អានតួអត្ថបទ
ជនភៀសខ្លួនភូមា

ម៉ាឡេស៊ី​ ថៃ​ និង​​ឥណ្ឌូណេស៊ី ​សន្យា​​ជួប​គ្នា​​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន

រដ្ឋមន្រ្តី​​ការបរទេស​​ម៉ាឡេស៊ី ​​ថៃ ​និង​ ​ឥណ្ឌូណេស៊ី​ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅថ្ងៃ​នេះ​ថា ប្រទេស​ទាំង​បី ​នឹង​ជួប​​ពិភាក្សា​គ្នា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ជុំវិញ​បញ្ហា​ជន​ភៀសខ្លួន​មក​ពី​ភូមា ​និង​​បង់ក្លាដែស។ ជនភៀស​ខ្លួន​ដែល​បន្ត​នាំគ្នា​មក​តាម​ទូក មាន​ចំនួន ៣ពាន់​នាក់​ដែល​បាន​មក​ដល់​គោក តាម​​ឆ្នេរ​​ប្រទេស​​ថៃ និង​​ម៉ាឡេស៊ី ​បន្តែ​នៅ​មាន​ចំនួន​ជា​ច្រើន​ទៀត ដែល​​កំពុង​​តែ​​អណ្តែត​​ត្រសែត​​ក្នុង​​សមុទ្រ​ ខ្វះ​​ស្បៀង​​អាហារ​​ និង​ ទឹក​សាប​​បរិភោគ។

ទូកដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាស អណ្តែត​រកកន្លែង​ចត​នៅក្បែរឆ្នេរ​​ភាគខាង​ត្បូង​ប្រទេស​ថៃ
ទូកដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាស អណ្តែត​រកកន្លែង​ចត​នៅក្បែរឆ្នេរ​​ភាគខាង​ត្បូង​ប្រទេស​ថៃ
ផ្សាយពាណិជ្ជកម្ម

ជន​ភៀសខ្លួន ​ដើម​កំណើត​រ៉ូហ៊ីងយ៉ាស ​មក​ពី​ប្រទេស​ភូមា ​និង​ប្រទេស​បង់ក្លាដែស ​បាន​បន្ត​ផ្សង​ជីវិត​តាម​ទូក ​ឆ្លង​មក​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​នឹង​ប្រទេស​ម៉ាឡេស៊ី។ គិត​មក​ត្រឹម​ពេល​នេះ ​មាន​ជន​ភៀសខ្លួន​ចំនួន​ប្រហែល​ ៣ពាន់​នាក់​ហើយ ​ដែល​ត្រូវ​បាន​ស្រង់​មក​ដល់​ដី​គោក ​និង​អ្នក​ខ្លះ​ បាន​ហែល​ទឹក​សមុទ្រ​មក​ដល់​ឆ្នេរ។ ប៉ុន្តែ​នៅ​មាន​ជន​ភៀសខ្លួន ​រាប់​ពាន់​នាក់​ផ្សេង​ទៀត ​ដែល​កំពុង​តែ​រស់​យ៉ាង​វេទនា​បំផុត ​នៅ​លើ​ទូក​​ ដែល​រសាត់​អណ្តែត​តាម​រលក​សមុទ្រ ​គ្មាន​ម្ហូប​អាហារ​ និង​ទឹក​សាប​បរិភោគ ​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ។

បន្ទាប់​ពី​រង​ការ​រិះគន់​ជា​ច្រើន​ថា ​នៅ​ឈរ​ទ្រឹង​អោបដៃ​មើល​ ប្រទេស​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ទើប​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ ​ដោយ​រដ្ឋមន្រ្តី​ការបរទេស​ប្រទេស​ទាំង​បី ​បាន​សន្យា​ថា​នឹង​ជួប​និយាយ​គ្នា​ ដើម្បី​រក​ដំណោះស្រាយ។ តាម​ការ​ផ្តល់​ដំណឹង ​ជា​បឋម ​រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី ​និង​ជួប​ជាមួយ​រដ្ឋមន្ត្រី​​ការបរទេស​ឥណ្ឌូណេស៊ី ​នៅ​ថ្ងៃ​ចន្ទ​ស្អែក ​ហើយ​នឹង​ជួប​រដ្ឋមន្រ្តី​ការបរទេស​ថៃ​ នៅ​ថ្ងៃ​ពុធ ​ទី ២០​ឧសភា។ នេះ​ជា​ដំណឹង​ល្អ​មួយ ​សម្រាប់​ជន​ភៀស​ខ្លួន​ដ៏​អភ័ព្វ ​ដែល​កំពុង​តែ​ស្វែងរក​ទី​ជ្រក​កោន។ គួរ​រំលឹក​ដែរ​ថា ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ថៃ​​និង ​ម៉ាឡេស៊ី​ បាន​ប្រកាស​ព្រម​គ្នា​ថា ​គេ​នឹង​រុញ​ទូក​ចេញ ​មិន​ឲ្យ​ជន​ភៀសខ្លួន​ទាំង​នោះ ​ឡើង​គោក​លើ​ទឹកដី​គេ​ទេ។

សូម​បញ្ជាក់​ថា ​ជន​ភៀសខ្លួន​ រ៉ូហ៊ីងយ៉ាស ​ដែល​មក​ពី​ភូមា​ គឺ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ដែល​ត្រូវ​​បាន​ក្រុម​ជ្រុល​និយម​កាន់​សាសនា​ព្រះពុទ្ធ​នៅ​ភូមា ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ជាច្រើន​ឆ្នាំ​មក​ហើយ។ ក្នុង​ចំណោម​ក្រុម​ជន​ជាតិ​ភាគ​តិច​នេះ ​ក៏មាន​លាយ​ឡំ​ផង​ដែរ​ នូវ​ជនជាតិ​បង់ក្លាដែស ​ដែល​ក្រីក្រ​​លំបាក ​ហើយ​ប៉ង​ប្រាថា្ន​ទៅ​រស់នៅ​លើ​ទឹកដី​ម៉ាឡេស៊ី ​ដែល​ជា​ប្រទេស​ធូរធា​ជាង​គេ​ក្នុង​តំបន់​ ​និង​កាន់​សាសនា​អ៊ីស្លាម​ដូច​គ្នា។ បន្ទាប់ ​ពី​អាជ្ញាធរ​ថៃ ​បាន​ចេញ​យុទ្ធនាការ​ប្រមាញ់​ក្រុម​ឈ្មួញ​ដែល​រកស៊ី ​ដឹក​ជញ្ជូន និង​ឃុំឃាំង​ជន​ភៀសខ្លួន​ បាន​ធ្វើ​ឲ្យ​ពួក​ជន​ទុច្ចរិត​ទាំង​នោះ​ រត់​បែក​ខ្ចាត់​ខ្ចាយ ​ទុក​ឲ្យ​ជន​ភៀស​ខ្លួន​ផ្សង​វាសនា​តាម​ទូក​ ដែល​គ្មាន​នរណា​បើកបរ។

ភូមា​ដែល​ជា​ប្រទេស​ដើម​ នៃ​ទុរគ៌ត​ជន​ទាំង​នោះ ​បាន​ប្រកែក​ដោយ​ឥត​អៀន​ខ្មាស​ថា ​គេ​មិន​ទទួល​ដឹងឮ​រឿង​នេះ​ទេ។ ជន​ភៀសខ្លួន​រត់​ទៅ​ដល់​ស្រុក​ណា ​ស្រុក​នោះ​ជា​​អ្នក​ដោះស្រាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ភូមា​បាន​ប្រកាស​ថា ​បើ​ប្រទេស​ផ្សេង​ទៀត​ នៅ​តែ​ទាមទារ​ ចង់​ឲ្យ​ភូមា​ដោះស្រាយ​បញ្ហា​នេះ ​ភូមា​នឹង​មិន​មក​ចូលរួម​ប្រជុំ​អាស៊ាន ​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ថៃ នៅ​ចុង​ខែ​ឧសភា​នេះ​ ​ជា​ដាច់​ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ