អានតួអត្ថបទ

Mike Pompeo ថា​អាមេរិក ត្រូវតែ​​ហ៊ាន​​ប្រឈម​តតាំង​​​ជាមួយ​​បក្ស​​​កម្មុយនីស្តចិន​

កាលពីយប់ថ្ងៃពុធ ទី​៣០តុលា នៅក្នុងកម្មវិធី​រាត្រីស្រមោល​សមួយ រៀបចំដោយ Hudson Institute នៅទីក្រុង​ញូយ៉ក លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក​ បានលើកឡើងថា គណ​បក្សកុម្មុយនីស្តចិន មានមហិច្ឆតាធំណាស់ គឺចង់គ្រប់គ្រង​ពិភពលោក ហើយអាមេរិក ត្រូវតែហ៊ាន​ប្រឈមមុខ​​ តតាំងជាមួយ​ចិន ដើម្បី​ការពារ​តម្លៃនៃលិទ្ធិសេរីនិយម។

លោក Mike Pompeo រដ្ឋមន្ត្រីការ​បរទេសអាមេរិក​
លោក Mike Pompeo រដ្ឋមន្ត្រីការ​បរទេសអាមេរិក​ REUTERS/Costas Baltas/Pool
ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានHudson ដែលជាបណ្តុំនៃអ្នកស្រាវជ្រាវវិភាគ មាន​ទំនោរ​អភិរក្សនិយមនៅអាមេរិក បានរៀបចំកម្មវិធីរាត្រីស្រមោលសប្រចាំឆ្នាំរបស់ខ្លួន​ ដោយបានអញ្ជើញលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅចូលរួមផងដែរ។ នៅក្នុងសន្ទរ​កថា របស់លោក Pompeo លោកបាន​និយាយ​សង្កត់ខ្លាំង រិះគន់រដ្ឋាភិបាល និងបក្សកម្មុយនីស្តចិន។

លោក Mike Pompeo លើកឡើងថា អាមេរិក មានសមានចិត្តស្រលាញ់រាប់អានប្រជាជនចិនណាស់ ក៏ប៉ុន្តែអាមរិក ត្រូវតែប្រយ័ត្នជាមួយនឹង រដ្ឋាភិបាលចិន ដែលស្ថិតក្រោមការកាន់កាប់ របស់​គណបក្សកុម្មុយនីស្តចិន ព្រោះបក្សនេះជាបក្សដែលដើរតាមទ្រឹស្តី ម៉ាក្ស-ឡេនីន ហើយដែលមានមហិច្ឆតាត្រួតត្រាពិភពលោក។

រដ្ឋមន្ត្រីការបរទេសអាមេរិក បន្ថែមថា បក្សកម្មុយនីស្តចិនស្អប់សហរដ្ឋអាមេរិកណាស់ ហើយបាន​ប្រើប្រាស់គ្រប់វិធី ដើម្បីបង្កបញ្ហា ប្រជែងជាមួយអាមេរិក ក៏ដូចជាបង្ក​បញ្ហាលំបាកផ្សេងៗ ឲ្យ​ដល់ពិភពលោក។ ដូច្នេះ យើងទាំងអស់ ត្រូវតែរួមគ្នា ហ៊ានតតាំង ប្រឈមមុខជាមួយអំណាចបក្សកុម្មុយនីស្តចិន។ លោកបន្តថា អំណេះតទៅ យើងមិនអាចបដិសេធ មិនទទួលស្គាល់​បានទេ ថាប្រព័ន្ធដឹកនាំ​នយោបាយឬសេដ្ឋកិច្ច រវាងអាមេរិក និងចិន មានលក្ខណៈផ្ទុយគ្នាកម្រិតណា។ ហើយយើងក៏ត្រូវទទួលស្គាល់ដែរ ថា​ភាពផ្ទុយគ្នានេះ វាអាចជះផលអាក្រក់កម្រិតណា ដល់សន្តិសុខជាតិអាមេរិក។ ជាចុងក្រោយ លោក Mike Pompeo បានលើកឡើង ពីគ្រោះថ្នាក់ទាក់ទិន នឹងការបង្កើនសមត្ថភាពសព្វាវុធ របស់កងទ័ពចិន នារយៈពេល១០ឆ្នាំចុងក្រោយ​នេះ។

គួរកត់សំគាល់ថា សម្តីរិះគន់វាយប្រហារចិនដោយចំៗ របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកនេះ គឺធ្វើឡើងចំពេល ដែលអាមេរិក និងចិន កំពុងប្រុងប្រៀបចុះហត្ថលេខាជាមួយគ្នា លើកិច្ចព្រមព្រៀងមួយ ដើម្បីបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម។ ចំណេកកាលពីសប្តាហ៍មុន លោក Mike Pence អនុប្រធានាធិបតីអាមេរិក ក៏បាននិយាយរិះគន់ចិនដែរ ទាក់ទិននឹងបញ្ហាគោរពសិទ្ធិមនុស្ស។ លោក Mike Pence បានរិះគន់ផងដែរ អំពីរបៀបធ្វើជំនួញស៊ីខ្សែលើរបស់ចិន ព្រមទាំង​វិធីសាស្ត្ររបស់ចិន ក្នុងការច្បាម ពង្រីកឥទ្ធិពលនៅតាមប្រទេសនានា។

ដោយឡែក លោកCui Tiankai ឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក ធ្លាប់បាន​ព្រមានថា អាជ្ញាធរចិន មិនអាចអត់ឱនឲ្យមាន​ការប្រមាថមើលងាយ ឬការ​រិះគន់មកលើគណបក្សកុម្មុយនីស្ត​ចិន​បានទេ​ ព្រោះគណបក្ស​កុម្មុយនីស្តចិន គឺ​ជាស្ថាប័នកំពូល ដែលប្រជាជនចិនទាំងមូល គោរព​ជឿជាក់​ដោយ​ឥតងៀករេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ