អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ដកតំណែង​ឧបនាយករដ្ឋមន្រ្តី​ដែល​ចេះ​តែ​ជជីក​សើរើ​​រឿងអាស្រូវ​ពុករលួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាហ្ស៊ីប រ៉ាហ្សាក់ កាលពីថ្ងៃ​អង្គារ​ទី ២៨ កក្កដា បានដក​ហូត​តំណែង​ឧបនាយក​រដ្ឋមន្រ្តី និង​ប្រធាន​រាជអាជ្ញា​ម៉ាឡេស៊ី ដែល​ជាអ្នកហ៊ាន​និយាយ​ឲ្យ​គេ​សើរើ និង​ស៊ើបអង្កេត​លើ​រឿង​អាស្រូវ​ពុករលួយ ដែល​លោក​នាយករដ្ឋមន្រ្តី​ខ្លួន​ឯង​ផ្ទាល់ មាន​ជាប់​ពាក់ព័ន្ធ។ ជារួម មាន​រដ្ឋមន្រ្តី​៩​រូប​ដែល​ត្រូវ​បាត់បង់​តំណែង នៅក្នុង​ការប្រជុំ​រុះរើ​គណៈ​រដ្ឋមន្រ្តី​ម៉ាឡេស៊ី កាលពីថ្ងៃ​អង្គារ។ 

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ណាហ្ស៊ីប រ៉ាហ្សាក់ (ស្តាំ) និង​ឧបនាយករដ្ឋមន្រ្តី លោក​មូយីឌីន យ៉ាស៊ីន ដែល​លោក​រ៉ាហ្សាក់​ដក​ចេញ​ពីតំណែង កាលពីថ្ងៃ​អង្គារ​ទី ២៨ កក្កដា ២០១៥
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ណាហ្ស៊ីប រ៉ាហ្សាក់ (ស្តាំ) និង​ឧបនាយករដ្ឋមន្រ្តី លោក​មូយីឌីន យ៉ាស៊ីន ដែល​លោក​រ៉ាហ្សាក់​ដក​ចេញ​ពីតំណែង កាលពីថ្ងៃ​អង្គារ​ទី ២៨ កក្កដា ២០១៥ ©REUTERS/Bazuki Muhammad
ផ្សាយពាណិជ្ជកម្ម

ការជីក ឫស ជីកគល់ ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ពន្យល់​បកស្រាយ​ពី រឿង​បាត់លុយ​ក្រុមហ៊ុន បាន​ធ្វើ​ឲ្យ​រដ្ឋមន្រ្តី​៩នាក់ រួម​ទាំង​ឧបនាយក​រដ្ឋមន្រ្តី ខ្ទាត​ចេញពី​តំណែង។ កាលពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី បាន​ប្រកាស តាម​ទូរទស្សន៍ ដក​លោក​មូយីឌីន យ៉ាស៊ីន​ចេញ​ពី​តំណែង​ឧបនាយក​រដ្ឋមន្រ្តី។ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី មិន​បាន​លាក់លៀម​ពីមូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ដកតំណែង​ឧបនាយករដ្ឋមន្រ្តី​របស់លោក​ទេ។ តាម​លោក​ណាហ្ស៊ីប រ៉ាហ្សាក់ មន្រ្តី​រដ្ឋាភិបាល​មិនត្រូវ​បញ្ចេញ​ការយល់ឃើញ​ផ្ទុយ​របស់ខ្លួន នៅ​កន្លែង​សាធារណៈ ដែល​នឹង​ជះ​ឥទ្ធិពល ធ្វើ​ឲ្យ​មតិសាធារណជន ស្អប់ ប្រឆាំង រដ្ឋាភិបាល និង​ម៉ាឡេស៊ី នោះ​ទេ។

 
លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ចង់​និយាយ​សំដៅ​ទៅ​ដល់ ឧបនាយករដ្ឋមន្រ្តី​យ៉ាស៊ីន ដែល​កាលពី​ថ្ងៃ​អាទិត្យ ទី ២៦ កក្កដា បាន​អំពាវនាវ នៅក្នុង​វេទិកា​សាធារណៈ​មួយ សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ចេញមុខ បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ពី​សំណុំរឿង បន្លំលុយ ក្រុមហ៊ុន​រដ្ឋ (1Malaysia Development Berhad) ដែល​លោក​ណាហ្ស៊ីប រ៉ាហ្សាក់ ជាអ្នកផ្តួចផ្តើម​បង្កើត​ឡើង និង​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល រហូតមក។

ការអំពាវនាវ​របស់​ឧបនាយករដ្ឋមន្រ្តី​បាន​បន្ថែម ធ្វើ​ឲ្យ​សំឡេង​រិះគន់​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ណាហ្ស៊ីប រ៉ាហ្សាក់ មាន​កាន់តែ​ច្រើន​ឡើង។ លោករ៉ាហ្សាក់​ផ្ទាល់​ក៏​កំពុង​វណ្ឌក ជាប់ក្នុង​សំណាញ់​ស៊ើបអង្កេត​រឿង​ពុករលួយ បន្ទាប់​ពី​កាសែត​អាមេរិកាំង Wall Street Journal បាន​ចុះផ្សាយ​នៅ​ដើម​ខែ​នេះ​ថា លុយ​ប្រមាណ ៧០០​លាន​ដុល្លារ ត្រូវ​បាន​ផ្ទេរ​ពី​បរទេស ចូល​ទៅក្រុមហ៊ុន​រដ្ឋ មុន​នឹង​ផ្ទេរ​បន្ត ទៅ គណនី​ផ្ទាល់ខ្លួន​របស់​លោក​នាយករដ្ឋមន្រ្តី។ ពេល​ថ្មីៗនេះ លោក​ណាហ្ស៊ីប រ៉ាហ្សាក់ បាន​អំពាវនាវ​ឲ្យ​សមាជិក​រដ្ឋាភិបាល​របស់លោក ទប់សំដី កុំ​ទាន់​និយាយ​អ្វី នៅមុន​ពេល​ការស៊ើបអង្កេត របស់​ក្រុមឯករាជ្យ ផ្តល់​ចេញ​លទ្ធផល​ជា​ផ្លូវការ។

តាម​អ្នកតាមដាន​នយោបាយ​ម៉ាឡេស៊ី នាយករដ្ឋមន្រ្តី​ដកតំណែង​រដ្ឋមន្រ្តី របស់លោក ក៏ដោយសារ​តែ​ក្រពុលមុខ ខ្លាំង មិនចង់​ឲ្យ​គេ​លើកសើរើ​និយាយ​ពីរឿង​ពុករលួយ ដែល​នឹង​អាច​ធ្វើ​ឲ្យ​អំណាច​របស់​លោក​ធ្លាក់ចុះខ្សោយ។ ម្យ៉ាងទៀត រាជ​អាជ្ញា​ម៉ាឡេស៊ី ដែល​លោក​នាយករដ្ឋមន្រ្តី​បញ្ឈប់​ពី​តំណែង កាលពីថ្ងៃ​អង្គារ ក៏​ជាអ្នក​ដែល​ដឹកនាំ​ការស៊ើបអង្កេត​ទៅលើ​ការបន្លំលុយ​រដ្ឋ​ផង និង​ទៅ​លើដំណឹង​ដែល​ថា មាន​លុយ​៧០០​លាន​ដុល្លារ ត្រូវ​ផ្ទេរ​ចូល​ទៅគណនី​របស់​លោក​ណាហ្ស៊ីប រ៉ាហ្សាក់​ផង។ នៅ​សប្តាហ៍មុន រដ្ឋាភិបាល​ក៏​បាន​ផ្អាក​បិទ​កាសែត The Edge ដែល​ឧស្សាហ៍​ចុះផ្សាយ ពីសំណុំរឿង​ពុករលួយ​របស់​ប្រមុខ រដ្ឋាភិបាល រហូត​ធ្វើ​ឲ្យ​មានការតវ៉ា ពីការបិទ​សេរីភាព​សារព័ត៌មាន​នៅ​ម៉ាឡេស៊ី។

ដង្កូវ​ចេញពី​សាច់
ក្រុមហ៊ុន​រដ្ឋ 1Malaysia Development Berhad ត្រូវ​បាន​លោក​ណាហ្ស៊ីប រ៉ាហ្សាក់ បង្កើត​ឡើង នៅ​ឆ្នាំ ២០០៩ ក្នុង គោលដៅ អភិវឌ្ឍ ទាក់ទាញ​ការវិនិយោគ​បរទេស ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ រឿងអាស្រូវ​ពុករលួយ បាន​ចាប់​ផ្ទុះ ឡើង នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ ធ្លាក់​ខ្លួន មិនអាច​សង​បំណុល ១១ ពាន់​លាន​ដុល្លារ ទៅ​ធនាគារ​ជាតិ​ម៉ាឡេស៊ី។ កង​កម្លាំង​ពិសេស​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​ជាក្រុម​ឯករាជ្យ ​ចូលរួម​ពី​ប៉ូលិស តុលាការ ហើយ​ធនាគារ​កណ្តាល​ម៉ាឡេស៊ី​បាន​បើក​ការស៊ើបអង្កេត ទៅលើ​ភាព​មិនប្រក្រតី ក្នុង​ក្រុមហ៊ុន​រដ្ឋ ដែល​មេដឹកនាំ​កំពូល គឺ​លោក​នាយករដ្ឋមន្រ្តី​រ៉ាហ្សាក់។

ប៉ុន្មាន​ខែ​មក​ហើយ លោក​នាយក​រដ្ឋមន្រ្តី​បាន​រងសម្ពាធ ពី​គ្រប់ទិស មិនថា ពីក្នុង និង​ក្រៅ គណបក្ស ដោយសារ​តែ​រឿង បន្លំ​បាត់​លុយ។ ក្នុង​រឿង​ពុករលួយនេះ មិនមែន​មាន​តែ​មន្រ្តី​រដ្ឋាភិបាល​មក​ពី​គណបក្ស​របស់លោក​រ៉ាហ្សាក់ ដែល​វាយប្រហារ​ទៅលើ​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។ សូម្បី លោក​អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ម៉ាហាធៀរ ម៉ូហាមេដ ផ្ទាល់ ដែល​ធ្លាប់​ជាគ្រូណែនាំ ជួយ​លោក​ណាហ្ស៊ីប រ៉ាហ្សាក់ ឲ្យ​បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី ក៏​បាន​រិះគន់ យ៉ាងចាស់ដៃ និង​ទាមទារ​ឲ្យ​លោក​រ៉ាហ្សាក់ ចុះ​ចេញ​ពី​តំណែង​ផងដែរ។ លោក​ណាហ្ស៊ីប រ៉ាហ្សាក់​វិញ នៅតែ​បដិសេធ​ការចោទប្រកាន់ និង​និយាយ​បក​ទៅវិញថា លោក​ម៉ាហាធៀរ ម៉ូហាមេដ កំពុង​រួមដៃ​ជាមួយ​ជនបរទេស ដើម្បី បំផ្លិចបំផ្លាញ​រដ្ឋាភិបាល ដែល​កើតចេញ​មក​ពី​ការបោះឆ្នោត ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ