អានតួអត្ថបទ
អាមេរិក-អាស៊ីកណ្តាល

លោកចន ឃែរី ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អតីត​សហភាព​សូវៀត​នៅ​អាស៊ី​កណ្តាល

លោក ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅដល់​តំបន់​អាស៊ី​កណ្តាល នៅថ្ងៃ​សៅរ៍​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ នៅ​ក្នុង​ប្រទេស​​​ចំនួន ៥ ដែល​សុទ្ធជា​ប្រទេស​ក្នុង​អតីត​សហភាព​សូវៀត​។ ដំណើរទស្សនកិច្ច​របស់​លោក​ប្រមុខការទូត​អាមេរិក​នៅពេលនេះ គឺ​ធ្វើឡើង ដើម្បី​ធានា​ដល់​ប្រទេស​ទាំង ៥ ដែល​កំពុង​បារម្ភ​អំពី​ការ​កើនឡើង​នៃ​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម។

លោក​ចន ឃែរី នៅ​ពេល​ធ្វើ​ដំណើរ​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ ក្រុង​ប៊ីស្កេក ប្រទេស​កៀហ្ស៊ីសីស្ថាន ថ្ងៃ​ទី៣១ តុលា ២០១៥
លោក​ចន ឃែរី នៅ​ពេល​ធ្វើ​ដំណើរ​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ ក្រុង​ប៊ីស្កេក ប្រទេស​កៀហ្ស៊ីសីស្ថាន ថ្ងៃ​ទី៣១ តុលា ២០១៥ REUTERS/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

តំបន់​អាស៊ី​កណ្តាល​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អាហ្វហ្កានីស្ថាន ​គឺ​ជា​តំបន់​ជា​យុទ្ធសាស្រ្ត​មួយ​របស់​អាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​​ប្រឆាំង​នឹង​ពួកតាលីបង់ និង​អាល់កៃដា នៅ​អាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ នៅ​ពេលដែល​សង្រ្គាម​អាហ្វហ្កានីស្ថាន​ត្រូវ​បញ្ចប់ ហើយ​អាមេរិក​ចាប់ផ្តើម​ដក​កងទ័ព​ចេញ ប្រទេស​អតីត​សហភាព​សូវៀត គឺ​រួមមាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន និង​តួកម៉េនីស្ថាន កំពុងតែ​មាន​ក្តីបារម្ភ​ថា អាមេរិក​នឹង​លែង​រវីរវល់​ពី​ពួកគេ។

ក្រៅពីនេះ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល​នេះ​​ក៏​ត្រូវ​ប្រឈមមុខ​​​នឹង​បញ្ហា​សេដ្ឋកិច្ច​​យ៉ាង​ខ្លាំង​ផងដែរ ដោយសារ​តែ​​ការ​ធ្លាក់​ថ្លៃ​ប្រេងឆៅ​ផង និង​ដោយសារ​តែ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​ដែល​លោកខាងលិច​ដាក់​លើ​រុស្ស៊ី​ផង។ សព្វថ្ងៃ​នេះ បញ្ហា​ដ៏​ធំ​មួយ​ទៀត​កំពុង​តែ​ចោទឡើង គឺ​ការ​កើនឡើង​នៃ​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម។ ពលរដ្ឋ​នៅ​អាស៊ី​កណ្តាល​រាប់ពាន់​នាក់​ត្រូវ​បាន​អង្គការ​រដ្ឋ​​អ៊ីស្លាម​បញ្ចុះបញ្ចូល​ឲ្យ​ចេញ​ទៅ​ធ្វើ​ជីហាត​​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។

ករណី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំងជាងគេ គឺ​ករណី​អតីត​មេ​កងកុម្ម៉ង់ដូ​ប៉ូលិស​តាហ្ស៊ីគីស្ថាន​ម្នាក់ ដែល​ធ្លាប់​ទទួល​ការ​ហ្វឹកហ្វឺន​ផ្នែក​ប្រឆាំង​ភេរវកម្ម​ពី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ឃើញ​ចេញមុខ​នៅ​ជាមួយ​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ហើយ​ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​តាហ្ស៊ីគីស្ថាន​ទាំងអស់​ឲ្យ​នាំគ្នា​ចេញ​ទៅ​ធ្វើ​ជីហាត។

​អាជ្ញាធរ​នៅ​ក្នុង​ស្រុក ទាំង​នៅ​ក្នុង​ប្រទេស​តាហ្ស៊ីគីស្ថាន និង​នៅ​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់​អាស៊ី​កណ្តាល ​នាំគ្នា​ព្រួយបារម្ភ​ខ្លាច​ពួកជីហាត​ ដែល​ចេញ​ទៅ​ធ្វើ​ជីហាត​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​ នាំគ្នា​វិលត្រឡប់​មក​​បង្ក​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួនវិញ។

នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​លោក​ចន ឃែរី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល នៅថ្ងៃ​សៅរ៍​នេះ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។ សម្រាប់​អាមេរិក ការណ៍​ដែល​អង្គការ​រដ្ឋ​អ៊ីស្លាម​​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល ដែល​ជា​តំបន់​មាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ប៉ុន្តែ អ្វី​ដែល​កាន់តែ​ព្រួយបារម្ភ​ជាងនេះ​ទៅទៀត គឺ​ខ្លាចរដ្ឋាភិបាល​​នៅ​​ក្នុង​តំបន់​នេះ ដែល​​សុទ្ធតែ​ជាប់​ឈ្មោះ​មិន​សូវល្អ​ស្រាប់​ក្នុង​រឿង​សិទ្ធិមនុស្ស​ នាំគ្នា​ប្រតិកម្ម​តបទៅវិញ ដោយ​ចាត់វិធានការ​តឹងរ៉ឹង​ហួសហេតុ ដែល​នាំ​ឲ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ