ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

Mike Pompeo ប្រឹង​និយាយ​លួង​កូរ៉េខាងត្បូង​ និង​ជប៉ុន​ កុំឲ្យ​បារម្ភ ​រឿង​សម្បទាន​ជាមួយ​កូរ៉េ​ខាងជើង

media លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នៅ​ទីក្រុង​សេអ៊ូល ថ្ងៃទី ​១៤​ មិថុនា​២០១៨ REUTERS/Kim Hong-ji/Pool

នៅថ្ងៃទី១៤ មិថុនានេះ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានទៅដល់ ទីក្រុងសេអ៊ូល ជាទីដែលលោក​ បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ព្រមទាំងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងរដ្ឋមន្ត្រីការបរទេសជប៉ុន។ កម្មវត្ថុ នៃដំណើរទៅដល់នេះ គឺដើម្បីធានាអះអាងប្រាប់ទៅភាគីកូរ៉េខាងត្បូង និងជប៉ុន កុំឲ្យបារម្ភ ទាក់ទិនទៅនឹងការធ្វើសម្បទាន របស់លោកដូណាល់ ត្រាំ​ ទៅឲ្យគីម ជុងអ៊ុន កាលពីថ្ងៃទី ១២ ​មិថុនាកន្លងទៅ។

នៅចំពោះមុខ សមភាគីកូរ៉េខាងត្បូង​និងជប៉ុន លោករដ្ឋមន្ត្រីការបរទេស​អាមេរិក បានអះអាងថា កាលពីពេលជួបគ្នា ជាមួយលោក​ដូណាល់ ត្រាំ មេដឹកនាំកូរ៉េខាងជើង ពិតជាបានយល់ ថាការរំសាយប្រព័ន្ធ​នុយក្លេអ៊ែរ ត្រូវតែធ្វើឲ្យឆាប់បំផុត ហើយចំណែកការដកទណ្ឌកម្មវិញ នឹងអាចធ្វើបាន ទាល់តែចប់ជាស្ថាពរ នូវដំណាក់កាលនៃការចរចា។

រដ្ឋមន្ត្រីអាមេរិកដដែល ​បានធានាអះអាងសាជាថ្មី ប្រាប់ទៅថ្នាក់ដឹកនាំកូរ៉េខាងត្បូង ក៏ដូចជាប្រមុខការទូតរបស់ជប៉ុន ដែលថា​ អាទិភាពធំបំផុតរបស់អាមេរិក គឺការរំសាយប្រព័ន្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ចោលទាំងស្រុង  ជាមួយនឹងការត្រួតពិនិត្យត្រឹមត្រូវ និងដោយមិនឲ្យវិលត្រលប់ក្រោយបាន។ ការនិយាយធានានេះ គឺក្រោយ​ពេល​ដែលមានការព្រួយបារម្ភពីសំណាក់ កូរ៉េខាងត្បូង និងជប៉ុន ទាក់ទិនទៅនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ដែលលោក ដូណាល់ ត្រាំ និងគីម ជុងអ៊ុន បានចុះហត្ថលេខារួមគ្នា។

នៅក្នុងសេចក្តីប្រកាសនោះ ភាគីកូរ៉េខាងជើង មិនបានសន្យាអ្វីឲ្យច្បាស់លាស់ទេ គ្រាន់តែសន្យា ថានឹងរំសាយប្រព័ន្ធនុយក្លេអ៊ែរទាំងស្រុង ចេញពីឧបទ្វីបកូរ៉េ។ អ្នកវិភាគជាច្រើនលើកឡើងថា ឃ្លានេះ មានខ្លឹមសារទូលាយជ្រុល ដែលធ្វើឲ្យមិនច្បាស់ ហើយការសន្យាដោយមិនច្បាស់លាស់ល្អិតល្អន់របៀបនេះ គឺកូរ៉េខាងជើង ធ្លាប់បានបំពានមិនគោរពច្រើនដងមកហើយ។ យ៉ាងណាមិញ មុនជំនួបកំពូលមួយថ្ងៃ លោករដ្ឋមន្ត្រីការបរទេសអាមេរិកខ្លួនឯងផ្ទាល់ បានលើកឡើងថា អាមេរិកមិនធ្វើសម្បទានអ្វីទាំងអស់ បើសិនជាកូរ៉េខាងជើង មិនព្រមរំសាយកម្មវិធីនុយក្លេអ៊ែរចោលទាំងស្រុង ដោយមានការត្រួតពិនិត្យ និងជារៀងរហូត ទេនោះ។

ដោយឡែក ទាក់ទិនទៅនឹងការដែលលោកដូណាល់ត្រាំ បានសម្រេច ផ្អាកការធ្វើសមយុទ្ធយោធា ដែលបង្កឲ្យមានការរិះគន់ជាច្រើននោះ ត្រូវបានលោក រដ្ឋមន្ត្រីការបរទេសអាមេរិក ធានាប្រាប់ជប៉ុន និងកូរ៉េខាងត្បូងថា គឺជាការចូលរួម ជួយសម្រួលស្ថានការណ៍ដល់ការចរចា ឲ្យដើរទៅមុខ បានផលល្អ ចៀសវៀងការដាក់សំពាធ។

យ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ហាក់ស្ងាត់ស្ងៀម មិននិយាយស្តីអ្វីច្រើនទេ ដោយគ្រាន់តែបានលើកឡើងថា ការសម្រេចផ្អាកធ្វើសមយុទ្ធយោធា មិនមែនអាចសម្រេចភ្លាមៗតែម្នាក់ឯង ដោយមិនពិគ្រោះយោបល់ ជាមួយបញ្ជាការកងទ័ពនៃប្រទេសទាំងសងខាង នោះទេ។ ដោយឡែក លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងការព្រួយបារម្ភខ្លាំងជាងគេ ទាក់ទិនទៅនឹងសម្បទាន ដែលលោកដូណាល់ ត្រាំបានប្រគល់ទៅឲ្យកូរ៉េខាងជើង។ ជាសម្បទាន ដែលជប៉ុនគិតថា ច្រើនជ្រុល ហើយលឿនពេក។ សម្រាប់ជប៉ុន ជប៉ុន ចង់ឃើញកូរ៉េខាងជើង សម្រេចដាក់ចុះនូវវិធានការ ឲ្យបានជាក់ស្តែងជាងនេះ ទាក់ទិននឹងការរំសាយប្រព័ន្ធ​នុយក្លេអ៊ែរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ