អានតួអត្ថបទ
សហរដ្ឋអាមេរិក-ភូមា

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជា​ឆ្អឹង​ទទឹង ក របស់​លោកស្រី​មេបក្ស​ប្រឆាំង​ភូមា?

ប្រធានាធិបតី អាមេរិក លោក​បារ៉ាក់ អូបាម៉ា នៅថ្ងៃ​ចន្ទទី ១​មិថុនា ​បាន​អំពាវនាវ​រដ្ឋាភិបាល​ភូមា ឲ្យ​បញ្ឈប់​ការរើសអើង​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃអង្គារ​ទី ២ មិថុនា បាន​ប្រកាសធ្វើ​ប្រតិបត្តិការ​ធំ មិនធ្លាប់មាន តាម​ចាប់​មន្រ្តី​យោធា​ជាន់ខ្ពស់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការជួញដូរ​ជន​អន្តោប្រវេសន៍ ដែល​មួយ​ភាគ​ ជា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា មក​ពី​ប្រទេស​ភូមា។ 

ក្នុងចំណោម​ជនភៀសខ្លួន ​មានភាគ​ច្រើន ជាស្រ្តី និងកុមារ ដែលកំពុង​តែត្រូវការ​ជំនួយ​ជាចាំបាច់
ក្នុងចំណោម​ជនភៀសខ្លួន ​មានភាគ​ច្រើន ជាស្រ្តី និងកុមារ ដែលកំពុង​តែត្រូវការ​ជំនួយ​ជាចាំបាច់
ផ្សាយពាណិជ្ជកម្ម

តាម​មេប៉ូលិស​ថៃ ឧត្តមសេនីយ៍​ទោ ម៉ាណាស កុងប៉ាន អាយុ​៥៨ឆ្នាំ  រួម​ទាំង​មនុស្ស​ជាង​៣០​នាក់​ផ្សេង​ទៀត កំពុង​ត្រូវ​ប៉ូលិស​ថៃ​តាម​រក​ចាប់ខ្លួន ក្នុង​បទ បាន​ចូលរួម​ក្នុង​បណ្តាញ​ជួញដូរ​ជនអន្តោប្រវេសន៍ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ។ ការបង្រ្កាប​សំបុក​ឈ្មួញ​ជួញដូរ​មនុស្ស​នៅ​ភាគ​ខាង​ត្បូង​ថៃ កាលពី​ខែ​ដើម​ខែ​ឧសភា បាន​រុញ​ច្រាន​អាស៊ី ឲ្យ​ប្រឈម​នឹង​លំហូរ​ទូក​ដឹក​ជនអន្តោ​ប្រវេសន៍ ដែល​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា ភូមា និង​បង់ក្លាដែស។ ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាច្រើន​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​ទូក ដើម្បី​គេចចេញ ពីការធ្វើទុក្ខ​បុកម្នេញ​ និង​អំពើហិង្សា​ក្នុង​ប្រទេស​ភូមា។ កាល​ពី​ថ្ងៃ​​ចន្ទ ទាហាន​ជើងទឹក​ភូមា នៅ​បន្ត​ឃាត់​ទូក ដឹក​ជនអន្តោរប្រវេសន៍ ប្រមាណ ៧០០​នាក់ ដែល​ត្រូវ​ពួកឈ្មួញ​បោះបង់​ចោល ៣​ថ្ងៃ​មកហើយ នៅ​សមុទ្រ អង់ដាម៉ង់។

 
លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​អំពាវនាវ កាលពី​ថ្ងៃ​ចន្ទ ឲ្យ​ប្រទេស​ភូមា​បញ្ឈប់​ការរើសអើង​ទៅ​លើ​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ដែលជា​ប្រភព​ធ្វើ​ឲ្យ​កើតមាន​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​អាស៊ី។ តាម​លោក​អូបាម៉ា ចំណុច​សំខាន់​ដែល​គេ​ត្រូវ​ធ្វើ គឺ​ឈប់​រើសអើង​មនុស្ស ដោយ​មើល​ទៅលើ​ពណ៌សំបុរ និង​ជំនឿ​សាសនា។
 
ប្រធានាធិបតី អាមេរិក លោក​បារ៉ាក់ អូបាម៉ា​បាន​ចេញមុខ និយាយ ជាលើក​ទី១ ពី​ជនជាតិ​រ៉ូហ៊ីងយ៉ា បន្ទាប់​ពី​មាន​របាយការណ៍​ជាច្រើន របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​បង្ហាញ ថា ការកាប់​សម្លាប់​ប្រល័យពូជសាសន៍ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ក្នុង​រូបភាព ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅ​តែមាន​បន្ត នៅក្នុង​ប្រទេស​ភូមា។ ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់ពាន់​នាក់ ដែល​ធ្វើដំណើរ​តាមទូក ដើម្បី រត់គេច ពីការធ្វើទុក្ខបុកម្នេញ​នៅភូមា នៅ​កំពុង​រងគ្រោះ ក្នុង​ទូក ដែល​ត្រូវ​ក្រុមឈ្មួញជួញដូរ​មនុស្ស​បោះបង់ចោល និង​អណ្តែត​ត្រសែត នៅក្នុងសមុទ្រ។ កាលពីថ្ងៃ​ចន្ទ ទាហាន​ជើងទឹក​ភូមា នៅ​តែ​ឃាត់ រារាំង​មិន​ឲ្យ​ទូក​ដឹក​ជនអន្តោប្រវេសន៍​៧០០​នាក់ ដែល​មួយចំនួន​ជាជនជាតិ​រ៉ូហ៊ីងយ៉ា ឲ្យ​ចូល​ចត​ក្នុង​ទឹកដី​ខ្លួន។

សហរដ្ឋ​អាមេរិក​ជាប្រទេស​ដែល​មាន​ឥទ្ធិពល ដែល​ធ្លាប់​បាន​ដាក់​គំនាប ឲ្យ​រដ្ឋាភិបាល​ភូមា​ធ្វើ​កំណែទម្រង់ ជាថ្នូរ​នឹង​ការការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី អាមេរិក និង​សហគមន៍​អន្តរជាតិ។ កាលពីថ្ងៃ​ចន្ទ លោកអូបាម៉ា​បាន​រំលឹក​ជាថ្មី ទៅ​គ្រប់​ភាគី​នយោបាយ មិន​ថា រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង ឲ្យ​យក​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា ជា​រឿង​សំខាន់ ព្រោះ​វា​ជា​វិញ្ញាសារ​ដែល​អាច​បង្ហាញ​ថា ភូមា​កំពុង​ដើរ ក្នុង​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។
 

ព្រះសង្ឃ​ដឹកនាំ​ក្រុម​ជាតិ​និយម​ភូមា​ប្រឆាំង​នឹង​វត្តមាន​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមា នៅខែ​កុម្ភៈ ឆ្នាំ ២០១៥
ព្រះសង្ឃ​ដឹកនាំ​ក្រុម​ជាតិ​និយម​ភូមា​ប្រឆាំង​នឹង​វត្តមាន​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមា នៅខែ​កុម្ភៈ ឆ្នាំ ២០១៥ REUTERS/Soe Zeya Tun

នៅភូមា ជោគវាសនា ជនជាតិ​រ៉ូហ៊ីងយ៉ា ជា​សំណុំរឿង​រសើប។ គណបក្ស​ប្រឆាំង ភូមា​របស់​លោកស្រី អ៊ុងសាន ស៊ូជី ហាក់​តមសំដី មិន​សូវ​និយាយ​ច្រើន​ពី​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ភូមា​មាន​រស់នៅ​ជនជាតិ​រ៉ូហ៊ីងយ៉ា ១លាន ៣សែននាក់។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរភូមា​មិន​ទទួល​ស្គាល់ ផ្តល់​អត្តសញ្ញាណ​ជាជនជាតិ​ភូមា និង​​ចាត់ទុក​ជា​ជនអន្តោប្រវេសន៍​ដែល​ចូល​មក​រស់នៅ​ខុសច្បាប់ ក្នុងទឹកដី​ភូមា។ ជនជាតិ​រ៉ូហ៊ីងយ៉ា​ភាគច្រើន រស់នៅក្នុង​ភាពក្រីក្រ គ្មាន​ការងារធ្វើ មិន​បាន​ទទួល​សេវា​សុខភាព និង​ការអប់រំ។

មេបក្សប្រឆាំង​ភូមា​ស្ងាត់បាត់សំឡេង
តាំងពី​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា​លេចឡើង ក្នុង​ប្រទេស​ភូមា លោកស្រី អ៊ុងសាន ស៊ូជី​បាន​ចេញមុខ​និយាយ​តែ​ប៉ុន្មាន​លើក​ប៉ុណ្ណោះ។ លោកស្រី​ធ្លាប់​បាន​រិះគន់​នយោបាយ​រដ្ឋាភិបាល​ភូមា ដែល​បាន​កំណត់​ឲ្យ​គ្រួសារ​រ៉ូហ៊ីងយ៉ា​មាន​កូន​តែ​ពីរនាក់។ កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​កន្លងទៅ លោកស្រី បាន​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត ដោយ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ។

ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គេខកចិត្ត គឺ​ ជំហរ​មិន​ច្បាស់លាស់​របស់​លោកស្រី នៅក្នុង​ជម្លោះ​ហិង្សា រវាង​ក្រុមជនជាតិ​រ៉ូហ៊ីងយ៉ា និង​ប្រជាជន​ភូមា ពុទ្ធសាសនិក នៅ​ឆ្នាំ ២០១២ ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់ ដែល​ភាគច្រើន ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា។ អំពើ​ហិង្សា​បាន​រុញច្រាន​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា រត់ពី​ផ្ទះ​សម្បែង និង​រត់ទៅ​នៅក្នុង​ជំរំជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក្តី ប៉ុន្តែ គេ​មិនដែល​លឺ​លោកស្រី អ៊ុងសាន ស៊ូជី​ប្រកាស​ថ្កោលទោស​អាជ្ញាធរ ឬ​ប្រជាជន​ភូមា ដែល​បាន​រុកគួន ធ្វើ​បាប​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទេ។

នៅក្រោយ​អំពើ​ជម្លោះ ហិង្សា រវាង​សហគមន៍​កាន់សាសនា​ឆ្នាំ ២០១២ លោកស្រី​មេបក្ស​ប្រឆាំង​ភូមា​បាន​ត្រឹម​និយាយ​ថា លោកស្រី​នឹង​មិន​ថ្កោលទោស ឬ​កាន់ជើង​ភាគី​ជម្លោះ​ណាមួយ​ទេ។ នយោបាយ​​របស់​លោកស្រី គឺ ផ្សះផ្សារ​រវាង​ក្រុមជម្លោះ​ទាំងពីរ​បក្ស។

បច្ចុប្បន្ន​នេះ លោកស្រី​អ៊ុងសាន ស៊ូជី នៅ បន្ត​បិទ​មាត់ មិន​និយាយ​ចេញស្តី អ្វីទាំងអស់ ​បើទោះ​ជា​មាន​ដំណឹង​ស្តីពី​ការកាប់សម្លាប់ ឬ​នយោបាយ​គាបសង្កត់​របស់​រដ្ឋាភិបាល​ភូមា ទៅលើ​ប្រជាជន​រ៉ូហ៊ីងយ៉ា ទាំង​នៅក្នុង ឬ​ក្រៅជំរំ​ក្នុង​រដ្ឋ​រ៉ាគីន។ អវត្តមាន​ដ៏​ពិបាក​ទ្រាំ​របស់លោកស្រី​បាន​បណ្តាល​ឲ្យ​មាន​រលក​រិះគន់​ពីអង្គការ​ការពារសិទ្ធិមនុស្ស និង​ជ័យលាភី ណូបែលសន្តិភាព។ នៅ​សប្តាហ៍មុន សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា និង​អាចារ្យ​កាតូលិក ទូទូ ដែល​បាន​រង្វាន់​ណូបែល​សន្តិភាព ដូច​លោកស្រី អ៊ុងសាន ស៊ូជី បាន​អំពាវនាវ​ទៅ​លោកស្រីអ៊ុងសាន ស៊ូជី ចេញមុខ​និយាយ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ការឈឺចាប់​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា​ត្រូវគេ​កប់​បាត់ ក្នុងភាពស្ងាត់សូន្យឈឹង។
 

ប្រធានាធិបតី​អាមេរិក ធ្វើ​សន្និសីទ​កាសែត ក្នុង​ប្រទេស​ភូមា នៅខែ​វិច្ឆិកា ឆ្នាំ​២០១៤
ប្រធានាធិបតី​អាមេរិក ធ្វើ​សន្និសីទ​កាសែត ក្នុង​ប្រទេស​ភូមា នៅខែ​វិច្ឆិកា ឆ្នាំ​២០១៤ REUTERS/Kevin Lamarque

ប្រធានាធិបតី​អាមេរិក លោកអូបាម៉ា ជា​ជ័យលាភី​ណូបែល​សន្តិភាព​ទី៣ ដែល​បាន​ផ្តល់​សារ មិន​ផ្ទាល់ ទៅ​លោកស្រី​អ៊ុងសាន ស៊ូជី ក្នុង​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ប៉ុន្តែ មេបក្ស​ប្រឆាំង​ភូមា ហាក់​នៅ​នឹងថ្កល់​មិន​ប្រតិកម្ម​អ្វី ដោយសារ​តែ​មាត់ ដៃ របស់​គាត់​ត្រូវ​បាន​បិទខ្ទប់ជិត និង​ចងជាប់​ដោយ​ចំណង​សន្លឹកឆ្នោត របស់​ប្រជាជន​ភូមា ដែល​ប្រឆាំងមិន​ឲ្យ​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ក្នុង​ទឹកដី​ភូមា។ តាម​អ្នកវិភាគខ្លះ លោកស្រី អ៊ុងសាន ស៊ូជី ដែល​ពេលនេះ មាន​ឈាម​ធ្វើ​នយោបាយ ច្រើន​ជាង​ឈាម ការពារ​សិទ្ធិ​មនុស្ស សង្ឃឹម​ចង់​ក្លាយ​ជា​មេដឹកនាំ ភូមា ទៅថ្ងៃ​អនាគត។ ការបោះឆ្នោត​នឹង​ធ្វើឡើង នៅខែ​វិច្ឆិកា គឺ​តែ​ប៉ុន្មាន​ខែទៀត​ប៉ុណ្ណោះ។ ដូច្នេះ លោកស្រី មិន​ចង់​លើក​និយាយ​ពី​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅពេល នេះ ដែល​នឹង​អាច​ដុត​កំហឹង​ប្រជាជន​ភូមា ដែល​ជាអ្នក​អាច​ធ្វើឲ្យ​គណបក្ស​របស់លោកស្រី ឈ្នះឆ្នោត​នោះទេ។
 
មហិច្ឆតា​នយោបាយ​ធំធេង​ជាង​វិបត្តិ​សិទ្ធិមនុស្ស​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា
លោកស្រី​អ៊ុងសាន ស៊ូជី​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព ឆ្នាំ ១៩៩១ សម្រាប់​ការតស៊ូ រើបម្រះ របស់​លោកស្រី ដើម្បី​ប្រឆាំង​នឹង​នយោបាយ​បង្រ្កាប​របស់​របបសឹក​ភូមា។ ក្នុង​ក្រសែភ្នែក​របស់​សហគមន៍​អន្តរជាតិ លោកស្រី ជាវីរជន និមិត្តរូប នៃ​ការតស៊ូ​មិនចុះញ៉ម នឹង​អំណាចផ្តាច់ការ ការបង្រ្កាប។

ប៉ុន្តែ ការមិន​និយាយ​អ្វី ដើម្បី​ជួយ​ការពារ​បុព្វហេតុ ជនជាតិ​រ៉ូហ៊ីងយ៉ាកិ បាន​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ជ័យលាភី​ណូបែល​សន្តិភាព ធ្លាក់​ចុះ ស្រអាប់ មិនថា នៅ​ឆាក​អន្តរជាតិ និង​ក្នុង​ប្រទេស​ភូមា។ នៅភូមា ការមិន​និយាយ​ការពារ​ជនជាតិ​រ៉ូហ៊ីងយ៉ា បាន​ធ្វើ​ឲ្យ​ប្រជាជន​ភូមា​មួយ​ចំនួន ខកចិត្ត ព្រោះថា ភាពស្ងៀមស្ងាត់ បិទមាត់​មិននិយាយ​ពីជនជាតិ​រ៉ូហ៊ីងយ៉ា​បង្ហាញថា លោកស្រី បរាជ័យ មិន​អាច​ចរចា ទាមទារ​ពី​រដ្ឋាភិបាលភូមា។ ទី២​ទៀត លោកស្រី​អ៊ុងសាន ស៊ូជី​នឹង​អាច​បាត់បង់​សំលេងគាំទ្រ ពី​ជនជាតិ​ភាគតិច ដែល​មាន​ចំនួន​រាប់រយ ជនជាតិ​ភាគតិច ដែល​ធ្លាប់​សង្ឃឹម ថា លោកស្រី​នឹង​ជួយ​អន្តរាគមន៍ ដើម្បី បញ្ឈប់​សង្រ្គាម​ជាមួយ​ទ័ព​រដ្ឋាភិបាល​ភូមា។

ភាពស្ងៀមស្ងាត់ តមសំដី​របស់ជ័យលាភី​ណូបែល​សន្តិភាព​ភូមា​បាន​ធ្វើ​ឲ្យសហគមន៍​អន្តរជាតិ រន្ធត់​និង​ខកចិត្ត។ លោក​Phil Robertson ប្រធានអង្គការ​ការពារ​សិទ្ធិមនុស្ស Human right watchs​ប្រចាំ​នៅ​អាស៊ី ធ្លាប់ ចេញមុខ​រិះគន់​ខ្លាំងៗ លោកស្រី​អ៊ុងសាន ស៊ូជី។ គេ​នៅ​បាន​ចាត់ទុក ថា ការបិទមាត់ មិន​និយាយ​អ្វី​សោះ របស់​មេបក្ស​ប្រឆាំង​ភូមា មានន័យ​ស្មើ​នឹង​ការស៊ុំគ្រលំ ចូលដៃ​ចូលជើង ជាមួយ​អាជ្ញាធរ​ភូមា ក្នុងសម្លាប់​ផុតពូជ ជនជាតិ រ៉ូហ៊ីងយ៉ា នៅ​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ