៥ថ្ងៃក្រោយគ្រោះរញ្ជួយដី នេប៉ាល់ ស្ថិតក្នុងភាពសោកសង្រេង
ប្រទេសនេប៉ាល់ ដែលបានជួបគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី ២៥មេសា កន្លងទៅ ពេលនេះកំពុងតែ ត្រូវការជំនួយបន្ទាន់ ដើម្បីរុករកអ្នកបាត់ខ្លួន ដែលជាប់ក្នុងគំនរបាក់បែក និងសង្រ្គោះអ្នករបួសជាច្រើនពាន់នាក់។ ចំនួនមនុស្សស្លាប់ បានកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជំនួយអន្តរជាតិបានបន្ត បញ្ជូនទៅដល់ជាបន្តបន្ទាប់ ប៉ុន្តែឧបសគ្គនៃការដឹកជញ្ជូន កំពុងតែធ្វើឲ្យជំនួយទាំងនោះ មានការយឺតយ៉ាវ មុនទៅដល់ដៃ ប្រជាជនរងគ្រោះ ដែលកំពុងតែត្រូវការជំនួយបន្ទាន់ ទាំងនោះ ជាចាំបាច់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៧:២៦
ចំនួនអ្នកស្លាប់កើនដល់៥៤៨៩នាក់ ផ្ទះរលំទាំងស្រុង ៥ម៉ឺនខ្នង៖
យោងតាមតួលេខផ្លូវការ ដែលផ្តល់ឲ្យដោយ មជ្ឈមណ្ឌលជាតិប្រតិបត្តិការបន្ទាន់ របស់នេប៉ាល់ បានបង្ហាញថា ចំនួនអ្នកស្លាប់ ដោយគិតមកត្រឹម ថ្ងៃព្រហស្បតិ៍ទី ៣០ មេសា នេះ មានចំនួន ៥៤៨៩នាក់។ សូមបញ្ជាក់ម្តងទៀត ថានេះគឺជាចំនួនបណ្តោះអាសន្ន ដែលគេបានស្រង់ស្ថិតិ ចាប់ពីថ្ងៃកើតហេតុមក។ ដូច្នេះ ចំនួននេះ អាចកើនឡើងបន្ថែមទៀត ទៅថ្ងៃខាងមុខ។ លោក Sushil Koirala នាយករដ្ឋមន្រ្តី នេប៉ាល់ ធ្លាប់បានបញ្ជាក់ដែរថា លោកបារម្ភណាស់ ថាចំនួនអ្នកស្លាប់ អាចនឹងឡើង ទៅដល់១ម៉ឺននាក់ឯណោះ។ នៅមានភូមិស្រុកច្រើនកន្លែងណាស់ ដែលគេមិនទាន់ទៅដល់ ហើយដែលចំនួនអ្នកស្លាប់ និងរបួសអាចមានច្រើន នៅតាមតំបន់ទាំងនោះ។ ចំណែកចំនួនអ្នករបួសវិញ មានចំនួន ប្រមាណជា ៨ពាន់នាក់ ទាំងស្រាលទាំងធ្ងន់ ដែលកំពុងតែត្រូវការការព្យាបាល។
ទាក់ទិននឹងតួលេខនៃការខូចខាតវិញ តាមតួលេខបណ្តោះអាសន្នដដែល គឺមានផ្ទះប្រមាណជា ៧ម៉ឺនខ្នង ដែលត្រូវបានបាក់រលំទាំងស្រុង ហើយប្រមាណជា ៥៣ម៉ឺនខ្នងទៀត បានរងការខូចខាត។ នេប៉ាល់ ដែលមានប្រជាជន ២៨លាននាក់ ក្នុងចំណោមនេះ មានប្រជាជនប្រហែលជា ៨លាននាក់ ដែលបានរងគ្រោះដោយផ្ទាល់ ពីការរញ្ជួយដី ដ៏កាចសាហាវនេះ។ ក្នុងចំណោមស្រុកទាំង ៧៥ នៅនេប៉ាល់ មានស្រុក ប្រមាណជា ៣៩ ដែលបានរងការខូចខាត ដោយការរញ្ជួយដី។
ជាការពិតណាស់ គ្មាននរណា អត់មិនអាណិតប្រជាជនណេប៉ាល់ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះបានទេ។ ប្រទេសធំៗជាច្រើន ដូចជាសហរដ្ឋអាមេរិក បានសន្យាជួយ ១០លានដុល្លារ ជប៉ុនផ្តល់ ៨លានដុល្លារ អូស្រ្តាលីផ្តល់ ៤លាន ៧សែនដុល្លារ និងន័រវែសសន្យាផ្តល់ឲ្យដល់ទៅជិត ១៧លានដុល្លារ ឯណោះ។ ចំណែកស្ថាប័នរបស់អង្គការសហប្រជាជាតិវិញ មូលនិធិអន្តរាគមន៍បន្ទាន់ បានផ្តល់ចំនួន ១៥លានដុល្លារ ហើយអង្គការស្បៀងអាហារពិភពលោក បានសន្យាផ្គត់ផ្គង់ស្បៀងអាហារ ជាច្រើនពាន់តោន សម្រាប់ ប្រជាជន។
ក្រៅពីជំនួយហិរញ្ញវត្ថុទាំងនេះ នៅមានអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដូចជាកាកបាទក្រហម អង្គការគ្រូពេទ្យគ្មានព្រំដែន ដែលធ្វើប្រតិបត្តិការសង្រ្គោះអ្នករបួស។ ប្រទេសបារាំង បានបញ្ជូន យន្តហោះពីរគ្រឿងហើយទៅដល់ប្រទេសនេប៉ាល ដែលជើងទីមួយ មានដឹកក្រុមសង្រ្គោះចំនួន ៥៥នាក់ និងសម្ភារៈបរិក្ខាពេទ្យប្រមាណជា ២៥តោន ហើយជើងទីពីរដែលទើបទៅដល់នេប៉ាល់នៅថ្ងៃព្រហស្បតិ៍ទី ៣០មេសា គឺមានដឹកសម្ភារៈសង្រ្គោះចំនួន២០តោន និងក្រុមអ្នកជំនាញសង្រ្គោះបន្ទាន់ ចំនួនជាង១០០នាក់។ គូរបញ្ជាក់ផងដែរថា មានប្រជាជនបារាំងច្រើនណាស់ ដែលជាប់នៅនេប៉ាល់។ តាមតួលេខ មាន ចំនួន ២២០៩នាក់ ដែលនៅរស់មានជីវិតនៅនេប៉ាល់ ហើយ២៨០នាក់ទៀត បាត់ខ្លួន មិនទាន់រកឃើញទេ។ យន្តហោះដឹកជំនួយបារាំង ទើបតែបានត្រឡប់មកវិញ ដោយមានដឹក ប្រជាជនបារាំង ចំនួន ២០៦នាក់ មកដល់ស្រុកវិញនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៣០មេសា នេះឯង។
កត្តាភូមិសាស្រ្ត ធ្វើឲ្យការដឹកជញ្ជូនជំនួយមានការយឺតយ៉ាវ៖
បើនិយាយជារួមទៅ ជំនួយមានច្រើនសម្រាប់នេប៉ាល់ ដែលក្រីក្រ ខ្វះមុខខ្វះក្រោយ គ្មានលទ្ធភាពប្រឈមមុខតែម្នាក់ឯង។ ប៉ុន្តែ បញ្ហាមានពីរធំៗ ដែលធ្វើមានការលំបាក ក្នុងការបែកចែកជំនួយទាំងនេះ ក៏ដូចជាចាត់ចែងការងាររបស់ក្រុមសង្រ្គោះ។
ទីមួយគឺ ដោយសារតែកត្តាភូមិសាស្ត្រតែម្តង។ នេប៉ាល់ ជាប្រទេសស្ថិតនៅលើជួរភ្នំហិមាល័យ ដែលមានភ្នំអេវើរ៉េស ជាភ្នំខ្ពស់ជាងគេលើលោកយើងនេះ។ ស្ថានភាពដី ដែលមានភ្នំខ្ពស់ៗ និងកន្លែងខ្លះមានទឹកកកទៀតផង បានបង្កជាឧបសគ្គក្នុងការធ្វើដំណើរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រោះរញ្ជួយដី បានបំផ្លាញ បណ្តាញ ផ្លូវថ្នល់ នឹងបណ្តាញទូរគមនាគមន៍ ដែលធ្វើឲ្យកាន់តែលំបាកមួយកម្រិតទៀត។ អ្នករាយការណ៍របស់ អង្គការសហប្រជាជាតិម្នាក់ បានបញ្ជាក់ប្រាប់ថា មានភូមិមួយចំនួន នៅដាច់ស្រយ៉ាល ត្រូវដើរទៅ ៥ថ្ងៃបានទៅដល់។ ដូច្នេះ ក្រុមការងារសង្រ្គោះ មានការលំបាកណាស់ ដើម្បីដឹកជំនួយស្បៀងអាហារ និងថ្នាំសង្កូវ ទៅជួយប្រជាជនទាំងនោះ។
អាជ្ញាធរនេប៉ាល់ អសមត្ថភាព ធ្វើការយឺតយ៉ាវ ចាត់ចែងកិច្ចការអាសន្នគ្មានប្រសិទ្ធិភាព៖
បញ្ហាទីពីរ គឺមកពីអាជ្ញាធរនេប៉ាល់តែម្តង ដែលគ្មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតប ទៅនឹងការគ្រប់គ្រង ចាត់ចែង តម្រូវការបន្ទាន់ទាំងអស់នេះ។ យើងពិបាកបន្ទោសដែរ ព្រោះម្នាក់ៗធ្វើទៅតាមអ្វី ដែលគ្នាអាចធ្វើទៅបាន។ អាជ្ញាធរនេប៉ាល់ គ្នាគ្មានការគ្រប់គ្រង និងចាត់ចែង ឲ្យបានត្រឹមត្រូវ ដូចប្រទេសជឿនលឿនផ្សេងទៀតទេ ដូច្នេះហើយបានជា ប្រឈមមុខជាមួយ គ្រោះអាសន្នដ៏ធំបែបនេះ ម្នាក់ៗស្លន់ស្លោ មិនដឹងត្រូវធ្វើអ្វីមុនទេ។ បញ្ហានេះ ហើយដែលធ្វើឲ្យការដឹកជញ្ជូន និងចាត់ចែង ជំនួយសង្រ្គោះ មានការយឺតយ៉ាវ រឺក៏មិនមានប្រសិទ្ធិភាព ទៅតាមអ្វីដែលចង់បាន។
ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ មានកើតចលាចលនៅក្រុង កាតម៉ាន់ឌូតែម្តង។ ប្រជាជន បាននាំគ្នា ខឹងសម្បារ នឹងអាជ្ញាធរដោយសារតែទ្រាំលែងបាន នឹងភាពយឺតយ៉ាវ ក្នុងការបំពេញការងារ។ អាជ្ញាធរបានសន្យាថា យករថយន្តធំៗមកដឹកប្រជាជនណា ដែលចង់ចេញ ពីតំបន់កាតម៉ាន់ឌូ។ មានប្រជាជនច្រើនណាស់ ដែលមកឈរចាំឡានមួយថ្ងៃវ៉ាល់ល្ងាច ប៉ុន្តែគ្មានឡានមកដឹកសោះ ដែលធ្វើឲ្យមានការតវ៉ា កើតចេញជាការប្រទូស្តរាយគ្នា។ នេះគ្រាន់ជាឧទ្ទាហរណ៍មួយ ដែលអាចបញ្ជាក់ បានពីភាពយឺតយ៉ាវ ក្នុងការបំពេញការងារ របស់អាជ្ញាធរជាតិនេប៉ាល់។
ដោយសារតែមិនមានលទ្ធភាពចាត់ចែង ឲ្យបានត្រឹមត្រូវនេះហើយ ទើបនៅថ្ងៃនេះ អ្នកនាំពាក្យរដ្ឋាភិបាលនេប៉ាល់ បានប្រកាសថាផ្អាកឈប់ទទួលជំនួយសិន ជំនួយដែលបានដឹកមកដល់នេប៉ាល់នាពេលនេះ គ្រប់គ្រាន់ល្មមហើយ។ តាមពិត ជំនួយជាស្បៀង ក៏ដូចជាក្រុមសង្រ្គោះ មានច្រើនក្រុមពេក ដែលធ្វើឲ្យនេប៉ាល់ល្វីងមុខ ចាត់ចែងមិនទាន់។ ហើយមួយទៀត ព្រលានយន្តហោះក្រុងកាតម៉ាន់ឌូ ដែលមានទំហំតូចស្រាប់ទៅហើយ ត្រូវខូចខាតមួយផ្នែកទៀតនោះ កំពុងជួបបញ្ហាកកស្ទះ មិនអាចអនុញ្ញតឲ្យយន្តហោះដឹកស្បៀង ចុះចតរហ័សនោះទេ។ ទាំងនេះ ទៀមទារឲ្យមានការធ្វើការទំនាក់ទំនងគ្នា ឲ្យបានម៉ត់ចត់ ចៀសវាង យន្តហោះមកដល់ហើយ រកកន្លែងចតមិនបាន។
យុវជនអាយុ១៥ឆ្នាំ ជាប់ក្នុងគំនរ៥ថ្ងៃ តែនៅរស់មានជីវិត៖
ការងារបន្ទាន់នាពេលនេះ គឺធ្វើយ៉ាងណា ស្រង់ស្ថិតិអ្នកបាត់ខ្លួន និងស្វែងរកអ្នករងគ្រោះដែលកំពុងតែជាប់គាំង ក្នុងគំនរបាក់បែក ឲ្យទាន់ពេលវេលា។ មានតំណឹងល្អ មួយនៅថ្ងៃព្រហស្បតិ៍ទី ៣០មេសា គឺក្រុមសង្រ្គោះ បានទាញយកយុវជនម្នាក់អាយុ១៥ឆ្នាំ ចេញពីគំនរថ្ម ហើយយុវជននេះ នៅមានជីវិតនៅឡើយ ៥ថ្ងៃក្រោយថ្ងៃរញ្ជួយដី។ នេះជាតំណឹងល្អមួយ ដែលផ្តល់កម្លាំងចិត្ត ដល់ក្រុមសង្រ្គោះ ក៏ដូចជាក្រុមគ្រួសារអ្នកបាត់ខ្លួន។ អ្នកជំនាញម្នាក់ បានបញ្ជាក់ថា តាមធម្មតា អ្នករងគ្រោះអាចនៅរស់បានពី ៧ ទៅ ៩ថ្ងៃ។ ដូច្នេះបើ ការងារនេះ ធ្វើទាន់ពេលវេលា គេអាចមានសង្ឃឹមជួយជីវិតមនុស្សបានច្រើនទៀត។
ជម្រកបណ្តោះអាសន្ន ទឹកស្អាត បង្គន់អណាម័យ និងជួសជុលបណ្តាញគមនាគមន៍ ជាបន្ទាន់៖
ការងារបន្ទាន់ចាំបាច់មួយទៀតនោះ គឺការផ្តល់ជាជំរកបណ្តោះអាសន្ន ដល់អ្នកដែលបាត់បង់ផ្ទះសម្បែង ព្រោះថា ខែនេះ នៅនេប៉ាល់ មានភ្លៀងច្រើនណាស់ ហើយអាកាសធាតុចុះត្រជាក់ខ្លាំងទៀតផង។ អង្គការសហប្រជាជាតិ បានប្រកាសថានឹង ផ្តល់ជាដំបូលតង់ដល់ប្រជាជនប្រមាណជា ៥សែនគ្រួសារ។ ក្រៅពីជម្រកបណ្តោះអាសន្ន ប្រជាជនដែលរស់នៅរប៉ាត់រប៉ាយតាមទីវាល កំពុងត្រូវការជាចាំបាច់ នូវទឹកស្អាត និងស្បៀងអាហារ។ បញ្ហាមួយទៀត ដែលត្រូវតែប្រយ័ត្នប្រយែងនោះ គឺបញ្ហាអនាម័យតែម្តង។ ប្រជាជនគ្មាន បង្គន់អនាម័យ ហើយគ្មានទឹកស្អាតប្រើបា្រស់ អាចនឹងងាយប្រឈមមុខ ជាមួយជម្ងឺឆ្លង ដូចជាជម្ងឺអាសន្នរោគជាដើម។
អង្គការសហប្រជាជាតិ បានប្រកាសស្វែងរកការឧបត្ថម្ភ ចំនួន ៤១៥លានដុល្លារ។ ការងារចាំបាច់បន្ទាន់ មួយទៀត គឺជួសជុល បណ្តាញផ្លូវថ្នល់ និងបណ្តាញទូរគមនាគមន៍ ដើម្បីឲ្យក្រុមសង្គ្រោះ ធ្វើដំណើរទៅបាន នៅតាមតំបន់ដាច់ស្រយ៉ាល ដែលប្រជាជន គ្មានទីពឹងអ្វីទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ