អានតួអត្ថបទ
ថៃ

ថៃ៖របបសឹក​បន្ត​ដាក់​គំនាប​លើ​ក្រុមប្រឆំាង ថ្វី​បើ​មាន​ការរិះគន់ ទិតៀន​ពី​អាមេរិក​

នៅ​ថ្ងៃ​សុក្រ ទី៣០ មករា​នេះ របបសឹក​ក្នុង​ប្រទេស​ថៃ​បាន​បន្ត​ដំឡើង​គំនាប​ដាក់​ក្រុមប្រឆំាង​ដោយ​បាន​ធ្វើ​ការ​កោះហៅ​អ្នក​ប្រឆំាង​ចេញ​មុខ​ខ្លំាង​ជាង​គេ​មួយ​ចំនួន​ទៅ​ជួប។ នៅ​ក្នុង​ជំនួប​នោះ របបសឹក​បាន​ជំរុញ​ពួក​ប្រឆំាង​ឲ្យ​កែតម្រូវ​អកប្បកិរិយា​របស់​ខ្លួន​ចំពោះ​ថ្នាក់ដឹកនំា​បច្ចុប្បន្ន ពោល​ឲ្យ​ឈប់​បន្ត​រិះគន់​របបសឹក។ ការ​ព្រមាន​ជា​ថ្មី​ចំពោះ​ក្រុមប្រឆំាង​ពី​សំណាក់​របបសឹក​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ក្រុង​បាងកក​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុមប្រឆំាង។

លោក​នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា និង​លោក ​Daniel Russel អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក​ទទួល​បន្ទុកតំបន់​អាស៊ី
លោក​នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា និង​លោក ​Daniel Russel អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក​ទទួល​បន្ទុកតំបន់​អាស៊ី
ផ្សាយពាណិជ្ជកម្ម

អ្នក​ប្រឆំាង​ដែល​របបសឹក​បាន​កោះ​ហៅ​ទៅ​ព្រមាន​មុន​គេ គឺ​លោក​ណាតាវុធ សាយការ មេ​អាវក្រហម​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​បាន​ចេញ​មុខ​គំាទ្រ​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​យីងឡាក់​យ៉ាង​ពេញ​ទំហឹង។ នៅ​ក្នុង​ជំនួប​ជាមួយ​ឧត្តមសេនីយ អ៊ុយដុងដេ ស្រីតាប៊ុត ឧត្តមសេនីយ​រូប​នេះ​គ្រាន់​តែ​បាន​សុំ​ឲ្យ​ក្រុមប្រឆំាង​រួមសហការណ៍​ជាមួយ​របបសឹក តែ​បើ​ពួក​គេ​នៅ​តែ​រឹងទទឹង នោះ​នឹង​មាន​ការ​កោះហៅ​ជា​ថ្មី​ទៀត។ ពាក្យ​ការទូត​ផ្លូវការ​ដែល​មន្រ្តីយោធា​ជាន់ខ្ពស់​រូប​នោះ​បាន​យក​មក​ប្រើ គឺ​សុំ​ឲ្យ​ក្រុមប្រឆំាង​កែតម្រូវ​អកប្បកិរិយា​របស់​ខ្លួន​ចំពោះ​របបដឹកនំា​សព្វថ្ងៃ និយាយ​ឲ្យ​ស្រួល គឺ​សុំ​ឲ្យ​ក្រុមប្រឆំាង​បិទមាត់​បញ្ឈប់​ការ​រិះគន់​លើ​របបសឹក។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មករា លោក​នាយករដ្ឋមន្រ្តី ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​បាន​ព្រមាន​ជា​ចំហ​ថា បើ​ពួក​ប្រឆំាង​មិន​ព្រម​កែប្រែ​ឥរិយាបទ​ទេ ពួក​គេ​នឹង​អាច​ជួប​ផលវិបាក​ផ្សេងៗ ដូច​យ៉ាង​ហាម​មិន​ឲ្យ​ចេញ​ពី​ប្រទេស ឬ​មួយ​ក៏​មិន​អាច​ប្រើ​គណនី​នៅ​ធនាគារ​ជា​ដើម។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​ដឹកនំា​ដោយ​ពួកអាវក្រហម​ក្នុង​ខែ​ឧសភា ឆ្នំា ២០១៤ មក នេះ​មិន​មែន​ជា​លើកទី១ ទេ​ដែល​របបសឹក​បាន​ចេញ​មុខ​បង្រ្កាប​ព្រមាន​ត្រង់ៗ​លើ​ពួក​ប្រឆំាង​នោះ តែ​ការ​ចេញ​មុខ​ព្រមាន​ចំៗ​ជា​ថ្មី​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​របបសឹក​បាន​ទទួល​រងការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​លោក Daniel Russel អនុរដ្ឋមន្រ្តី​​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ លោក Daniel Russel បាន​រិះគន់​ខ្លំាងៗ​លើ​ទង្វើ​របស់​របបសឹក​ចំពោះ​ក្រុមប្រឆំាង និង​ថែម​ទំាង​បាន​ជួប​សន្ទនា​ជា​មួយ​លោកស្រី​យីងឡាក់។ លោក Russel បាន​ថ្លែង​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ប្រឆំាង​លោកស្រី​យីងឡាក់​ប្រហែល​ជា​មាន​បង្កប់​ដោយ​រឿង​នយោបាយ។ គឺ​ពាក្យ​រិះគន់​ចាស់ដៃ​របស់​ប្រេសិត​អាមេរិក​រូប​នោះ​ហើយ​ដែល​ត្រូវ​បាន​កាសែត​យក​ទៅ​ចុះ​ផ្សាយ​ទំព័រ​មុខ និង​ដែល​រឹតតែ​ធ្វើ​ឲ្យ​ក្រុម​ឧត្តមសេនីយ​ក្តៅ​ស្លឹកត្រចៀក​កាន់​តែ​ខ្លំាង។

កាល​ពី​ថ្ងៃ​ពុធ ទី២៨ មករា លោក Russel ​ត្រូវ​បាន​ក្រសួង​ការបរទេស​កោះហៅ​ទៅ​បំភ្លឺ ហើយ​នៅ​សប្តាហ៍​ក្រោយ សភា​នឹង​កោះ​ហៅ​មន្រ្តីទូត​អាមេរិក​ម្នាក់​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​ពាក្យ​រិះគន់​របស់​លោក Russel។ ឆ្លើយ​នឹង​សំណួរ​របស់ AFP ថ្ងៃ​នេះ ស្ថានទូត​អាមេរិក​ប្រចំា​ក្រុង​បាងកក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​វិធានការ​ថ្មី​របស់​របបសឹក​ពេល​នេះ​ទេ។ ចំណែក​របបសឹក​ក៏​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ជុំវិញ​ដំណើរ​ទៅ​កាន់​តំបន់​ឦសាន​របស់​មន្រ្តីទូត​អាមេរិក​ម្នាក់​នៅ​ថ្ងៃ​នេះ​ដែរ។ តំបន់​ឦសាន​ជា​តំបន់​ដែល​សំបូរ​ដោយ​អ្នកគំាទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន​រស់នៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ