អានតួអត្ថបទ
រ៉ូហ៊ីងយ៉ា

របាយការណ៍MSF៖ ជនជាតិ​រ៉ូហ៊ីង​យ៉ា​៦៧០០​នាក់ស្លាប់ ​ចន្លោះ​ពីខែ​​សីហា​ ​ដល់​​ខែ​​កញ្ញា

អង្គការគ្រូពេទ្យគ្មានព្រំដែន MSF ដែលកំពុងធ្វើសកម្មភាព សង្រ្គោះប្រជាជនរ៉ូហ៊ីងយ៉ា ទើបបានចេញរបាយការណ៍មួយរបស់ខ្លួន ដែលបង្ហាញថា នៅរវាងចន្លោះពីខែសីហា ដល់ខែកញ្ញាកន្លងទៅនេះ មានប្រជាជនរ៉ូហ៊ីងយ៉ា ប្រមាណ៦ពាន់ ៧រយនាក់ បានស្លាប់ដោយអំពើហិង្សាគ្រប់រូបភាព។ អ្នកនាំពាក្យអង្គការមនុស្សធម៌នេះ បានលើកឡើងថា នេះគ្រាន់តែជាតួលេខ ក្នុងខែដំបូងបន្ទាប់ពីកើតមានអំពើហិង្សាតែប៉ុណ្ណោះ ហើយជាងនេះទៅទៀត តួលេខសន្និដ្ឋាននេះ ពិតជានៅទាបជាងការពិតជាក់ស្តែង ឆ្ងាយណាស់។

កុមាររ៉ូហ៊ីងយ៉ាពីរនាក់បងប្អូន មានស្លាកស្នាមរលាកពេញខ្លួន ​ដោយសារ​ភ្លើង​ឆេះ។ រូបថត​​នៅ​​ជំរំ Kutupalong ថ្ងៃទី​១៤ តុលា​ ២០១៧​
កុមាររ៉ូហ៊ីងយ៉ាពីរនាក់បងប្អូន មានស្លាកស្នាមរលាកពេញខ្លួន ​ដោយសារ​ភ្លើង​ឆេះ។ រូបថត​​នៅ​​ជំរំ Kutupalong ថ្ងៃទី​១៤ តុលា​ ២០១៧​ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

៦៧០០នាក់។ នេះគឺជាចំនួន ជនជាតិរ៉ូហ៊ីងយ៉ា ដែលបានបាត់បង់ជីវិត ដោយការបាញ់រះសម្លាប់ និងអំពើហិង្សាវាយដំគ្រប់រូបភាព​ ក្នុងចន្លោះតែមួយខែ ពីខែសីហា ដល់ខែកញ្ញា ដែលអង្គការគ្រូពេទ្យគ្មានព្រំដែន បានធ្វើការសន្និដ្ឋាន។ បុគ្គលិកអង្គការនេះ បានធ្វើស្ថិតិ ស៊ើបសួរ ប្រមូលទិន្ន័យជាមួយនឹង ប្រជាជនរ៉ូហ៊ីងយ៉ា ប្រមាណ១១ម៉ឺននាក់ ដែលកំពុងស្នាក់នៅតាមជំរំនានា នៅក្នុងទឹកដីបង់ក្លាដែស។

ក្នុងចំណោមអ្នកស្លាប់ ៦៧០០នាក់នេះ មានប្រមាណ៧៣០នាក់ គឺជាកុមារ។ យោងតាមសម្តីអះអាងរបស់ប្រជាជនរាប់ម៉ឺននាក់ បានឲ្យដឹងថា អ្នកស្លាប់ប្រមាណ៦៩% គឺស្លាប់ដោយគ្រាប់កាំភ្លើង ៩%ស្លាប់​ដោយសារ​ត្រូវភ្លើងឆេះ ហើយ៥%ស្លាប់ ដោយសារការវាយធ្វើបាប ពីសំណាក់ទាហាននិងនគរបាល​ភូមា។ លោក វិជ្ជបណ្ឌិត Sidney Wong តំណាងអង្គការគ្រូពេទ្យគ្មានព្រំដែន បានលើកឡើងថា តួលេខទាំងអំបាលម៉ាណនេះ អាចទាបជាងការពិតជាក់ស្តែងឆ្ងាយណាស់។ សាក្សីខ្លះបានអះអាងថា មានគ្រួសាររ៉ូហ៊ីងយ៉ាខ្លះ បានស្លាប់ដោយភ្លើងឆេះទាំងគ្រួសារតែម្តង ដោយត្រូវទាហានភូមា បង្ឃាំងឲ្យនៅក្នុងផ្ទះ រួចដុតផ្ទះរបស់ពួកគេ។

លោក Mohammed Zubir ដើមកំណើតរ៉ូហ៊ីងយ៉ា ហើយបច្ចុប្បន្នជាគ្រូបង្រៀនស្ម័គ្រចិត្ត​ក្នុងជំរំនៅបង់ក្លាដែស បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា សឹងតែគ្រប់គ្រួសាររ៉ូហ៊ីងយ៉ាទាំងអស់ គឺមានស្លាប់សមាជិកគ្រួសារ យ៉ាងហោចណាស់ ក៏ម្នាក់ដែរ។ ក្នុងពេលធ្វើដំណើរភៀសខ្លួន ឆ្លងពីរដ្ឋរ៉ាឃីន មកបង់ក្លាដែស ពួកគេបានប្រទះឃើញ សាកសពមនុស្សជាច្រើន នៅរាយប៉ាយតាមផ្លូវ និងនៅតាមផ្ទះ យ៉ាងសង្វេគបំផុត។

អាជ្ញាធរភូមា បានច្រានចោលការចោទប្រកាន់អំពីការប្រើប្រាស់អំពើហិង្សា សម្លាប់ប្រជាជនរ៉ូហ៊ីងយ៉ា។ កងទ័ពភូមា គ្រាន់តែបានទទួលស្គាល់ថា មានជនរ៉ូហ៊ីងយ៉ា ប្រមាណ៤រយនាក់ បានស្លាប់ ដោយការប្រយុទ្ធគ្នាជាមួយកងទ័ព ហើយមនុស្សទាំង៤រយនាក់នោះ សុទ្ធតែជាពួកភេរវកម្មរ៉ូហ៊ីងយ៉ា។

គួរកត់សម្គាល់ថា នេះជាលើកទីមួយហើយ ដែលមានតួលេខ ស្តីពីចំនួនជនជាតិរ៉ូហ៊ីងយ៉ា ស្លាប់ដោយអំពើហិង្សានៅភូមា។ ហើយនេះ គ្រាន់ជាតួលេខ ក្នុងអំឡុងពេលតែមួយខែដំបូងប៉ុណ្ណោះ។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានអះអាងថា មានធាតុផ្សំជាច្រើន ដែលអាចនាំអាជ្ញាធរភូមាទៅកាន់ការវិនិច្ឆ័យ​ទោស នៅលើឆាកអន្តរជាតិ ស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ