អានតួអត្ថបទ
នេប៉ាល់-រញ្ជួយដី

ម្ចាស់​ជំនួយ​ត្អូញ​ពី​ភាព​យឺតយ៉ាវ និង​សំណុំ​បែបបទ​ច្រើន​ជ្រុល​របស់​អាជ្ញាធរ​នេប៉ាល់

គ្រោះ​រញ្ជួយ​ដី​ដ៏​កាច​សាហាវ​ ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​នេប៉ាល់ ​កាល​ពី​ថ្ងៃ ​ទី ​២៥ ​មេសា​កន្លង​ទៅ ​បាន​សម្លាប់​មនុស្ស ​ចំនួន​ ជាង​៧ពាន់​នាក់​ហើយ ​បើ​យោង​តាម​តួលេខ​បណ្តោះ​អាសន្ន ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​ ៣​ឧសភា​នេះ។ ចាប់​ពី​នេះ​តទៅ ​អាជ្ញាធរ​នេប៉ាល់ ​បាន​ផ្តល់​អាទិភាព ​ដល់​ការ​បញ្ជូន​ជំនួយ​ស្បៀង​អាហារ ដល់​ប្រជាជន​ដែល​បាត់បង់​ផ្ទះ​សម្បែង​និង​រង​របួស​វិញ។ តែ​ទោះ​ជា​យ៉ាងណា ​ ក្រុម​អង្គការ​អន្តរជាតិ ​ដែល​បាន​បញ្ជូន​ជំនួយ​យ៉ាង​សន្ធឹក​សន្ធាប់​ ទៅ​ជួយ​នេប៉ាល់ ​បាន​ត្អូញត្អែរ​ថា ​ជំនួយ​ទាំង​អស់​ ត្រូវ​កកស្ទះ​នៅ​ក្នុង​ព្រលាន​យន្តហោះ ​ដោយសារ​តែ​អាជ្ញាធរ​នេប៉ាល់ ​ធ្វើ​ការ​ត្រួត​ពិនិត្យ​យឺតយ៉ាវ​ និង​ត្រូវ​បំពេញ​សំណុំ​បែបបទ​ ​ច្រើន​ជ្រុល​ហួស​ហេតុ។

ទាហាននេប៉ាល់ អង្គុយទម្រេតខ្លួនសម្រាក ពីលើគំនរតំបូួល​តង់ត៍ជំនួយ​បរទេស​សម្រាប់​ជនរងគ្រោះ​រញ្ជួយដី​ ដែល​ត្រូវទុក​ចាំ​នៅ​ក្នុង​ ព្រលានយន្តហោះ​
ទាហាននេប៉ាល់ អង្គុយទម្រេតខ្លួនសម្រាក ពីលើគំនរតំបូួល​តង់ត៍ជំនួយ​បរទេស​សម្រាប់​ជនរងគ្រោះ​រញ្ជួយដី​ ដែល​ត្រូវទុក​ចាំ​នៅ​ក្នុង​ ព្រលានយន្តហោះ​
ផ្សាយពាណិជ្ជកម្ម

ឈប់​រក​អ្នក​បាត់ខ្លួន មក​ជួយ​អ្នក​របួស​និង​អ្នក​គ្មាន​ផ្ទះ​សម្បែង​វិញ​ម្តង៖

កាល​ពី​ភ្លាមៗ ​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី ​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់​​ គឺ​ជួយ​កកាយ​យក​មនុស្ស​ដែល​ជាប់​ក្នុង​គំនរ​បាក់បែក ​មុន​នឹង​វា​យឺត​ពេល។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​គេ​គ្មាន​សង្ឃឹម​ថា​អ្នក​ដែល​នៅ​ជាប់​ក្នុង​គំនរ​អាគារ ​នៅ​មាន​ជីវិត​រស់​ទៀត​ទេ។ ហេតុ​ដូច​នេះ​ហើយ ​បាន​ជា ​អាជ្ញាធរ​នេប៉ាល់ ​បាន​ផ្លាស់ប្តូរ​ទិស​ដៅ ​គឺ​ធ្វើ​យ៉ាង​ណា ​ប្រមូល​កម្លាំង ​ដើម្បី​ដឹក​ជញ្ជូន​ជំនួយ​ទៅ​ជួយ​អ្នក​ដែល​នៅ​រស់​វិញ។

 
អ្នក​របួស​មាន​ច្រើន​ណាស់​ គឺ​ជាង ​១ម៉ឺន​៤ពាន់​នាក់។ ផ្ទះ​ដែល​រលំ​បាក់​ខ្ទេច​តែម្តង​នោះ ​មាន​ចំនួន​១៦ម៉ឺន​ខ្នង ​ឯណោះ។ ដូច្នេះ ​អ្នក​ដែល​គ្មាន​ផ្ទះ​សម្បែង​គឺ​ច្រើន​មែន​ទែន។ មួយ​វិញ​ទៀត​ នៅ​តាម​ភូមិ​ដាច់​ស្រយ៉ាល ​លើ​ភ្នំ​ខ្ពស់ៗ ​នៅ​មិនទាន់​មាន​ក្រុម​សង្រ្គោះ​ទៅ​ដល់​ទេ ​ដោយសារ​ផ្លូវ​ថ្នល់​ត្រូវ​ខូច​ខាត​ ហើយ​មាន​ភ្លៀង​ធ្វើ​ឲ្យ​រអិល​ទៀត។ ដូច្នេះ ​ប្រជាជន​នេប៉ាល់ ​ទាំង​អ្នក​របួស ​ទាំង​អ្នក​មិន​របួស​ កំពុង​រង​ចាំ​ជំនួយ ​ជា​បន្ទាន់។

ការងារ​បន្ទាន់​មានពីរ​ ​ក្នុង​ពេល​នេះ  ​គឺ ​ទីមួយ​ព្យាបាល​អ្នក​របួស ​ដែល​មាន​ចំនួន​ ជាង ​១ម៉ឺន​៤ពាន់​នាក់​  ​ហើយ​ទី​ពីរ ​គឺ​បញ្ជូន​ស្បៀង​អាហារ ​ដំបូល​តង់ត៍ ​និង​ទឹក​ស្អាត ​ដល់​អ្នក​ដែល​បាត់បង់​ផ្ទះ​សម្បែង បើ​សរុប​ទាំង​អស់ ​មាន​ច្រើន​លាន​នាក់​ណាស់។ អ្នក​ខ្លះ​ផ្ទះ​មិន​បាន​រលំ​មែន ​ប៉ុន្តែ ​គ្មាន​នរណា​ហ៊ាន​នៅ​ក្នុង​ផ្ទះ​ទេ ដោយសារ​វា​មាន​ស្នាម​ប្រេះ ​អាច​រលំ​សង្កត់​គ្រប់​ពេល​វេលា។ ដូច្នេះ​ហើយ​ហើយ​ បាន​ជា​គ្រប់​គ្នា នាំ​គ្នា​ មក​នៅ​តាម​ផ្លូវ ​តាម​ទីវាល ​ហាល​ភ្លៀង​ហាល​ខ្យល់។

បញ្ហា​ទឹក​ស្អាត ​និង​បង្គន់​អនាម័យ ​គឺ​ជា​រឿង​បន្ទាន់​សំខាន់​ណាស់ ​ព្រោះ​ថា​ បើ​គ្មាន​ទឹកស្អាត​ ​និង​បង្គន់​អនាម័យ​ប្រើប្រាស់ ​ប្រជាជន​ដែល​រស់នៅ​តាម​ទីវាល​ទាំង​អស់​នេះ ​ជា​ពិសេស​គឺ​ក្មេងៗ​តែ​ម្តង ​នឹង​ប្រឈមមុខ​នឹង​ជំងឺ​ឆ្លង ​ដូច​ជា​ជំងឺ​អាសន្នរោគ​ជា​ដើម។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា ​ជំនួយ​សង្រ្គោះ​ដល់​ប្រជាជន​ទាំង​នោះ ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត។ ប៉ុន្តែ​បើ​តាម​យើង​សង្កេត​មើល​ទៅ ​អាជ្ញាធរ​នេប៉ាល់ ​ចាត់ចែង​កិច្ចការ​ទាំង​នេះ ​មាន​ភាព​យឺតយ៉ាវ​និង​ត្រដាប​ត្រដួស​ណាស់។

កម្មករ​កំពុង​សែងជញ្ជូន​ជំនួយ​ យក​ចេញ​ពី​ឃ្លាំង​នៅព្រលានយន្តហោះ​ក្រុង កាតម៉ាន់ឌូ
កម្មករ​កំពុង​សែងជញ្ជូន​ជំនួយ​ យក​ចេញ​ពី​ឃ្លាំង​នៅព្រលានយន្តហោះ​ក្រុង កាតម៉ាន់ឌូ REUTERS

 
គយ​នេប៉ាល់​ឆែកឆេរ​ជំនួយ​យ៉ាង​តឹងរឹង ​ធ្វើ​ការ​យឺត ​ហើយ​ត្រូវ​បំពេញ​ឯកសារ​ច្រើន​ជ្រុល៖
ជំនួយ​បរទេស ​ដែល​មាន​ជា​អាទិ៍​ស្បៀង​អាហារ ​ថ្នាំពេទ្យ​ជា​ដើម​ ​មួយ​ចំនួន​ធំ​ត្រូវ​កក​កុញ ​ក្នុង​ព្រលាន​យន្តហោះ ​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជូន​ ​ទៅ​ចែក​ចាយ​នៅ​ឡើយ​ទេ។ លោក​ស្រី វ៉ាឡេរី អាម៉ូស ប្រធាន​ចាត់​ចែង​ក្រុម​បេសកកម្ម​មនុស្សធម៌​ របស់​អង្គការ​សហ​ប្រជាជាតិ​ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​បើ​នៅ​តែ​អញ្ចឹង​ទៀត ​ប្រជាជន​ដែល​កំពុង​តែ​រងចាំ​ជំនួយ ​ ច្បាស់​ជា​ត្រូវ​ដាច់​ពោះ​ស្លាប់​ជា​មិន​ខាន​ទេ។ លោកស្រី ​បាន​បញ្ជាក់​ថា ​ជំនួយ​បរទេស ​ដែល​មក​ដល់​តាម​យន្តហោះ ​ត្រូវ​បាន​គយ​នេប៉ាល់​ឆែកឆេរ ​យ៉ាង​តឹងរឹង ​ហើយ​ត្រូវ​បំពេញ​សំណុំ​បែបបទ ​និង​ឯកសារ​ច្រើន​ណាស់ ​ដែល​ទាំងអស់​នេះ​ហើយ​ ត្រូវ​ចំណាយ​ពេល​យូរ ​ព្រោះ​ថា ​ជំនួយ​មាន​មក​ពី​សឹង​តែ​គ្រប់​ប្រទេស ​ហើយ​មានច្រើន​តោន​ណាស់។

ខាង​អង្គការ​សហ​ប្រជាជាតិ  ​រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​ ដែល​កំពុងតែ​ធ្វើការ​នៅ​នេប៉ាល់ ​បាន​សំណូមពរ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​នេប៉ាល់ ​ថា ​សុំឲ្យ​ជួយ​សម្រួល​បញ្ហា​នេះ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជំនួយ​ឆាប់​បាន​ទៅ​ដល់​ដៃ​ ប្រជាជន​រង​គ្រោះ។ ខាង​រដ្ឋាភិបាល​នេប៉ាល់ ​បាន​សន្យា​ថា​នឹង ​កែរ​លម្អ​បញ្ហា​នេះ​ដែរ ​តែ​គេ​កំពុង​ចាំ​សង្កេត​មើល​ថា ​តើ​អាជ្ញាធរ​នេប៉ាល់​ នឹង​ធ្វើ​បាន​ដូច​សម្តី​ខ្លួន​ រឺ​យ៉ាង​ណា។

បន្ថែម​ពី​ការងារ​យឺតយ៉ាវ​របស់​អាជ្ញាធរ​នេប៉ាល់ ​នៅ​ព្រលាន​យន្តហោះ ​លោក​នាយក​ព្រលាន​យន្តហោះ ទើបតែ​បាន​ហាម​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ថា​យន្តហោះ​ដែល​មាន​ទំងន់​លើស ​១៩៦តោន ​គឺ​មិន​ឲ្យ​ចុះ​ចត​ទេ ​ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​ខូច​វាល​ចុះឡើង​របស់​យន្តហោះ  ​ដែល​កំពុងតែ​មិន​សូវ​មាំ​ស្រាប់​ទៅ​ហើយ ​ដោយសារ​ការ​រញ្ជួយដី។

អ្នក​ទេសចរណ៏​បរទេស​ស្លាប់ និងបាត់ខ្លួនច្រើន៖
គ្រាន់តែ​ភ្លាមៗ ​មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​រញ្ជួយ​ដី ​គេ​បាន​ផ្តល់​ដំណឹង​ថា ​មាន​អ្នក​ឡើង​ភ្នំ​ទឹកកក​ ១៨​នាក់​បាន​ស្លាប់ ​ដោយសារ​ផ្ទាំង​ទឹកកក​រមៀស​សង្កត់​លើ។ នៅ​ថ្ងៃ​នេះ​ដែរ ​គេ​បាន​រក​ឃើញ​សាកសព​មនុស្ស ​ចំនួន ៥១​នាក់​ទៀត ​ក្នុង​តំបន់​ភ្នំ​មួយ​ ឈ្មោះ​ថា ​តំបន់ ​Langtang។ ក្នុង​ចំណោម​នោះ ​មាន​៦នាក់​ ជា​ជន​បរទេស ​តែ​គេ​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​ ឈ្មោះ ​និង​សញ្ជាតិ​នោះទេ។ អ្នក​ផ្សេង​ទៀត ​អាច​ជា​អ្នក​ភូមិ ​និង​ក្រុម​មគុទេស​ទេសចរណ៍ ​ដែល​នាំ​ភ្ញៀវ​ទៅ​លេង​ម្តុំ​នោះ។

តំបន់​ Langtang​ ​នេះ ​ជា​តំបន់​នៅ​ក្បែរ​ចំណុច​ស្នូល​កណ្តាល​ ដែល​ផែនដី​ប្រេះ​រញ្ជួយ ​កាល​ពី​ថ្ងៃ​២៥​មេសា។ ហេតុ​ដូច្នេះ​ហើយ ​ទើប​បាន​ការ​ខូចខាត​ អាច​ធ្ងន់ធ្ងរ​ជាង​តំបន់​នានា។ បញ្ហា​លំបាក​ត្រង់​ថា ​តំបន់​នេះ​ ជា​តំបន់​ភ្នំ ​ដែល​មាន​កំពស់​ ពី​ ៣ពាន់​ ទៅ ​៥ពាន់​ម៉ែត្រ​ឯណោះ។ អ្នក​ទេសចរណ៍​បរទេស​ ដែល​ជា​អ្នក​ចូលចិត្ត​ដើរ​ឡើង​ភ្នំ  ​គេ​ចូលចិត្ត​តំបន់​នេះ​ណាស់។ នៅ​កន្លែង​ដែល​គេ​រក​ឃើញ​សាកសព​មនុស្ស​ទាំង ៥១​នាក់ នៅ​មាន​បរទេស​ជាង​មួយរយ​នាក់​ទៀត​បាត់​ខ្លួន។ ក្រៅ​ពី​នោះ ​គេ​បាន​ជួយ​សង្គ្រោះ​មនុស្ស ​៣៥០​នាក់ ​ដែល​ពាក់​កណ្តាល​ សុទ្ធសឹង​ជា​ពួក​ទេសចរណ៍​អ្នក​ដើរ​ភ្នំ។

គិត​មក​ត្រឹម​ពេល​នេះ ​មាន​អ្នក​ទេសចរណ៍​បរទេស ​ចំនួន​៥៤​នាក់ ​ដែល​បាន​ស្លាប់​នៅ​នេប៉ាល់ ​ហើយ​ដែល​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​បាន​ត្រឹមត្រូវ។ ប៉ុន្តែ​ នៅ​មាន​ពួក​ទេសចរណ៍​អ្នក​ដើរ​​ភ្នំ​ ច្រើន​​នាក់​ណាស់​ដែល​បាត់​ខ្លួន។ ភាគ​ច្រើន​ ​ជា​ជនជាតិ​អឺរ៉ុប ​ដែល​តាម​ការ​ស្មាន​ ប្រហែល​ជា​ជាង​១ពាន់​នាក់។ គ្រាន់​តែ​ជា​​ជនជាតិ​បារាំង​ ដែល​បាត់ខ្លួន​នៅ​នេប៉ាល់​ មាន​១៥៩​នាក់។ ជនជាតិ​បារាំង​ដែល​គេ​ដឹង​ថា​ស្លាប់​ប្រាកដ​នោះ ​មាន​បួន​នាក់​ហើយ ​ប៉ុន្តែ​ចំនួន​នេះ​ អាច​កើន​ឡើង​ទៀត​ ព្រោះ​ថា ​ពួកគេ​បាត់​ខ្លួន​ ជិត​១០ថ្ងៃ​ហើយ​ ​ដូច្នេះ​សង្ឃឹម​រស់​ មាន​តិច​ណាស់៕

ប្រជាជនក្នុង​ភូមិ​ដាច់ស្រយាល​នៅលើភ្នំ​ត្រូវ បានអាជ្ញាធរជម្លៀស​តាមឧត្ថម្ភាគចក្រ​
ប្រជាជនក្នុង​ភូមិ​ដាច់ស្រយាល​នៅលើភ្នំ​ត្រូវ បានអាជ្ញាធរជម្លៀស​តាមឧត្ថម្ភាគចក្រ​ REUTERS

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ