អានតួអត្ថបទ
ប៉ាគីស្ថាន

តាលីបង់ប៉ាគីស្ថាន៖ព្រឹត្តិការណ៍​បាញ់ប្រហារ​ក្នុង​សាលារៀន គឺ​ចង់​ឲ្យ​កងទ័ព​ស្គាល់​រសជាតិ​សេចក្តី​ឈឺចាប់

នៅ​ប្រទេស​ប៉ាគីស្ថាន តុល្យការ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​បាញ់ប្រហារ​ពី​សំណាក់​កងកម្មង់ដូ​តាលីបង់​នៅ​ក្នុង​សាលារៀន​មួយ​ស្ថិត​ក្នុង​ទីក្រុង​ប៉េសាវ៉ា​នៅ​ថ្ងៃ​អង្គារ ទី១៦ ធ្នូ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៣០នាក់ ក្នុង​នោះ​មាន​សិស្សសាលា​ប្រមាណ​ជា ១០០នាក់ និង​មាន​អ្នក​រងរបួស​ចំនួន ១២២នាក់​ផ្សេង​ទៀត។ ប៉ូលិស​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ស្លាប់​ភេរវជន​ទំាង ៦នាក់។ ចំណែក​ចលនា​ឧទ្ទាម​តាលីបង់​បាន​បញ្ជាក់​ថា ខ្លួន​ចង់​ឲ្យ​កងទ័ព​ស្គាល់​សេចក្តី​ឈឺចាប់​វិញ​ម្តង។ ដោយ​ឡែក លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​វាយប្រហារ​នោះ​ថា ជា​សោកនាដកម្មជាតិ។

ព្រឹត្តិការណ៍​បាញ់ប្រហារ​ក្នុង​សាលារៀន៖ពួក​តាលីបង់​ចង់​ឲ្យ​កងទ័ព​ស្គាល់​រសជាតិ​សេចក្តី​ឈឺចាប់
ព្រឹត្តិការណ៍​បាញ់ប្រហារ​ក្នុង​សាលារៀន៖ពួក​តាលីបង់​ចង់​ឲ្យ​កងទ័ព​ស្គាល់​រសជាតិ​សេចក្តី​ឈឺចាប់ REUTERS/Khuram Parvez
ផ្សាយពាណិជ្ជកម្ម

២៤ម៉ោង​ក្រោយ​ព្រឹត្តិការណ៍​បាញ់ប្រហារ​នៅ​ក្នុង​សាលារៀន​​នោះ​មក កងទ័ព​ប៉ាគីស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​គ្រប់គ្រង​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​ប៉េសាវ៉ា​ទំាង​ស្រុង។ មួយ​វិញ​ទៀត ប្រតិបត្តិការ​វាយបក​វិញ​របស់​កម្លំាង​ប៉ូលិស​ជិត ៧ម៉ោង​បាន​សម្លាប់​ភេរវជន​ទំាង ៦នាក់​គ្មាន​សល់​ម្នាក់។ គួរ​រម្លឹក​ជូន​ថា នៅ​ព្រឹកព្រលឹម​ថ្ងៃអង្គារ ទី១៦ ធ្នូ មាន​ពួក​ឧទ្ទាម​តាលីបង់​ចំនួន ៦នាក់​ដែល​បន្លំ​ស្លៀកពាក់​ខោអាវ​ទាហាន​រដ្ឋាភិបាល​បាន​នំា​គ្នា​ចូល​ទៅ​ក្នុង​សាលារៀន​មួយ​ដោយ​ឆ្លង​កាត់​ពី​ថ្នាក់​មួយ ទៅ​ថ្នាក់​មួយ រួច​ក៏​បាន​ធ្វើ​ការ​បាញ់រះ​លើ​កូនសិស្ស។ សាលារៀន​នោះ ជា​សាលារៀន​សម្រាប់​កូនៗ​របស់​ទាហាន និង​ដែល​ក្នុង​ថ្ងៃ​កើត​រឿង​បាញ់ប្រហារ​នោះ ជា​ថ្ងៃ​ប្រឡង​ដោយ​មាន​វត្តមាន​កូនសិស្ស និង​គ្រូ​សរុប​ប្រមាណ​ជា ៥០០នាក់។

លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ដែល​បាន​ទៅ​ដល់​ទីកន្លែង​កើតហេតុ​ដើម្បី​តាម​ឃ្លំាមើល​ស្ថានការណ៍​ផ្ទាល់​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​វាយប្រហារ​នោះ ជា​សោកនាដកម្មជាតិ និង​ថា រដ្ឋាភិបាល​នឹង​បន្ត​យុទ្ធនាការ​កំទេច​ពួក​ឧទ្ទាម​ឲ្យ​ដល់​ឫសគល់។ ដោយឡែក អភិបាល​ក្រុង​ប៉េសាវ៉ា​បាន​ប្រកាស​កាន់​ទុក្ខជាតិ​រយៈពេល ៣ថ្ងៃ​ដើម្បី​គោរពវិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ។ ប្រតិកម្ម​ក៏​មាន​ដែរ​ពី​សហគមន៍​អន្តរជាតិ ពិសេស​បារំាង និង​ឥណ្ឌា​ដែល​បាន​ចាត់​ទុក​ទង្វើ​វាយប្រហារ​របស់​ពួក​ភេរវជន​ថា ជា​ទង្វើ​ថោបទាប និង​គួរ​ឲ្យ​ស្អប់ខ្ពើម។

ចំណែក​ចលនា​តាលីបង់​ប៉ាគីស្ថាន​ហៅ​កាត់​ថា TTP (Tehreek-e-Taliban Pakistan) ដែល​ជា​ចលនា​ឧទ្ទាម​អ៊ីស្លាមនិយមជ្រុល​នៅ​ប៉ាគីស្ថាន​បាន​ចេញ​មុខ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន និង​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នេះ គឺ​ដើម្បី​ឲ្យ​ទ័ពរដ្ឋាភិបាល​ស្គាល់​រសជាតិ​សេចក្តី​ឈឺចាប់​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​លើ​ក្រុមគ្រួសារ​របស់​ពួក​តាលីបង់​ក្នុង​តំបន់​វ៉ាហ្ស៊ីរីស្ថាន​ប៉ែកខាងជើង​អ៊ីចឹង​ដែរ។ សូម​ជម្រាប​ជូន​ថា គឺ​នៅ​តំបន់​វ៉ាហ្ស៊ីរីស្ថាន​ប៉ែកខាងជើង​ដែល​ជា​មូលដ្ឋាន​របស់​ពួក​តាលីបង់​នោះ​ឯង​ដែល​ទ័ពរដ្ឋាភិបាល​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​តំាង​ពី​ខែ​មិថុនា​មក​ដល់​សព្វថ្ងៃ ដោយ​បាន​ផ្តាច់​ជីវិត​យុទ្ធជន​តាលីបង់​ជាង ១ ៦០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ