ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 04/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 04/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 03/12 12h00 GMT
អាស៊ី

MH370៖ ពីរឆ្នាំ​ក្រោយ​មក​នៅ​តែ​មិន​ដឹង​មូលហេតុ

media  
ជញ្ជាំងសម្រាប់សរសេរសារដល់ជនរងគ្រោះ​ ក្នុង​យន្តហោះ MH370 REUTERS/Damir Sagolj

យន្តហោះ​Boeing777 ​ជើង​ហោះហើរ​លេខ​MH370 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​ដែល​បាន​បាត់​ដំណឹង​ឈឹង​ កាល​ពី​ថ្ងៃ​ទី​ ៨​មីនា ​ឆ្នាំ​២០១៤ ​ រហូត​ពេល​នេះ ​ពីរ​ឆ្នាំ​គត់ ​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ ​ខិតខំ​ស្វែងរក​តួខ្លួន​យន្តហោះ ​និង​ជា​ពិសេស​ដើម្បី​ស្វែងយល់​ពី​មូលហេតុ​ នៃ​ការ​បាត់​យន្តហោះ​នេះ។ នៅ​ថ្ងៃ​ទី៨​មីនា​ នេះ ​ជា​ថ្ងៃខួប​គំរប់​ពីរ​ឆ្នាំ ​ហើយ​ដែល​ក្រុម​ការងារ​ស្រាវជ្រាវ​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ ​ស្តីពី​លទ្ធផល​នៃ​ការ​រុករក​យន្តហោះ។ ប៉ុន្តែ​របាយការណ៍​នេះ ​គឺ​មិន​បាន​ផ្តល់​អ្វី​ថ្មី​ជា​ដុំ​កំភួន​ទេ ​ ឯ​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​ទាំង​២៣៩​នាក់ ​ បាន​ទទូច​អង្វរ​ឲ្យ​ក្រុម​ការងារ​ខិតខំ ​និង​បន្ត​រុករក​ត​ទៅ​ទៀត។

របាយការណ៍​ស្រាវជ្រាវ​២​ឆ្នាំ ​គ្មាន​ផ្តល់​តំរុយ​ថ្មី៖

របាយការណ៍​ថ្មី​សម្រាប់​ឆ្នាំ​ទី​ពីរ​ នៃ​ការ​រុករក​យន្តហោះ​នេះ​ គឺ​មិន​បាន​ផ្តល់​ដំណឹង ​រឺ​ក៏​តំរុយ​អ្វី​ថ្មី​ទេ។ គ្រោះថ្នាក់​បាត់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នេះ ​ ​គឺ​ជា​រឿង​មួយ​ដ៍​អាថ៌​កំបាង​បំផុត​ ក្នុង​ប្រវត្តិ​អាកាសចរណ៍​ស៊ីវិល។ សូម​រំលឹក​ថា ​យន្តហោះ​ប្រភេទ​ Boeing777​ ជើង​ហោះហើរ​លេខ​ MH370 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​មាន​ផ្ទុក​មនុស្ស​ទាំង​អស់​២៣៩​នាក់ ​ក្នុង​នោះ​១៥៣នាក់​ជា​ជនជាតិ​ចិន​ ចេញ​ដំណើរ​ពី​ក្រុង​កូឡាឡំពួរ​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី​ ​៨​មីនា ​ឆ្នាំ​២០១៤។ គ្រាន់​តែ​ហោះ​ឡើង​បាន​បន្តិច​មិន​ទាន់​បាន​មួយ​ម៉ោង ​ស្រាប់តែ​បាត់​យន្តហោះ​ពី​ប្រព័ន្ធ​រ៉ាដា​ឈឹង​សូន្យ​តែម្តង។
 
របាយការណ៍ថ្មី​ ដែល​ទើបតែ​ចេញ​ដោយ​ក្រុម​ការងារ​អូស្ត្រាលី ​ដែល​ជា​អ្នក​ទទួល​បន្ទុក​រុករក​យន្តហោះ​ គ្រាន់តែ​បាន​បញ្ជាក់​ថា  ​សកម្មភាព​រុករក​នៅ​តែ​បន្ត​នៅ​ក្នុង​ទឹក​សមុទ្រ ​ក្នុង​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា។ បរិវេន​ទឹក​សមុទ្រ​ដែល​គេ​កំពុង​តែ​រុករក​នោះ ​មាន​ទំហំ​ប្រមាណ​ជា ​១២ម៉ឺន​គីឡូមែត្រ​ក្រឡា ​ ពោល​គឺ​ជិត​ស្មើរ​នឹង​ផ្ទៃ​ក្រឡា​ប្រទេស​កម្ពុជា​យើង​ទៅហើយ ​ ហើយ​ជំរៅ​ទឹក​សមុទ្រ​ជ្រៅ​ខ្លាំង​ណាស់ ​ ដែល​ទាំង​អស់​នេះ ​ គឺ​ជា​ការ​លំបាក​ក្នុង​ការ​រុករក​យន្តហោះ។
 
លោក​ ណាហ្ស៊ីប រ៉ាហ្សាក់ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដែរ​ នៅ​ថ្ងៃ​នេះ​ដោយ​បាន​អះអាង​ថា ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​និង​ក្រុម​ការងារ​អូស្រា្តលី ​នៅតែ​មាន​សង្ឃឹម​ថា​នឹង​រក​សាកសព​យន្តហោះ​ឃើញ ​ក្នុង​ពេល​ខាង​មុខ។ លោក​បន្ថែម​ថា ​បើ​នៅ​តែ​រក​មិន​ឃើញ ​ក្រុម​ការងារ​ម៉ាឡេស៊ី ​អូស្ត្រាលី ​និង​ចិន ​ នឹង​ជួប​ប្រជុំ​គ្នា ​ដើម្បី​សម្រេច​ថា​ត្រូវ​ធ្វើ​យ៉ាងណា។ យ៉ាងណា​ក៏ដោយ ​គេ​មិន​អាច​បន្ត​ធ្វើការ​រុករក​​ទាំង​គ្មាន​លទ្ធផល​បែប​នេះ ​រហូត​ទេ ​ ព្រោះថា​វា​ចំណាយ​ប្រាក់​ច្រើន​ណាស់ ​ឯ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡែស៊ី​វិញ ​កំពុងតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ​រក​កល​ចង់តែ​នឹង​បិទ​ទ្វារ​លែង​រកស៊ី​ផង​ទៀត។ បើ​តាម​ការ​គ្រោងទុក​ ការ​ស្រាវជ្រាវ​រុករក ​នឹង​បិទ​បញ្ចប់​នៅ​ខែ​កក្កដា ​ខាង​មុខ​នេះ​ហើយ។
 
យន្តហោះ​ពិត​ជា​បាន​ធ្លាក់​ក្នុង​សមុទ្រ ​តែមិន​ដឹង​មូលហេតុ៖
ពាក្យ​ចរចាម​អារ៉ាម​ផ្តេសផ្តាស់ ​មាន​ខ្លះ​មិន​សម​ហេតុផល ​ត្រូវ​គេ​ចេះ​តែ​ប្រឌិត​ឡើង​ជារឿយ។ យោង​ទៅលើ​តំរុយ​បន្តិចបន្តួច​ដែល​គេ​មាន​នៅ​ពេល​នេះ ​គឺ​គេ​អាច​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា​ យន្តហោះ​គឺ​ពិត​ជា​បាន​ធ្លាក់​នៅ​ក្នុង​ទឹក​សមុទ្រ ​ ក្នុង​មហា​សមុទ្រ​ឥណ្ឌា។ ប៉ុន្តែ​សួរ​ថា ​មូលហេតុ​អី​បាន​ជា​យន្តហោះ​វា​ធ្លាក់​ គឺ​គេ​មិន​អាច​ដឹង​បាន​ទេ។ ត្រង់នេះ​ហើយ​ដែល​នៅ​ជា​អាថ៌​កំបាំង។
 

បំណែក​ស្លាប​​ដែល​​គេ​រកឃើញ​ កាល​ពី​​ខែ​កក្កដា​ឆ្នាំ​២០១៥ នៅ​កោះ​​រ៉េអ៊ុយញ៉ុង REUTERS/Zinfos974/Prisca Bigot/Files

ហេតុអ្វី​បាន​គេ​ហ៊ាន​សន្និដ្ឋាន​ថា ​យន្តហោះ​ធ្លាក់​ក្នុង​ទឹក​សមុទ្រ ​ គឺ​ដោយសារ​តែ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៥ ​គេ​បាន​រកឃើញ​បំណែក​ស្លាប​យន្តហោះ​មួយ​ នៅ​លើ​ឆ្នេរ​កោះ​រ៉េអ៊ុយញ៉ុង ​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ​ភាគ​ខាង​និរតី។ ឆ្លង​កាត់​ការ​ពិនិត្យ​ពី​អ្នក​ជំនាញ ​បំណែក​ស្លាប​ដែល​រកឃើញ​នេះ ​ ពិត​ជា​របស់​យន្តហោះ​Boeing 777​ ដែល​បាន​បាត់​នេះមែន។ ហើយ​ថ្មីៗ​នេះ​ទៀត​ គេ​ទើប​រក​ឃើញ​បំណែក​ពីរ​ផ្សេង​ទៀត ​ មួយ​នៅ​លើ​ឆ្នេរ​ប្រទេស​មួហ្សំបិក ​និង​មួយ​ទៀត​ចុង​ក្រោយ ​នៅ​លើ​កោះ​រ៉េអ៊ុយញ៉ុង​ដដែល ​ដែល​អ្នក​ជំនាញ​កំពុង​តែ​ពិនិត្យ។
 
ហើយ​ម្យ៉ាង​ទៀត ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​ចរន្ត​សមុទ្រ ​ ​គឺ​គេ​អះអាង​ថា​កន្លែង​ ដែល​យន្តហោះ​បាត់​ពីរ៉ាដា ​ថ្វី​ត្បិត​តែ​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​គេ​រកឃើញ​បំណែក​ស្លាប​នោះ​មែន​ ក៏​ប៉ុន្តែ​ចរន្ត​ទឹក​សមុទ្រ​អាច​នាំ​យក​បំណែក​យន្តហោះ​ ទៅ​ដល់​កោះ​រ៉េអ៊ុយញ៉ុង​បាន ​ ក្នុង​រយៈ​ពេល​ជាង​១ឆ្នាំ។
 
មុន​នឹង​បាត់ ​យន្តហោះ​ហោះ​បត់ក្បាល​ដោយ​មាន​អ្នក​បញ្ជា៖
សរុប​មក​ មាន​ន័យ​ថា ​យន្តហោះ​ពិត​ជា​ធ្លាក់​ក្នុង​ទឹក​សមុទ្រ​មែន។ គ្រាន់តែ​ថា​យើង​មិន​ដឹង​មូលហេតុ ​ថាវា​ ជា​គ្រោះថ្នាក់​ ព្រោះ​យន្តហោះ​មាន​បញ្ហា​បច្ចេកទេស ​ ជា​រឿង​ភេរវកម្ម ​រឺ​មួយ​អាច​ជា​ករណី​សម្លាប់​ខ្លួន​របស់​អ្នក​បើក​យន្ត​ហោះ ​ដូច​ក្នុង​ករណី​យន្តហោះ​ក្រុមហ៊ុន​អាល្លឺម៉ង់​ ដែល​បាន​ធ្លាក់​នៅ​បារាំង​កាល​ពី​ដើម​ឆ្នាំ​២០១៥ ​រឺ​មួយ​យ៉ាងណា។
 
បើ​យោង​តាម​ដាន​ហោះហើរ​របស់​យន្តហោះ ​យើង​ឃើញ​ថា​ យន្តហោះ​បាន​បត់​កាច់​ចង្កូត​មក​ខាង​ឆ្វេង ​សំដៅ​ទៅ​មហាសមុទ្រ​ឥណ្ឌា ​ខុស​ពី​ទិសដៅ​គ្រោង​ទុក​ ដែល​តាម​ធម្មតា ​ត្រូវ​ហោះ​ត្រង់​សំដៅ​ទៅ​ទិស​ខាងជើង​ ទៅ​ក្រុង​ប៉េកាំង។ អញ្ចឹង​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា​ វា​ជា​ការ​បញ្ជារ​របស់​អ្នក​បើកបរ ​ មិនមែន​សុខៗ​ យន្តហោះ​បត់​ខ្លួន​ឯង​ទេ។ តែ​ជា​ការ​បញ្ជារ​ដោយ​ចេតនា​ផ្ទាល់​ របស់​អ្នក​បើកបរ​ ​រឺ​មួយ​ក៏​មាន​ហេតុភេទ​អ្វីមួយ​តម្រូវ​ឲ្យ​គាត់​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ?​ ទាំងនេះ​ហើយ​ ដែល​គេ​នៅ​តែ​ចោទសួរ។ អ្នក​បើក​បរ​អាច​សម្រេច​ហោះបក​ក្រោយ​ត្រឡប់​មក​វិញ ​ ដោយសារ​យន្តហោះ​មាន​បញ្ហា ​ម៉ាស៊ីន​មាន​បញ្ហា ​មាន​ភ្លើង​ឆេះ ​ រឺ​មួយ​ម្យ៉ាងទៀត​គឺ​អ្នក​បើកបរ​អាច​ត្រូវ​គេ​គម្រាម ​គឺ​ក្នុង​ន័យ​នេះ ​មាន​ន័យ​ថា​ជា​ក្រុម​ភេរវកម្ម។
 
ក្រុម​គ្រួសារ​ជនរងគ្រោះ​សម្រុក​ដាក់​ពាក្យ​បណ្តឹង ​មុន​ផុត​អាជ្ញាយុកាល៖

ថ្ងៃទី​ ៨មីនា ២០១៦​ ក្រុងប៉េកាំង​ប្រទេសចិន​ ក្រុម​គ្រួសារ​​ជន​រងគ្រោះ​​ធ្វើការ​ជួបជុំ​​សូម​​ឲ្យ​បន្ត​​ការ​រុក​រក​​ដើម្បី​​បង្ហាញ​​ការពិត​​​ REUTERS/Kim Kyung-hoon TPX IMAGES OF THE DAY

ធម្មតាទេ​ ទាំង​យើង​ទាំង​គេ​តែងតែ​ចង់​ដឹង​មូលហេតុ​ពិត​ប្រាកដ​ នៃ​មរណភាព​របស់​ក្រុម​គ្រួសារ​យើង ​ ដើម្បី​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ​កាត់ចិត្ត​ឈប់​គិត​ត​ទៅ​ទៀត។ ឯការ​ដាក់​ពាក្យ​បណ្តឹង​សុំ​សំណង​ជំងឺ​ចិត្ត ​ ​គឺ​ក្រុម​គ្រួសារ​ខ្លះ​បាន​ធ្វើ ​ដោយសារ​តែ​អាជ្ញាយុកាល ​នៃ​បណ្តឹង​ទៅ​តុលាការ ​ត្រូវ​ផុត​ក្រោយ​រយៈពេល​ពីរ​ឆ្នាំ។ មាន​ន័យ​ថា ​ផុត​ពី​ពីរ​ឆ្នាំ ​បន្ទាប់​ពី​ថ្ងៃ​កើត​ហេតុ​ទៅ​ ​គឺ​គេ​លែង​អាច​ប្តឹង​បាន​ហើយ។ ដូច្នេះ​ហើយ ​ បាន​ជា​មួយ​អាទិត្យ​ចុង​ក្រោយ ​ នេះ​មាន​បណ្តឹង​ជា​បន្ត​បន្ទាប់ ​នៅ​ចិន ​នៅ​ម៉ាឡេស៊ី ​និង​អូស្ត្រាលី​ជា​ដើម។ បណ្តឹង​ទៅ​ក្រុមហ៊ុន​ផលិត​យន្តហោះ​Boeing​ នៅ​សហរដ្ឋ​អាមេរិក ​ មាន​តែ​មួយ​ទេ។
 
ចំណែក​​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មួយ​ចំនួន​ទៀត ​ បាន​សុខចិត្ត​ទទួល​យក​សំណង​ជំងឺចិត្ត​ ក្រៅ​ប្រព័ន្ធ​តុលាការ​ដើម្បី​បិទ​បញ្ចប់​បញ្ហា ​កុំ​ឲ្យ​វា​រ៉ាំរ៉ៃ​ទៅ​មុខ​ទៀត។ វា​ជា​ជម្រើស​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នីមួយៗ។ សម្រាប់​អ្នក​ដែល​គេ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង ​ ព្រោះគេ​មាន​អារម្មណ៍​ថា​ រដ្ឋាភិបាល​ម៉ាឡេស៊ី ​មាន​បំណង​លាក់​ព័ត៌មាន​ លាក់​ការពិត​ មិន​ចង់​ឲ្យ​គេដឹង ​តាំង​តែ​ពី​ដំបូង​មក។ អ្នក​គេ​រិះគន់​គេ​ យល់​ថា​វា​ជា​រឿង​មិន​គួរឲ្យ​ជឿ​ទេ ​ដែល​ សម័យ​នេះ​ទៅ​ហើយ ​បច្ចេកវិទ្យា​ទំនើប​ រ៉ាដា​ ផ្កាយ​រណប​ស្អេកស្កះ ​តែ​នៅ​តែ​មិន​ដឹង​ថា​យន្តហោះ​ធ្លាក់​កន្លែង​ណា​ឲ្យ​ពិត​ប្រាដក ​ហើយ​ដោយ​សារ​មូលហេតុ​អី្វ។ អ្វី​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះ​ចង់បាន ​គឺ​ការពិត​ ដើម្បី​ឲ្យ​ពួក​គាត់​កាត់​ចិត្ត ​ឈប់​នឹក​តទៅ​ទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ