ្លៃប្រេងឆៅផង និងដោយសារតែឥទ្ធិពលនៃទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ីផង។ សព្វថ្ងៃនេះ បញ្ហាដ៏ធំមួយទៀតកំពុងតែចោទឡើង គឺការកើនឡើងនៃចលនាជីហាតរដ្ឋអ៊ីស្លាម។ ពលរដ្ឋនៅអាស៊ីកណ្តាលរាប់ពាន់នាក់ត្រូវបានអង្គការរដ្ឋអ៊ីស្លាមបញ្ចុះបញ្ចូលឲ្យចេញទៅធ្វើជីហាតនៅស៊ីរី និងអ៊ីរ៉ាក់។
ករណីដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងគេ គឺករណីអតីតមេកងកុម្ម៉ង់ដូប៉ូលិសតាហ្ស៊ីគីស្ថានម្នាក់ ដែលធ្លាប់ទទួលការហ្វឹកហ្វឺនផ្នែកប្រឆាំងភេរវកម្មពីសហរដ្ឋអាមេរិក ត្រូវបានគេឃើញចេញមុខនៅជាមួយនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម ហើយព្រមទាំងបានអំពាវនាវឲ្យជនរួមជាតិតាហ្ស៊ីគីស្ថានទាំងអស់ឲ្យនាំគ្នាចេញទៅធ្វើជីហាត។
អាជ្ញាធរនៅក្នុងស្រុក ទាំងនៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន និងនៅប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីកណ្តាល នាំគ្នាព្រួយបារម្ភខ្លាចពួកជីហាត ដែលចេញទៅធ្វើជីហាតជាមួយអង្គការរដ្ឋអ៊ីស្លាម នាំគ្នាវិលត្រឡប់មកបង្កអសន្តិសុខនៅក្នុងប្រទេសរបស់ខ្លួនវិញ។
នៅក្នុងបរិបទនេះហើយ ដែលលោកចន ឃែរី ទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីកណ្តាល នៅថ្ងៃសៅរ៍នេះ ដោយចាប់ផ្តើមពីប្រទេសកៀហ្ស៊ីស៊ីស្ថាន។ សម្រាប់អាមេរិក ការណ៍ដែលអង្គការរដ្ឋអ៊ីស្លាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្តាល ដែលជាតំបន់មានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម គឺជារឿងដ៏គួរឲ្យព្រួយបារម្ភមួយ ប៉ុន្តែ អ្វីដែលកាន់តែព្រួយបារម្ភជាងនេះទៅទៀត គឺខ្លាចរដ្ឋាភិបាលនៅក្នុងតំបន់នេះ ដែលសុទ្ធតែជាប់ឈ្មោះមិនសូវល្អស្រាប់ក្នុងរឿងសិទ្ធិមនុស្ស នាំគ្នាប្រតិកម្មតបទៅវិញ ដោយចាត់វិធានការតឹងរ៉ឹងហួសហេតុ ដែលនាំឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ