អានតួអត្ថបទ
មីយ៉ាន់ម៉ា(ភូមា)-ជនអន្តោប្រវេសន៍

មីយ៉ាន់ម៉ា​ សម្រេច​ចិត្ត​ជួយ​ជន​អន្តោប្រវេសន៍​តាម​ទូក

ជនអន្តោប្រវេសន៍​រាប់​រយ​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ឡើង​លើ​គោក​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ​នៅ​ថ្ងៃ​ពុធ​នេះ​ បន្ទាប់​ពី​មីយ៉ាន់ម៉ា​ បាន​ផ្តល់​ជំនួយ​ជា​ម្ហូប​អាហារ ​និង​ទឹក​ ជា​លើក​ដំបូង​ ដល់​ពួក​គេ។ ការ​ប្រកាស​ខ្លួន​ក្នុង​សកម្មភាព​មនុស្ស​ធម៌​របស់​មីយ៉ាន់ម៉ា ​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ បាន​ជួប​ពិភាក្សា​គ្នា និង​ក៏​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​ ទើប​ចេញ​មុខ​ព្រមាន​ ពី​វិបត្តិ​ជនអន្តោប្រវេសន៍​តាម​ទូក​ក្នុង​តំបន់​នេះ។ គួរ​ជម្រាប​ថា​ មីយ៉ាន់ម៉ា​ ជា​ប្រទេស​មួយ ​ដែល​កន្លង​មក​រង​ការ​រិះគន់​ខ្លាំង​ជាង​គេ ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​រឿង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នេះ។

ទូក​ដឹក​ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ដែល​គេ​មើល​ឃើញ​នៅ​ចម្ងាយ​១៧​គ.ម.​ពី​ឆ្នេរ​ប្រទេស​ថៃ
ទូក​ដឹក​ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ដែល​គេ​មើល​ឃើញ​នៅ​ចម្ងាយ​១៧​គ.ម.​ពី​ឆ្នេរ​ប្រទេស​ថៃ © Reuters
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​ បាន​ឲ្យ​ដឹង​ថា មីយ៉ាន់ម៉ា នឹង​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ ហើយ​បាន​នឹង​កំពុង​ត្រៀម​ខ្លួន ក្នុង​សកម្មភាព​មនុស្សធម៌ ដើម្បី​ជួយ​ជនអន្តោប្រវេសន៍ ដែល​កំពុង​អណ្តែត​ត្រសែត​ លើ​ផ្ទៃ​សមុទ្រ​នោះ។ ការ​ប្រកាស​ជួយ​នេះ ​គឺ​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ ទើប​បាន​ព្រមាន​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចំពោះ​បញ្ហា​ចំនួន​ជនអន្តោប្រវេសន៍​រាប់​ពាន​នាក់​ នៅ​លើ​សមុទ្រ​នោះ។ ​ប្រទេសក្នុង​តំបន់​អាស៊ាន ​កន្លង​មក​ បាន​រុញ​ទូក​ដឹក​ជនអន្តោប្រវេសន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទុក​បណ្តោយ​ឲ្យ​ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

មីយ៉ាន់ម៉ា កន្លង​មក​មិន​សូវ​ជា​ចេញ​មុខ​អើពើ ចំពោះ​បញ្ហា​ដែល​អាស៊ាន​កំពុង​ប្រឈម​នេះ​ទេ ​ទោះបី​ជា​ឬសគល់​នៃ​ជនអន្តោប្រវេសន៍​មួយ​ចំនួន​ធំ ចេញ​មក​ពី​ប្រទេស​ខ្លួន​ក៏​ដោយ។​ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម​ ប្រមាណ​ជិត​ ៣ពាន់​នាក់​ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា គឺ​ចេញ​មក​ពី​ប្រទេស​មីយ៉ាម៉ា និង​បង់ក្លាដេស។ ចំណាក​ស្រុក​ផ្សង​ព្រេង​ដ៏​គ្រោះថ្នាក់​ ក្នុង​សមុទ្រ បេហ្គាល របស់​ពួក​គេ​នេះ​ គឺ​ដើម្បី​គេច​ផុត​ពី​ភាព​ក្រីក្រ។ ពួក​គេ​ទាំង​នោះ​ បាន​ព្យាយាម​ ធ្វើ​ដំណើរ​ទៅ​កាន់ ​ប្រទេស​ឥណ្ឌូនេស៊ី ថៃ និង​ម៉ាឡេស៊ី។

គណបក្ស​របស់​លោក​ស្រី​អ៊ុង សានស៊ូជី បាន​ចេញ​មុខ​នៅ​ថ្ងៃ​អង្គារ អំពាវនាវ​ឲ្យ​មីយ៉ាន់ម៉ា ​គោរព​សិទ្ធិ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​អ.ស.ប​ ចាត់​ទុក​ថា ​ជា​ជនជាតិ​ភាគតិច ​ដែល​កំពុង​ទទួល​រង​នូវ​ការ​ធ្វើ​ ទុក្ខ​បុកម្នេញ​ខ្លាំង​ជាង​គេ​បំផុត នៅ​លើ​ពិភពលោក។

គួរ​ជម្រាប​ជូន​ថា​ អង្គការ​សហប្រជាជាតិ​ និង​សហរដ្ឋអាមេរិក​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន បើក​កំពង់​ផែ​ទទួល​ទូក​អន្តោប្រវេសន៍​ទាំង​នោះ​សិន​ ជា​ជាង​ការ​ផ្តល់​តែ​ម្ហូប​អាហារ​ និង​ទឹក​ ឲ្យ​ទៅឲ្យ​ពួក​គេ​នៅ​ក្នុង​សមុទ្រ​នោះ។ ជាមួយ​គ្នា​នោះ​ ឧត្តម​ស្នង​ការ​អ.ស.ប​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ជនភៀស​ខ្លួន​ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ អំពាវនាវ​ឲ្យ​ថៃ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី ក៏​ដូចជា​អាស៊ាន​ទាំង​មូល ផ្តោត​អាទិភាព​ទៅ​លើ​ការ​ជួយសង្រ្គោះ​ជន​អន្តោប្រវេសន៍​ ដែល​កំពុង​រសាត់​ តាម​ទូក​នេះ​សិន ​រួច​ហើយ​ចាំ​ពិនិត្យ​មើល​ថា​តើ​ពួកគេ​គួរ​ទទួល​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​ដែរ​ឬ​អត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ